adverise with khmeread Unnamed %282%29

កម្លាំង​ដោះមីន កងវិស្វកម្ម​យោធភូមិភាគ​ទី ​៥ បាន​រុករក និង​កម្ទេច​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ១៣៩​ គ្រាប់ (​មាន​វីដេអូ​)

    ពោធិ៍សាត់ ៖ នៅក្នុង​អំឡុង​ខែវិច្ឆិកា គិត​ត្រឹម​ថ្ងៃទី​២២​នេះ កម្លាំង​ដោះមីន នៃ​វរៈ​វិស្វកម្ម​យោធភូមិភាគ​ទី​ ៥ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ចុះ​ប្រមូល និង​កម្ទេចចោល គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​ចំនួន ​១៣៩​ គ្រាប់ នៅតាម​សងខាង​ផ្លូវជាតិ​លេខ​៥៥ ក្នុង​ឃុំ​ប្រ​ម៉ោ​យ ដែល​គ្រាប់​ទាំងអស់នោះ សុទ្ធសឹង​ជា​គ្រាប់​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​។​

    ប្រតិបត្តិ​ការកម្ទេច​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ខាងលើនេះ ធ្វើឡើង​នៅ​រសៀល ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ខាងកើត​ស្ពាន​អូរ​សំឡាញ ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

    លោក ធាង ឡេង អធិការ​ប៉ូលិស​ស្រុក​វាលវែង បានឱ្យដឹងថា ក្នុងអំឡុង​ខែវិច្ឆិកា គិត​ត្រឹម​ថ្ងៃទី​២២​នេះ កម្លាំង​ប៉ូលិស​របស់លោក និង​កម្លាំង​ដោះមីន នៃ​វរៈ​វិស្វកម្ម​យោធភូមិភាគ​ទី​៥ បាន​ប្រមូល​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅតាម​សងខាង​ផ្លូវជាតិ​លេខ​៥៥ ក្នុង​ឃុំ​ប្រ​ម៉ោ​យ ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​បាន​ចំនួន ១៣៩ ​គ្រាប់ មានដូចជា​៖ មីន ​PMN2 ចំនួន ១១៦ ​គ្រាប់ និង​មីន ​TM ចំនួន ២៣ ​គ្រាប់​។​

    លោក​អធិការ​បាន​បន្តថា ក្រោយពេល​ប្រមូលបាន​ហើយ​នោះ យើង​បាន​កម្ទេចចោល​នៅ​ចំណុច​ខាងកើត​ស្ពាន​អូរ​សំឡាញ ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ កាលពី​វេលា​ម៉ោង​១ រសៀល​មុននេះ ហើយ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ បើ​មាន​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប្រភេទ​ណាក៏ដោយ ត្រូវ​រាយការណ៍ ជាបន្ទាន់​ទៅ​កម្លាំង​មាន​សមត្ថកិច្ច ដើម្បី​យកទៅ​កម្ទេចចោល ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ៕​

 

adverise with khmeread

មតិយោបល់