adverise with khmeread Unnamed %283%29

តុលាការ​សម្រេច​ប​ញ្ជូន​ក្មេង​ទំនើង​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ​

    ភ្នំពេញ ៖ នៅ​ទីបញ្ចប់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នុំពេញ បានសម្រេច​កាលពី​ព្រឹក​ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ ២០១៦ បញ្ជូន​យុវជន​ទំនើងដែល​សម្លុត​ដោយ​សម្ដី​អសុរ​ស​ទៅលើ​មេបញ្ជាការរង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទៅកាន់​មណ្ឌល​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ​ ​ក្រោម​បទចោទប្រកាន់​"​ប្រើប្រាស​គ្រឿងញៀន" ​ដោយ​ពុំបាន​ចោទប្រកាន់​នូវ​បទល្មើស​ព្រហ្មទណ្ឌ​ណា​ផ្សេង​ទេ។​

    នេះ​បើតាម​សេចក្ដីរាយការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បានបញ្ជាក់​ឱ្យ​អ្នកសារព័ត៌មាន​បានដឹង​នា​វេលា​ម៉ោង​១២​ និង​៣០​នាទី ថ្ងៃទី២២ វិច្ឆិកា​នេះ។​

    កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៦ លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នុំពេញ បាន​បញ្ចប់​ការសាកសួរ​លើ​ក្មេង​ទំនើង​ដែល​សម្លុត ​និង​ប្រើ​សម្ដី​មិន​សម​រម​លើ​មេបញ្ជាការរង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រួចហើយ តែ​មិនទាន់មាន​ការសម្រេច​ចោទប្រកាន់បែបណា​ទេ ដោយ​តំណាង​អយ្យការ​បានប្រគល់​ជនសង្ស័យ​ទៅឱ្យ​សមត្ថកិច្ច​គ្រប់គ្រង​បណ្ដោះអាសន្ន​សិន។ ​លុះដល់​ព្រឹក​ថ្ងៃទី២២ ​វិច្ឆិកា​នេះ ​ទើប​មានការសម្រេច​ជា​ផ្លូវការ​ក្នុងការ​ចោទប្រកាន់​ពីបទ ​"​ប្រើប្រាស​គ្រឿងញៀន​"​ វិញ។​

    យុវជន​ឈ្មោះ ចាន់ សោភា អាយុ២៣​ឆ្នាំ ជា​យោធា និង​ជា​កូន​អា​សំណព្វ​របស់លោក​វេជ្ជបណ្ឌិត​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ភ្លាម ក្រោយពី​លោកឧត្ដមសេនីយ៍ឯក ន​ន្ទ សុខា មេបញ្ជាការរង អាវុធហត្ថ លើផ្ទៃប្រទេស បានប្រញាប់ហៅកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឱ្យ​ចេញមកជួយអន្តរាគមន៍ភ្លាមៗ។​

    បន្ទាប់ពីត្រូវក្មេងស្ទាវទំនើងម្នាក់ បានបើករថយន្តលុចស៊ីស ៤៧០ រ៉ឺយ៉ែថយបុកប៉ះរថយន្តរបស់គាត់ ហើយក្មេងទំនើងរូបនោះ បានប្រើពាក្យសម្ដី (ហ្អែង អញ) ដាក់គាត់បង្កឱ្យមាន​ការភ្ញាក់ផ្អើលកាលយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខាងមុខហាងហាក់សែស្ថិតខាងជើង ផ្សារធំថ្មីក្នុង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។​

    ក្មេងស្ទាវដែល បានប្រើពាក្យសម្ដីមិនសមរម្យទៅលើមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស លោក​ផ្កាយ​៣​​ នន្ទ សុខា ដោយស្រែកថា «ហ្អែងដឹងថា អញកូននរណាអត់?» ត្រូវបានស្គាល់ថា គឺជាកូនប្រុសលោកវេជ្ជបណ្ឌិត (Doctor) ស្នាក់នៅខណ្ឌសែនសុខ និងរូបគេជាមន្ត្រីយោធាផងដែរដែលមាន គណនី Facebook ឈ្មោះ «Ya Ko Sa (Me Phea)»។​

    លោកឧត្ដមសេនីយ៍ឯក ន​ន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា មុនពេលកើតហេតុគាត់ជិះរថយន្តម៉ាកវីហ្គោដោយមានអង្គរក្សគាត់ជាអ្នកបើកបរ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរបស់ជនបង្កនោះម៉ាកលុចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២I ២៣ ៥៥ ដែលបើករ៉ឺយ៉ែចេញពីខាងមុខហាងលក់ទូរស័ព្ទ (ហាក់សែ) ដែលមាននារីវ័យក្មេងម្នាក់ទៀតរួមដំណើរជាមួយផង។​

    ពេលនោះក៏ប៉ះរថយន្តរបស់លោកហើយលោកក៏ចុចស៊ីផ្លេស្រាប់តែជន ដែលមានអាយុជាង ២០ ឆ្នាំ នោះ ចុច កញ្ចក់ហើយស្រែកមកលោកថា «ឡានអញបុកឡានហ្អែងនៅ បើបុកអញ សងហ្អែងដឹងថាអញជាកូននរណាគេទេ? ចាំមើលអញបើកបុកហ្អែង!»។​

    មិនទាន់ស្រែកចប់ផងស្រាប់តែ ជននេះបានបើករថយន្តទៅបុកលោក និងអង្គរក្សមួយទំហឹងតែសំណាងល្អ លោកលោតទាន់ហើយ បើករត់វាងផ្សារធំថ្មី ១ ជុំ។​

    ពេលនោះលោកបើករថយន្តដេញតាមរហូតទាន់នៅម្តុំខាងកើតផ្សារធំថ្មីខាងមុខហាងបាយ ហ្សុ​ង កុង ហើយលោកក៏ដកកាំភ្លើងភ្ជង់រួចកម្លាំងអាវុធហត្ថខណ្ឌ ទៅដល់ក៏ឃាត់យកទៅខណ្ឌភ្លាមៗតែម្តង។​

    លោក ឧត្ដមសេនីយ៍ឯក នន្ទ សុខា បានបន្តទៀតថា ពាក់ព័ន្ធនឹងរឿងហេតុនេះផងដែរ លោកបានអំពាវនាវ និងទទូចថាសូមកុំឱ្យមានការអន្តរាគមន៍ឱ្យសោះ, សូមទុកឱ្យសមត្ថកិច្ច និងតុលាការចាត់ការតាមនីតិវិធីច្បាប់ចុះ។​

    លោក ថោង​ ពិសិដ្ឋ មេបញ្ជាការ អាវុធហត្ថ ខណ្ឌដូនពេញ បានបញ្ជាក់ថា រឿងហេតុនោះក្រោយពីកម្លាំងបានឃាត់យុវជនទំនើងមកដល់ទីបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ រួចមកក៏ប្រញាប់បញ្ជូនបន្តទៅ ចាត់ការបន្តទៀតនៅទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ។​

    បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​ក្មេង​ទំនើង​ឈ្មោះ ចាន់ សោភា កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ គេ​ឃើញ​បុរស​ម្នាក់​អះអាងថា​ជា​ឪពុករបស់​ក្មេង​ទំនើង​នោះ​ចេញមុខ​មក​បង្ហោះ​ក្នុង​ហ្វេ​ស​បុក​យំ​យែង​ស្រែកប្រាប់​ពិភពលោក​​ ដើម្បី​ការពារ​ភាព​ច្រឡោងខាម​របស់​កូន​គាត់។​ ហើយ​ថែមទាំង​គំរាមធ្វើអត្តឃាត​ដោយ​ភ្ជាប់​មក​នូវ​រូបភាព​ដាវ កាំបិត​បុ័ងតោ​គគ្រឹកគគ្រេង​ខ្លាំងក្លា​ណាស់ បើ​សមត្ថកិច្ច​តុលាការ​មិន​លើកលែង​ឱ្យ​កូន​គាត់។​

    នៅលើ​ផែនដី​ហ្នឹង​មាន​វេជ្ជបណ្ឌិត​បែបនេះ​ប៉ុន្មាន​នាក់​ទៅ​ន៎​!។ រៀនសូត្រ​ចេះដឹង​មួយ​​គំនរ មក​ល្ងង់​មួយពេល ខ្មាស​គេ​តិច​អី លោក​ដុក​ទ័​រ?!?


 

adverise with khmeread

មតិយោបល់