adverise with khmeread 1

ចាប់បាន​ចោរលួច​ម៉ូតូ​ម្នាក់​...​ប៉ូលិស​កំពុង​ស្វែងរក​ម្ចាស់ម៉ូតូ​​មក​ដាក់​ពាក្យបណ្តឹង​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បានទទួល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​កម្លាំង​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃទី​២២​ ​វិច្ឆិកា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​យប់មិញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សៅ គ្រី ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង   សង្កាត់ បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពីបទលួច​យក​ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ហុងដា​សេ​១១០ ពណ៌ខ្មៅ សេរី​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT 5622 កាលពី​ថ្ងៃទី​២២ ​វិច្ឆិកា​ ២០១៦ វេលា​ម៉ោង​៥​ និង​៣០​នាទី នៅ​ចំណុច​សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មិន​ស្គាល់​អត្តសញ្ញាណ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​។ ក្នុងនោះ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង ម៉ូតូ​០១​ គ្រឿង​ម៉ាក​ហុងដា​សេ​១១០ ពណ៌​ខ្មៅ សេរី​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1BT-5622 លេខ​តួ​+​ម៉ាស៊ីន ៨០១៨១២៥។​

    ក្រៅពីនោះ​សមត្ថកិច្ច​ដកហូត​បាន៖ កាំភ្លើងខ្លី​ជ័រ ០១​ដើម, ដែក​តាន់​រាង​អក្សរ​អ៊ិ​ល​ចំនួន​០១, ដែក​មុខស្រួច​រង្វង់​ចិញ្ចៀន​លេខ​៨​ចំនួន០១, ​ដែក​លួច​ទំ​ពក់​ចំនួន ០៣ ​កំណាត់, ​ដង្កាប់​ដែក​ចំនួន ០១, ដែក​ដង្កៀប​ចំនួន ០១,​ កាបូបស្ពាយ​ពណ៌ខ្មៅ​ចំនួន ០១ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ០៦ សន្លឹក។​

    បច្ចុប្បន្ន​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់