Unnamed %282%29

វ៉ៃខ្នោះ​ជនសង្ស័យ​ម្នាក់ ឆក់​កាបូប​ជនជាតិ​ចិន​ ២ ​នាក់​ប្តី​ប្រពន្ធ​

    ភ្នំពេញ ៖ កម្លាំង​ល្បាត​របស់​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​២ និង​ផ្សារ​ដេប៉ូ​ទី​៣ បាន​ឃាត់ខ្លួន​ជនសង្ស័យ​១ នាក់​ជាក់ស្តែង ពីបទ​ឆក់​កាបូប​ជនជាតិ​ចិន​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​៦០០ ផ្លូវ​លេខ​១២៨ ក្រុមទី​១៦ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ស៊ីម សុផល ហៅ តឿ ភេទប្រុស អាយុ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

    ជនរងគ្រោះ​ពុំ​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ ប្រហែល៣០​ឆ្នាំ ជនជាតិ​ចិន (ពុំបាន​ដាក់ពាក្យ​បណ្តឹង​ទេ)។ វត្ថុតាង​ដែល​បាន​ចាប់យក ម៉ូតូ​មួយគ្រឿង​ម៉ាក Honda C125 ពណ៌​ខ្មៅ ស៊េរី២០១៧ គ្មាន​ស្លាក​លេខ មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 9689700 ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ប្រើប្រាស់​ក្នុង​ការធ្វើសកម្មភាព។

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ប្រុស​ស្រី ​២ ​នាក់ ជា​ជន​ជាតិចិន បាន​ជិះ​រ៉ឺម៉ក​ម៉ូតូកង់​បី ចេញពី​ស្តុ​ប​សន្ធរម៉ុក ធ្វើដំណើរ​តាមផ្លូវ​លេខ១២៨ ពី​លិច​មក​កើត។

    លុះ​មកដល់​ចំណុចកើតហេតុ​រ៉ឺម៉ក​ម៉ូតូ បាន​ឈប់ ជនរងគ្រោះ​ប្រុស​បាន​ចុះ​ពីលើ​រ៉ឺម៉ក ​ពេលនោះ​ជនសង្ស័យ​បាន ទៅធ្វើ​សកម្មភាព​ឆក់យក​កាបូប​នោះ បានសម្រេច​ជិះ ម៉ូតូ​ព្យាយាម​គេចខ្លួន​បាន​ប្រហែល៣​ម៉ែត្រ ត្រូវបាន​អ្នកដំណើរ​តាមផ្លូវ​ឃើញ ក៏បាន​ធាក់​ម៉ូតូ​ជនសង្ស័យ​ដួល ពេលនោះ​ជនរងគ្រោះ​បាន​ស្ទុះ​ទៅយកកាបូប​វិញ ហើយ​ឡើង​ជិះ​រ៉ឺម៉ក​ម៉ូតូ​កង់​បី ជិះ​ចេញ​បាត់​ដោយ​ពុំបាន​ដាក់ពាក្យ​បណ្តឹង​ទេ។

    ចំណែក​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជាក់ស្តែង​តែម្តង។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវច្បាប់៕

មតិយោបល់