ការថ្លោះធ្លោយ "ទាត់បាល់ខុសគោលដៅនៅចំពោះមុខទីដ៏អាក្រក់បំផុត" ជារឿយៗយើងតែងតែបានប្រទះឃើញ មិនថាឡើយសូម្បីតែតារាបាល់ទាត់ល្បីៗក៏ធ្លាប់ឆ្លងកាត់នឹងរឿងដ៏អាក្រក់បែបនេះផងដែរ ប៉ុន្តែការធ្លោយមួយនេះពីតារាបាល់ទាត់មួយរូបមកពីលីកលំដាប់ទីបួនរបស់ប្រទេសសែប៊ី គឺប្រហែលជាការភ្លាត់ស្នៀតដ៏អាក្រក់បំផុតប្រចាំទសវត្សរ៍ដែលអ្នកមិនធ្លាប់ឃើញនោះឡើយ។
ដោយបានកើតឡើងក្នុងលីក Belgrade Zone League ដែលជាលីកលំដាប់ទីបួនក្នុងតំបន់របស់សែប៊ី កីឡាករដែលមិនត្រូវបានបញ្ចេញឈ្មោះម្នាក់នេះ ជាក់ស្តែងយើងអាចឃើញគាត់អាចស៊ុតបញ្ចូលទីសម្រាប់ក្រុមរបស់គាត់បាន ១០០%។
បន្ទាប់ពីគ្រាប់បាល់ត្រូវបានបញ្ជូនទៅតំបន់ខាងលើ ខ្សែប្រយុទ្ធរូបនេះ ពិតជាបានដាក់សម្ពាធដ៏ធ្ងន់ធ្ងរ ទៅលើកីឡាករម្នាក់ដែលបានបិទរូបគាត់ ដោយគាត់បានបង្ខំខ្សែការពាររូបនោះបោះបាល់សំដៅទៅកាន់អ្នកចាំទី ដែលជាឱកាសដែលគាត់ដណ្តើមបាល់នោះបានមកវិញ។
ខ្សែប្រយុទ្ធរូបនោះបានរត់ឆ្លងកាត់អ្នកចាំទីជាមួយនឹងគ្រាប់បាល់នៅនឹងជើង និងបានរត់សំដៅទៅកាន់សំណាញ់ទីយ៉ាងងាយស្រួល ដែលបាល់មួយគ្រាប់នោះគាត់សឹងតែអាចដើរបញ្ចូលទីក៏បានដែរ។
ប៉ុន្តែទោះជាយ៉ាងណាក្តី ផ្ទុយពីការគិតដ៏ធូររលុង ជាអកុសលខ្សែប្រយុទ្ធរូបនោះបានធ្វើឱ្យបាល់មួយគ្រាប់នោះខកទៅវិញ ដោយគាត់ទាត់ខុសបច្ចេកទេសប៉ោងបាល់ចេញទៅក្រៅគួរឱ្យស្តាយជាទីបំផុត៕
