adverise with khmeread Untitled 1

ល្បិចរបស់អ្នកជំនួញម្នាក់នេះ ធ្វើឱ្យកើតស្វាពេញមួយភូមិដោយឥតដឹងខ្លួន

    ​តើ​លោកអ្នក​កំពុង​ឆ្ងល់​ថា​តើ​ទីផ្សារ​ហិរញ្ញវត្ថុ​គេ​ដំណើរការ​របៀប​ម៉េច​? សាច់រឿង​ខ្លី​នេះ​អាច​ពន្យល់​យ៉ាងច្បាស់​ថា​គេ​ធ្វើ​អ្វីខ្លះ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​។ 

​    ​គ្រាមួយ​មាន​អ្នកជំនួញ​ម្នាក់​បង្ហាញមុខ​ក្នុងភូមិ​រួច​ប្រកាស​ឱ្យ​អ្នកស្រុក​លក់ស្វា​ឱ្យ​គាត់​ក្នុងតម្លៃ ១០ ដុល្លារ​ក្នុង​មួយ​ក្បាល​។ 

​    ​ដោយ​មើលឃើញ​ស្វា​ច្រើន​នៅ​ជុំវិញ​ភូមិ ប្រជាជន​ក៏បាន​នាំគ្នា​ចេញទៅ​ក្នុងព្រៃ​ក្បែរ​ភូមិ​ដើម្បី​ចាប់​ស្វា​យកមក​លក់​។ 

​    ​អ្នកជំនួញ​នោះបាន​ទិញ​ស្វា​រាប់ពាន់​ក្បាល​ក្នុងតម្លៃ ១០ ដុល្លារ​ក្នុង​មួយ​ក្បាល ហើយ​ខណៈដែល​ការផ្គត់ផ្គង់​ស្វា​កាន់តែ​ថមថយ អ្នកភូមិ​ក៏​ឈប់​នាំគ្នា​ដើរ​ចាប់​ស្វា​។ ហើយ​អ្នកជំនួញ​នោះ​ក៏​ចេញមក​ប្រកាស​ម្តង​ទៀតថា​គាត់​នឹង​ទិញ​ស្វា​ក្នុងតម្លៃ ២០ ដុល្លារ​ក្នុង​មួយ​ក្បាល​។ អ្នកភូមិ​ឮ​បែប​នោះ​ក៏​ចាប់ផ្តើម​ប្រឹងប្រែង​ដើររក​ចាប់​ស្វា​មក​លក់​សាជាថ្មី​។ 

​    ​មិនយូរប៉ុន្មាន​ចំនួន​ស្វា​ចាប់ផ្តើម​ថយចុះ ហើយ​អ្នកភូមិ​ក៏​ចាប់ផ្តើម​នាំគ្នា​ត្រឡប់​ទៅធ្វើ​ស្រែ​វិញ​។ អ្នកជំនួញ​នោះ​ប្រកាស​ម្តង​ទៀតថា​នឹង​ទិញ​ស្វា​ក្នុង​មួយ​ក្បាល ២៥ ដុល្លារ​។ អ្នកភូមិ​បាន​និយាយថា ស្វា​ឥឡូវរ​កមួយ​ក្បាល​ពុំមាន​ផង បើ​ចង់បាន​ស្វា​សូម​អញ្ជើញ​ចូល​ព្រៃ​រក​ចាប់​ខ្លួនឯង​ចុះ​!

​    ​ឮ​ដូច្នោះ អ្នកជំនួញ​បានប្រកាសថា គាត់​នឹង​ទិញ​ស្វា​មួយ​ក្បាល ៥០ ដុល្លារ​! ប៉ុន្តែ​ដោយសារ​គាត់​ជាប់រវល់​កិច្ចការជំនួញ​នៅ​ទីក្រុង គាត់​បានប្រគល់​ភារកិច្ច​ទិញ​ស្វា​ទៅ​ជំនួយការ​ជំនិត​របស់គាត់​។ 

​    ​ដោយ​បាត់​វត្តមាន​របស់​ចៅហ្វាយ ជំនួយការ​នោះបាន​ប្រាប់​អ្នកភូមិ​ថា "​មើល​ស្វា​ក្នុង​ទ្រុង​ធំៗ​ទាំងនេះ​ចុះ ថៅកែ​ខ្ញុំ​ទិញ​ពី​បងប្អូន​។ ខ្ញុំ​នឹង​លួច​ស្វា​ទាំងនេះ​លក់​ឱ្យ​បងប្អូន​វិញ​ក្នុងតម្លៃ ៣៥ ដុល្លារ ហើយ​ពេល​ថៅកែ​ខ្ញុំ​មកពី​ទីក្រុង​វិញ បងប្អូន​អាច​លក់ស្វា​ទាំងនេះ​ឱ្យ​គាត់​ក្នុងតម្លៃ ៥០ ដុល្លារ​ក្នុង​មួយ​ក្បាល ដឹង​តែ​ចំណេញ​កប់​ពពក​ហ្មង​"​។ 

​    ​អ្នកភូមិ​ឮដូច្នេះ ក៏​ប្រមូល​អស់ទ្រព្យ​សម្បត្តិ​ដែល​បាន​សន្សំ យកមក​ទិញ​ស្វា​ទាំងនោះ​អស់រលីង​ពី​ទ្រុង​។ 

​    ​ចាប់តាំងពី​ពេល​លក់ស្វា​អស់ពី​ទ្រុង​មក អ្នកភូមិ​មិនដែល​ឃើញ​បុរស​ទាំងពីរ​នាក់​នោះ​ត្រឡប់មក​ភូមិ​វិញ​ឡើយ ហើយ​ក្នុងភូមិ​ឃើញ​សុទ្ធតែ​ស្វា​គ្រប់​ទីកន្លែង​!

​    ​ឥឡូវ​លោកអ្នក​ប្រហែលជា​យល់ច្បាស់​ហើយ​ថា​តើ​ទីផ្សារ​ហ៊ុន​គេ​លេង​របៀប​ម៉េច គឺ​គេ​លេង​តាមរបៀប​ជំនួញ​ស្វា​នេះឯង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់