ចិញ្ចឹមប្រធានាធិបតីអាមេរិក និងគ្រួសារទីមួយគឺមិនមែនជាការងារងាយស្រួលនោះទេ។ ហើយប្រសិនបើអ្នកមិនធ្លាប់បានឮរឿងទាំងនេះទេ មកជួបនឹងស្ត្រីជនជាតិហ្វីលីពីនម្នាក់ដែលបម្រើម្ហូបអាហារដល់ប្រធានាធិបតីលោក Obama និងគ្រួសាររបស់គាត់អស់រយៈពេល ១០ ឆ្នាំ។
អ្នកស្រី Cristeta Pasia Comerford គឺជាមេចុងភៅស្រីអាស៊ីទីមួយរបស់សេតវិមាន។ អ្នកស្រី Comerford ត្រូវបានជ្រើសរើសមកកាន់តំណែងនេះដោយជំទាវទីមួយ Laura Bush កាលពីថ្ងៃទី ១៤ ខែសីហា ២០០៤។ អ្នកស្រីបានទទួលការទុកចិត្តពីមេចុងភៅមុនគឺលោក Walter Scheib III ដែលបានជ្រើសរើសគាត់ដំបូងធ្វើជាជំនួយការមេចុងភៅរបស់គាត់សម្រាប់រដ្ឋការលោក Clinton។
កាលពីខែមករា ឆ្នាំ ២០០៩ អ្នកស្រីត្រូវបានតែងតាំងដោយជំទាវទីមួយ Michelle Obama សម្រាប់ក្ដីស្រឡាញ់របស់គាត់ និងផ្ដោតលើអាហារសុខភាពសម្រាប់គ្រួសាររបស់ត្រកូល Obama។ នេះបើយោងតាមវេបសាយ Food Network។
Comerford មានដើមកំណើតមកពី Sampaloc ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ គាត់បានបញ្ចប់វិទ្យាល័យនៅវិទ្យាល័យ Manila Science High Shcool។ ក្រោយមកគាត់បានចូលរៀនសាកលវិទ្យាល័យហ្វីលីភីន ជាកន្លែងដែលនាងបន្តយកសញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រក្នុងជំនាញបច្ចេកវិជ្ជាម្ហូបអាហារ។ យ៉ាងណាមិញ អ្នកស្រីមិនបានទទួលសញ្ញាប័ត្រទេ ដោយសារគាត់ចេញទៅរស់នៅប្រទេសអាមេរិកពាក់កណ្ដាលឆ្នាំសិក្សា។
អ្នកស្រីបាននិយាយថា "គ្រួសារខ្ញុំបានទៅរស់នៅ Chicago ក្នុងឆ្នាំ ១៩៨៣។ ការងារដំបូងរបស់ខ្ញុំគឺជាអ្នកលក់ញាំបន្លែនៅហាងមួយ។ នៅពេលនោះខ្ញុំប្រឹងធ្វើការណាស់ ហើយវាមិនមែនជាកាងារសំខាន់ ឬជាអ្វីខ្ញុំដែលត្រូវការនោះទេ"។
ទោះជាយ៉ាងណាក្ដី អ្នកស្រីដឹងថាគាត់នៅក្មេង ហើយចង់មានអនាគតត្រចះត្រចង់ជាងនេះ។
យោងតាមកាសែត Wall Street អ្នកស្រីបានធ្វើការដំបូងក្នុងទីក្រុង Chicago នៅសណ្ឋាគារដូចជា Sheraton និង Hyatt Regency នៅក្បែរព្រលានយន្តហោះ O’Hare airport។
គាត់បានប្រាប់ CNN ថា គាត់ទទួលស្គាល់ថាការងាររបស់គាត់គឺលើសពីការចម្អិនអាហារទៅទៀត។
គាត់និយាយថា "ខ្ញុំគិតពីជំនាញរបស់ខ្ញុំ និងប្តេជ្ញាថា អ្នកត្រូវតែក្លាយជាមេចុងភៅក្នុងសេតវិមានដ៏ពូកែ។ ប៉ុន្ដែទន្ទឹមនោះដែរ ការតាំងចិត្ត និងការយកអាសាមិត្តរួមការងារក៏ជាការរួមចំណែកមួយជ្រោមជ្រែងយើងទៅដល់គោលដៅដែរ។ នៅថ្ងៃចុងក្រោយ មិនថាអ្នកធ្វើអ្វីឬធ្វើបេសកកម្មអ្វីនោះទេ អ្នកនឹងទទួលបានជោគជ័យដោយសារតែមិត្តរួមក្រុមរបស់អ្នក"។
"នៅពេលអ្នកប្រឹងធ្វើការដូចជាប្រធានាធិបតី មិនថាអ្នកឯងជានរណាទេ ការងាររបស់ខ្ញុំជាមេចុងភៅនៅសេតវិមានគឺត្រូវប្រាកដថាពេលពួកគេមកផ្ទះវិញ ពួកគេត្រូវតែស្រណុកចិត្ត និងរីករាយជាមួយនឹងអាហារ ដែលអ្នកបានរៀបចំជូន"។
Comerford ធ្លាប់បានទទួលការកោតសរសើរពីអតីតប្រធានាធិបតី George W.Bush និងជំទាវទីមួយ Laura Bsh សម្រាប់អាហារផ្ដល់អត្ថប្រយោជន៍ដល់សុខភាពដែលគាត់បានធ្វើផងដែរ៕
