Zlatan Ibrahimovic មានអារម្មណ៍ថា អ្នកគាំទ្រគឺកំពុងរំពឹងទុកច្រើនពេកហើយពីតារាបាល់ទាត់ទើបចុះហត្ថលេខាក្នុងទីផ្សាររដូវក្តៅកន្លងទៅរបស់បិសាចក្រហម Manchester United កីឡាករ Paul Pogba ។
តារាបាល់ទាត់អន្តរជាតិបារាំងរូបនេះ បានផ្លាស់ទៅកាន់ទឹកដី Old Trafford ក្នុងតម្លៃ ៨៩លានផោនកាលពីខែសីហា ប៉ុន្តែគាត់នៅតែមិនទាន់នឹងអាចបង្កើតទម្រង់លេងដ៏ទាក់ទាញមួយណាឱ្យស័ក្តិសមទៅនឹងតម្លៃខ្លួនថ្លៃដាច់គេលើលោកបច្ចុប្បន្នរបស់គាត់នៅឡើយទេ។
Pogba ខ្លួនឯងក៏បានទទួលស្គាល់ផងដែរថា គាត់នៅតែកំពុងព្យាយាមដើម្បីសម្របខ្លួនទៅក្នុងប្រព័ន្ធរៀបចំរបស់ Jose Mourinho ហើយ Ibrahimovic បាននិយាយថា មានសម្ពាធជាច្រើនត្រូវបានទម្លាក់ទៅលើគាត់។
អតីតតារាបាល់ទាត់របស់ PSG រូបនេះបានបញ្ជាក់ថា "Paul គឺកំពុងព្យាយាមធ្វើការងារ គាត់រងសម្ពាធជាច្រើន ដោយសារតែការដោះដូរដ៏ធំ។ មនុស្សរំពឹងគាត់ចេះសីល។ ក្រុមមួយនេះមានកីឡាករថ្មីចំនួនបួននាក់ និងគ្រូបង្វឹកថ្មីមួយ គាត់មកពីអ៊ីតាលី ដែលគាត់ជាកីឡាករដ៏ល្អម្នាក់ គាត់ត្រូវការពេលដើម្បីយកទេពកោសល្យមកប្រើ។
គាត់បន្ថែមថា "គាត់លេងល្អដូចសមាជិកក្រុមដទៃទៀតដែរ គឺមិនខុសគ្នានោះទេ"៕
