adverise with khmeread Z2

កូនស្រី​ម្ចាស់​ក្លឹប Valencia សញ្ជាតិ​សិង្ហ​បុរី ប្រកាសសង្គ្រាម​ជាមួយ​អ្នកគាំទ្រ ក្រោយ​ពាក់អាវ Man Utd បញ្ឈឺ​ប្រិយមិត្ត​ខ្លួនឯង​

    ​កូនស្រី​ម្ចាស់​ក្លឹប Valencia CF គឺ​នាង Kim Lim បាន​បបួល​ក្រុម​អ្នកគាំទ្រ Valencia CF ទៅក្នុង​សង្គ្រាមពាក្យសម្តី​មួយ​នៅលើ​បណ្តាញ​សង្គម​។​

​    ​ក្លឹប​បាល់ទាត់​អេ​ស្ប៉ា​ញ​មួយ​នេះ​គ្រប់គ្រង​ដោយ​សេដ្ឋី​ពាន់​លាន​លោក Peter Lim ដែល​លោក​បាន​ទិញ​ក្នុងតម្លៃ ៤២០ លាន​យូរ៉ូ​កាលពី​ខែតុលា ឆ្នាំ ២០១៤​។​

​    ​សង្គ្រាម​នៅលើ​អន​ឡាញ​ដ៏​ស្មុគស្មាញ​នេះ​បានចាប់ផ្តើម​នៅពេល​នាង Kim វ័យ ២០ ឆ្នាំ​បាន​បង្ហោះ​រូបភាព​ក្រុម​បិសាច​ក្រហម Manchester United នៅលើ​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃអាទិត្យ ទី ២៩ ខែវិច្ឆិកា​នេះ​។​

​    ​នាង​ក៏បាន​សរសេរ​ជាមួយ​ប៉ុស្តិ៍​នោះ​ថា "​គួរឱ្យ​ស្រឡាញ់​ណាស់​...​លេខ​របស់ខ្ញុំ​គឺ ២៣ ហើយ​គាត់​ឱ្យ​ខ្ញុំ​នូវ​របស់​នេះ​។ ស្រឡាញ់​ប៉ា​ប៉ា​"​។​

​    ​ក្រោយ​បង្ហោះ​មិនបាន​ប៉ុន្មាន ក្រុម​អ្នកគាំទ្រ Valencia បាន​បដិសេធ​ដាច់អហង្កា​ចំពោះ​អ្វីដែល​ពួកគេ​យល់ឃើញថា​ជាការ​គាំទ្រ​ក្រុម​ដទៃ ហើយ​បាន​រិះគន់​នាង Kim និង​ឪពុក​របស់​នាង​នៅក្នុង​កន្លែង​បញ្ចេញមតិ​។​

​    ​ការបញ្ចេញមតិ​ភាគច្រើន​គឺ​ត្រូវបាន​សរសេរ​ជា​ភាសា​អេ​ស្ប៉ា​ញ​ប៉ុន្តែ​គេ​ក៏​ឃើញ​មានការ​សរសេរ​ភាសា​អង់គ្លេស​ផងដែរ ដែល​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​ឈ្មោះ khrisorval បានសរសេរថា "​តាម​គំនិត​ផ្ទាល់ខ្លួន​របស់ខ្ញុំ នេះ​គឺជា​កង្វះ​នៃ​ការគោរព​ដ៏​ធំ​ដោយ​បង្ហាញ​រូបភាព​នេះ ជាពិសេស​ប្រសិនបើ​នាង​យកចិត្តទុកដាក់​ស្ថានភាព​របស់​ក្រុម Valencia"​។​

​    ​នៅពេល​បច្ចុប្បន្ន ជើងឯក La Liga ប្រាំមួយ​សម័យមួយ​នេះ​បាន​ធ្លាក់​ដុនដាប​ទៅ​ចំណាត់ថ្នាក់​លេខ ១៦ ហើយ​ក្រុម​អ្នកគាំទ្រ​ថែមទាំង​បាន​ឌឺដង​ឱ្យ​ម្ចាស់​ក្លឹប​នៅពេល​ពួកគេ​ស្មើ​ជាមួយ​ក្រុម​ខ្សោយ Granada ដែល​ស្ថិតនៅ​បាត​តារាង​។​

​    ​ជម្លោះ​មិនបាន​បញ្ចប់​ជាមួយ​ផុស​មួយ​នោះទេ​។ តាំងពី​ថ្ងៃអាទិត្យ នាង Lim បាន​បង្ហោះ​រូបភាព​បាញ់​ចំៗ​ចំនួន ៦ សន្លឹក​ទៅកាន់​ក្រុម​អ្នកគាំទ្រ​ខឹងសម្បា​ថែមទៀត​។ ផុស​មួយ​ក្នុងចំណោម​នោះ​សរសេរថា ក្រុម​អ្នកគាំទ្រ​ពិតជា​ឆ្កួត និង​ឡប់​ដែល​គិតថា ពួកគេ​អាច​គ្រប់គ្រង ឬក៏​អាច​ថាឱ្យ​ចំពោះ​សកម្មភាព​របស់​នាង​។​

​    ​នាង​ក៏បាន​និយាយថា ដោយ​មើល​ក្រុម​ដទៃ​ទាត់​មិន​មានន័យថា នាង​មិន​គាំទ្រ​ក្រុម Valencia នោះទេ​។ នៅ​ផុស​មួយទៀត​នាង​បាន​និយាយថា នាង​អាច​បង្ហោះ​អ្វី​ស្រេច​តែ​ចិត្ត​របស់​នាង​នៅលើ​គណនី Instagram របស់ខ្លួន​។​

​    ​នាង​ក៏បាន​បង្ហោះ​រូបភាព​ក្លឹប Manchester United នៅ​កីឡដ្ឋាន Old Trafford ផងដែរ​ដើម្បី​បញ្ជាក់ថា នាង​អាចធ្វើ​អ្វី​តាមតែ​នាង​ចង់​ធ្វើ​។ នៅ​ប៉ុស្តិ៍​ចុងក្រោយ នាង​បង្ហោះ​រូបភាព​មួយ​ដោយ​សរសេរថា "​បិទមាត់​"​។​

​    ​លោក Peter ធ្លាប់​ទទួលបាន​ប្រជាប្រិយភាព​នៅពេល​គាត់​ទិញ​ក្លឹប​ដំបូង ខណៈ​ក្រុម​បានទទួល​ជ័យជម្នះ​ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត​។ កូនស្រី​របស់គាត់​គឺ​នាង Kim ក៏​ក្រុម​អ្នកគាំទ្រ​ស្គាល់​ច្រើន​ដែរ ហើយ​នៅពេល​ដើរ​តាមផ្លូវ​គេ​តែង​ឃើញ​អ្នកគាំទ្រ​សុំ​ថតរូប​ជាមួយ​។​

​    ​ប៉ុន្តែ​ប្រជាប្រិយភាព​របស់លោក Peter បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ខណៈ​ក្រុម​ធ្លាក់​ចំណាត់ថ្នាក់ ហើយ​គ្រូបង្វឹក Gary Neville ត្រូវបាន​បណ្តេញចេញ​កាលពី​ខែមីនា បន្ទាប់ពី​ឈ្នះ​ការប្រកួត​តែ​បី​លើក​ប៉ុណ្ណោះ​ក្នុងចំណោម ១៦​។ គ្រូបង្វឹក​បន្ទាប់​គឺ​លោក Pako Ayesteran ក៏បាន​ចាកចេញ​កាលពី​ខែកញ្ញា ហើយ​បច្ចុប្បន្ន​ក្រុម Valencia កំពុង​ដឹកនាំ​ដោយ​អតីត​គ្រូ​អ៊ីតាលី​គឺ​លោក Cesare Prandelli៕

adverise with khmeread

មតិយោបល់