លោក Roberto Martinez បានអះអាងថា លោកអាជ្ញាកណ្តាល Mike Jones មិនស្ថិតក្នុងស្តង់ដារដែលបាល់ទាត់សម័យទំនើបត្រូវការនោះទេ បន្ទាប់ពីខ្សែការពារ John Terry ស៊ុតតាមស្មើនៅក្នុងនាទីទី ៩៨ ឲ្យក្រុម Chelsea កាលពីយប់ម្សិលមិញ។
ក្រុម Everton បាននាំមុខ Chelsea ក្នុងលទ្ធផល ៣-២ មុនពេលប្រធានក្រុម Terry ដែលស្ថិតក្នុងតំបន់ Offside តាមបានស្មើដោយការវៃកែងបញ្ចូលទីធ្វើឲ្យអ្នកចាំទី Howard ដាច់ចង្កេះផ្ងាក។
លោក Martinez បាននិយាយដោយកំហឹងថា "កម្រិតរបស់អាជ្ញាកណ្តាលពិតជាអន់មែនទែននៅក្នុងការប្រកួតនេះ។ ខ្ញុំពិតជាឈឺចាប់ណាស់។ ប្រសិនបើអ្នកសួរអ្នកគាំទ្រ Chelsea ពួកគេនឹងប្រាប់អ្នកថាគ្រាប់បាល់នោះក៏ Offside ដែរ។ គ្រាប់បាល់នោះច្បាស់ណាស់មិនត្រូវឲ្យចូលទេ ហើយនេះគឺជាការសម្រេចចិត្តដ៏មិនគួរឲ្យជឿសម្រាប់ការប្រកួតនៅក្នុងលីកដែលយើងគិតថាល្អជាងគេក្នុងពិភពលោក។
ខ្ញុំពិតជាខឹង ដែលយើងបានទទួលលទ្ធផលស្មើដោយសារការសម្រេចចិត្តដ៏ខុសឆ្គងនៅចុងការប្រកួត។ យើងមិនត្រូវការការពន្យល់ពីអាជ្ញាកណ្តាលនោះទេ ពីព្រោះគាត់មិនទាន់ស្ថិតក្នុងកម្រិតកាត់ក្តីការប្រកួតបែបនេះឡើយ។ វាពិតជាសោកស្តាយណាស់ ដែលនេះជាកំហុសដែលមិនអាចទទួលយកបាន"៕
