ក្រុម Manchester City ទទួលបានលទ្ធផលគួរឲ្យពេញចិត្ត ដោយតាមពីក្រោយក្រុម Leicester City ត្រឹមតែមួយពិន្ទុទៀតប៉ុណ្ណោះដើម្បីកាន់កាប់កំពូលតារាង ក្រោយបំបាក់ក្រុម Crystal Palace ក្នុងលទ្ធផល ៤-0 យ៉ាងចាស់ដៃក្នុងទឹក Etihad របស់ខ្លួននាយប់ម្សិលមិញនេះ ។
កីឡាករ Fabian Delph អាចសម្រេចគ្រាប់បាល់ទីពីររបស់ខ្លួនឲ្យក្រុម មុនពេលដែលខ្សែប្រយុទ្ធឆ្នើម Sergio Aguero អាចរកគ្រាប់បាល់ចំនួនពីរគ្រាប់ ដោយតាមពីក្រោយនៃការបញ្ជូនបាល់របស់ខ្សែប្រយុទ្ធរូបនេះទៅឲ្យកីឡាករ David Silva ស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយសម្រាប់ក្រុម Manchester City ។ ហើយលទ្ធផលទាំងនេះបានផ្តល់ជូននូវកាដូបរាជ័យបីប្រកួតផ្ទួនៗសម្រាប់លោក Alan Pardrew ដែលមិនទាន់ស្គាល់រសជាតិឈ្នះលើការប្រកួត ៥ លើកចុងក្រោយនាពេលកន្លងមក។
ទីនេះយើងគួរស្វែងយល់ពីទឹកដី Etihad ទៅលើ ៥ ចំណុចដែលគួរឲ្យកត់សម្គាល់ខាងក្រោមនេះ៖
១. អ្នកចាំទីដៃក្រុម Crystal កីឡាករ Wayne Hennessey ត្រូវពង្រឹងការប្រកួតរបស់ខ្លួនមុនការប្រកួតបាល់ទាត់ជម្រើសជាតិប្រចាំតំបន់អ៊ឺរ៉ុប (Euro 2016) ឈានចូលមកដល់នាពេលខាងមុខ។ អ្នកចាំទីរូបនេះបានបង្កកំហុសដ៏គួរឲ្យអស់សំណើចក្នុងជំនួបក្រុម Aston Villa នៅពាក់កណ្តាលសប្តាហ៍កន្លងមក ហើយគាត់បានផ្តល់ការខកចិត្តជាបន្តទៀតដែលបណ្តោយឲ្យកីឡាករ Fabian Delph ស៊ុតបញ្ចូលទីបាល់រាបពីចម្ងាយយ៉ាងងាយស្រួល។
២. ការវិលត្រឡប់មកវិញនៃកីឡាករខ្សែបម្រើស្លាប Pablo Zabaleta អាចផ្តល់ជាកម្លាំងចិត្តមួយសម្រាប់ក្រុម Manchester City ស្របពេលដែលខ្សែការពារស្លាបដូចគ្នាកីឡាករ Aleksander Kolarov រងរបួស។
៣. កីឡាករ Sergio Aguero មើលទៅហាក់បីដូចជាមិនទាន់វិលមកកាន់ទម្រង់លេងដ៏ល្អរបស់គាត់នៅឡើយទេ។ ប៉ុន្តែ ៤ គ្រាប់ក្នុងចំណោមការប្រកួតប្រាំលើកចុងក្រោយធ្វើខ្សែការពារនៅតំបន់ខាងក្រោមមានអារម្មណ៍ខ្លាចរអាបន្តិចហើយ។
៤. ការប្រកួតក្នុងទឹកដីពីរលើករបស់ក្រុម Manchester City នាពេលខាងមុខគឺត្រូវជួបក្រុមប្រជែងតំណែងជើងឯក Leicester និង Spurs។ កូនក្រុមរបស់លោក Pellegrini ប្រហែលជាមិនបន្ធូរដៃនោះឡើយសម្រាប់ការប្រកួតដែលនឹងត្រូវប៉ះដៃគូជើងខ្លាំងទាំងពីរនោះ។
៥. តើមានអ្វីកើតឡើងចំពោះកីឡាករក្រុម Crystal Palace សម្រាប់អាហារពេលល្ងាចនារដូវពិធីបុណ្យគ្រីស្តម៉ាស? ដោយបច្ចុប្បន្នការប្រកួត ៥ លើកក្នុងលីកចុងក្រោយរបស់ក្រុមស្ទាំងមួយនេះមិនអាចរកគ្រាប់បាល់បានសូម្បីតែមួយគ្រាប់ ដែលបានចាប់ផ្តើមឡើងតាំងពីថ្ងៃ Boxing day អំឡុងបុណ្យណូអែល៕
