1

ពួកចោរ​ ៣ ​នាក់​ប្រដាប់​ដោយ​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ ​Zoomer X ​ពី​នារី​ម្នាក់​បានសម្រេច​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​មាន​គ្នា​ ៣​ នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក PCX មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្កាល់​ម៉ាក បាន​គំរាម​ភ្ជង់​ប្លន់​ម៉ូតូ​ម៉ាក Zoomer X ពី​នារី​ម្នាក់​បានសម្រេច នៅ​ចំណុច​ផ្លូវ​លេខ​២៤៨ ​កែង​១៤៣​ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី យប់​ថ្ងៃទី​២៤ ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០១៦​។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ ​វាសនា ភេទ​ស្រី ​អាយុ​២៦​ឆ្នាំ ស្នាក់​ខាងក្រោយ​សាលា​ជាស៊ី​ម​សាមគ្គី សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ជិះ​ម៉ូតូ​ម៉ាក ​ZoomerX ឆ្នាំ​២០១៦ ​ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FN-3838​។​

    នារី​រងគ្រោះ​បានឱ្យដឹងថា ដំបូង​រូប​គាត់​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ធ្វើដំណើរ​ចេញពីផ្ទះ​នៅក្រោយ​សាលា​ជា​ស៊ីម​សាមគ្គី​ បំណង​មក​ក្រុមហ៊ុន​ដែល​នៅ​ជិត​កន្លែងកើតហេតុ​។ ​ខណៈ​មកដល់​ផ្លូវ​លេខ​២៤៨​ កែង​ផ្លូវ​១៤៣ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ PCX មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​មុន​ចាំ​ម៉ា​កមក​កៀរ​ឱ្យ​ឈប់​ហើយ​ដក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់សម្លាប់​រួច​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​តែម្តង។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ហើយ​បាន​នាំ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​វាលវង់​។​

    គួរ​បញ្ជាក់ថា​នៅក្នុង​មូលដ្ឋាន​ទឹកដី​ខណ្ឌ​៧​មករា​បទល្មើស​ចោរកម្ម លួច ឆក់ ប្លន់​កើត​ឡើងជា​ញឹកញាប់​តែ​មិនដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាបបាន​ម្តង​ឡើយ​គឺ​បានត្រឹមតែ​នាំ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​តែប៉ុណ្ណោះ៕

 

មតិយោបល់