adverise with khmeread 15182436 1133861996728714 549991281 o

រឿង​ចាស់​ចាប់ផ្តើម​កម្រើក​!!!​ ចាប់​ឧក្រិដ្ឋជន​ជន​ជាតិចិន​ចាប់ជំរិត​ស្ត្រីជន​ជាតិចិន​ដូចគ្នា​ទារលុយ ​១​ ម៉ឺន​ដុល្លារ​ (​មាន​វីដេអូ​)

    ភ្នំពេញ ​៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ជាមួយ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល បានធ្វើការ​ចាប់ខ្លួន​ឧក្រិដ្ឋជន​២​នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​ខ្លួន​ស្ត្រី​ម៉ាស្សា​ម្នាក់​ជា​ជន​ជាតិចិន​ដូចគ្នា ជំរិត​ទារប្រាក់​ពី​ថៅកែ​ហាង​ម៉ាស្សា ចំនួន​ ១ ​ម៉ឺន​ដុល្លារ​នោះ បើ​មិនបាន​! នឹង​សម្លាប់​នារី​នោះ​ចោល​។​

    អំពើ​ឧក្រិដ្ឋ​ខាងលើនេះ​កើតឡើង កាលពី​វេលា​៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ទីតាំង​ដែល​ពួកគេ​លាក់ខ្លួន និង​បង្ខាំង​ស្ត្រី​រងគ្រោះ នៅក្នុង​ផ្ទះសំណាក់​យីហោ​ "ដា​ឡា​វិ​ន​" ​ស្ថិតនៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល បន្ទាប់មក​បាន​នាំទៅ​ធ្វើការ​សាកសួរ​និង​កសាង​សំណុំ រឿង​នៅ​អធិការ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    លោក ​យឹម សារ៉ាន់​ អធិការ​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ​បានឱ្យដឹងថា ឧក្រិដ្ឋជន​ដែលជា​ក្រុម​ចាប់ជំរិត​នោះ​ម្នាក់​ឈ្មោះ ទី យ៉ាក់ ពីង ភេទ​ប្រុស​អាយុ ៣៨​ឆ្នាំ​ និង​ម្នាក់ទៀត​ឈ្មោះ អ៊ឺ ឈឺ​សៀន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ដែល​ពួកនេះ​គឺជា​ជនអន្តោប្រវេសន៍​ឆ្លងដែន​ខុសច្បាប់ ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​យីហោ​ "ដា​ឡា​វីន​" និង​ស្ត្រី​ជា​ជនរងគ្រោះ​ឈ្មោះ ឈី​ង ពីង​យ៉ី អាយុ​២៤ឆ្នាំ មុខរបរ​ម៉ាស្សា ស្នាក់នៅ​ម្តុំ​បុរី​ញ៉ូ​ថោ​ន​ពួកគេ​គឺជា​ជន​ជាតិចិន​ទាំងអស់គ្នា​។​

    លោក​បន្តថា រវាង​ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត​ និង​ស្ត្រី​រងគ្រោះ​ខាងលើ គឺជា​មនុស្ស​ស្គាល់គ្នា ដោយសារតែ​ជនសង្ស័យ គឺជា​ម៉ូយ​ដែល​ទៅ​ម៉ាស្សា ធ្វើ​ក្រចក និង​កាត់សក់​នៅក្នុង​ហាង ដែល​ជនរងគ្រោះ​ធ្វើការ ហើយ​ដោយសារតែ​នាងរង​គ្រោះ មាន​រូប​សម្រស់​ស្រស់ស្អាត​ផង​នោះ ក្រុម​ជនសង្ស័យ​តែងតែ​លេង​ឆាត ហៅ​ជនរងគ្រោះ​ទៅ​ហូបបាយ និង​ដើរលេង​ជាមួយគ្នា​ញឹកញាប់​ថែម​ទៀតផង​។​

    លោក​អធិការ​បាន​បន្តថា លុះដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​ហៅ​ជនរងគ្រោះ នៅ​បូរី​ញូ​ថោ​ន ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​ដើរលេង និង​ហូបបាយ​ជាមួយគ្នា។ ​បន្ទាប់មក​បាន​នាំទៅ​កាន់​ផ្ទះសំណាក់ យីហោ​ "ដា​ឡា​វ៉ាន់​" ​ស្ថិតនៅក្នុង​ក្រុង តាខ្មៅ ខេត្តកណ្ដាល​។ ​ប៉ុន្តែ​មិនបាន​ដឹងថា ពួកគេ​បានរួម​ភេទ​ជាមួយគ្នា​ឬ​អត់​នោះឡើយ​។​

    បន្ទាប់មក​ក៏បាន បង្ខាំង​នាង​ទុក​នៅ​ក្នុងនោះ ហើយ​រហូតដល់​វេលា​ល្ងាច ថ្ងៃ​ដដែល​នោះ​ពួកឧក្រិដ្ឋជន បាន​ទូរស័ព្ទ​ទៅ​គំរាម ថៅកែ​ហាង ឱ្យ​ផ្ញើ​លុយ​ឱ្យពួកគេ​១​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង ស្ត្រី​រងគ្រោះ​ព្រោះ​ពួកគេ​គឺជា​ក្រុម​ចាប់ជំរិត។ ​បើ​គ្មាន​លុយ​ទេ​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៤ ខែវិច្ឆិកា ពួកគេ​និង​សម្លាប់​នាងរង​គ្រោះ​ចោល​ភ្លាម​។​

    ខណៈនោះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​រហូតដល់​វេលា​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ទើប​ថៅកែ​ហាង​ម៉ាស្សា បាន​ទៅប្ដឹង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឱ្យជួយ​។​

    ប៉ូលិស ក្រោម​ការ ដឹកនាំ​របស់​អធិការ​ខណ្ឌ បានធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា ព្រមទាំង​ទីកន្លែង​ដែល​ពួក​នោះ លាក់ខ្លួន និង​លាក់​ជនរងគ្រោះ​ទើប​កម្លាំង​ប្រើប្រាស់​ជំនាញ​ចរចា​ពន្យា​ពេល​ជាមួយ​ជន​នោះ ហើយ​ជន​នោះបាន​ផ្លាស់ប្ដូរ ពេល​ឱ្យ​ប្រគល់​លុយ នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​នោះ​វិញ។​

    បន្ទាប់មក​កម្លាំង​បាន​បន្ត​ការស្រាវជ្រាវ​ និង​បាន​សហការ​ជាមួយ កម្លាំង​ប៉ូលិស​ក្រុង​តាខ្មៅ រហូតដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល​ទើប​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ដោយ​ម្នាក់​ចាប់ខ្លួនបាន​តាមផ្លូវ ក្នុង​ក្រុង​តាខ្មៅ រួច​បាន​សាកសួរ​ទើប​ឈានទៅ​ចាប់ខ្លួន​ម្នាក់ទៀត​នៅក្នុង បន្ទប់​ផ្ទះសំណាក់ ក្រោយមក​បាន​នាំទៅ​សួរនាំ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​៕


 

adverise with khmeread

មតិយោបល់