Untitled 1

ពួក ISIS មាន​គម្រោង​វាយប្រហារ​តំបន់​កម្សាន្ត​សំខាន់ៗ​របស់​ក្រុងប៉ារីស​សប្តាហ៍​ក្រោយនេះ

    ​ប៉ូលិស​បា​រ៉ាង​បាន​និយាយ​កាលពី​ថ្ងៃទី​ព្រហស្បតិ៍​ថា ពួក ISIS មាន​គម្រោង​វាយប្រហារ​សួន​កម្សាន្ត Disneyland និង​ផ្សារ​បុណ្យ​ណូអែល​មួយ នៅ​ផ្លូវ Champs-Elysees អំឡុង​ការវាយប្រហារ​ថ្មី​មួយ​មកលើ​ទីក្រុង​ប៉ារីស​សប្តាហ៍​ក្រោយនេះ​។ 

​    ​ពួក​ជី​ហាត​នេះ​មាន​ផែនការ​វាយប្រហារ​នៅ​ថ្ងៃទី ១ ធ្នូ និង​បាន​ស្វែង​រកមើល​ទីតាំង​វាយប្រហារ​ជាច្រើន​ទៀត​ដូចជា ទីស្នាក់ការ​កណ្តាល​រប​ស់​ប៉ូលិស ស្ថានីយ៍​រថភ្លើង​ក្រោម​ដី និង​បណ្តា​ហាង​កាហ្វេ​នៅ​កណ្តាល​ក្រុង​។ 

​    ​ជនសង្ស័យ ៧ នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុងការ​ឆ្មក់​បង្ក្រាប​របស់​ប៉ូលិស​កាលពី​ចុង​សប្តាហ៍​មុន​នៅ​ទីក្រុង Strasbourg និង ទីក្រុង Marseille បន្ទាប់ពី​ការស៊ើបអង្កេត​រយៈពេល ៨ ខែ​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​បារាំង ប៉ុន្តែ​ជនសង្ស័យ ២ នាក់​ក្នុងចំណោម ៧ នាក់​នោះ​ត្រូវបាន​ដោះលែង​វិញ​។ 

​    ​ប្រភព​មួយ​របស់​ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​ខ្លះ​បាន​ស្វែងរក​ក្នុង​អ៊ី​ន​ធឺ​ណេ​ត​នូវ​ទីតាំង​ជាច្រើន​រួមទាំង​ផ្សារ​បុណ្យ​ណូអែល​នៅ​ផ្លូវ Champs-Elysees សួន​កម្សាន្ត Disneyland Paris ហាង​កាហ្វេ​នៅ​ភាគ​ឦសាន​ទីក្រុង​ប៉ារីស ទីស្នាក់ការ​កណ្តាល​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រុងប៉ារីស និង​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​។  

​    ​ជនសង្ស័យ ៥ នាក់​នៅសល់​ត្រូវបាន​បន្ត​ឃុំខ្លួន​ក្រោម​ច្បាប់​ដើម្បី​ស៊ើបអង្កេត​បន្ថែមទៀត​អំពី​លទ្ធភាព​វាយប្រហារ​ភេរវកម្ម​។ 

​    ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​នោះ​តាម​ដឹងបាន​ប្រាប់​ក្រុម​អ្នកស៊ើប​អង្កេត​ថា ការវាយប្រហារ​ពិតជា​ត្រូវបាន​រៀបចំឡើង​មែន និង​បានកំណត់​យក​ទីស្នាក់ការ​កណ្តាល​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រុងប៉ារីស និង​នាយកដ្ឋាន​សន្តិសុខ DGSI នៅ​ភាគ​ពាយ័ព្យ​ទីក្រុង​ប៉ារីស​ធ្វើជា​គោលដៅ​វាយប្រហារ​។  ជនសង្ស័យ​មួយចំនួន​ត្រូវគេ​គិតថា​ទទួលបញ្ជា​ពី​ពួក​ជី​ហាត​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ស៊ី​រី​៕ 

ប្រភព៖បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់