adverise with khmeread 03

លោកតា​នៅ​ចិន​ចាញ់បោក​ឈ្មួញ យក​ដំឡូង​ជាង ៣០ តោន​មក​លក់​នៅ​ទីក្រុង​សល់​ទាំងអស់ ប៉ុន្តែ​ក្រោយ​រូបភាព​ដំឡូង​របស់គាត់​បង្ហោះ​លើ​បណ្តាញ​សង្គម រឿង​អច្ឆរិយៈ​បានកើត​ឡើង​

    ​អ្វីដែល​មិនអាច​កាត់ថ្លៃ​បាន​ពេលនេះ​គឺ​សកម្មភាព​សប្បុរសធម៌ ដែល​ប្រជាជន​នៅ​ជិត​ក្រុង Shenzhen ភាគខាងត្បូង​ប្រទេស​ចិន​បានមក​ទាំងអស់គ្នា​ដើម្បី​ជួយ​ទិញ​តំឡូងបារាំង​ប្រមាណ ៣២ តោន​ត្រឹមតែ​មួយថ្ងៃ បន្ទាប់ពី​គាត់​ត្រូវបាន​បដិសេធ​ពី​ឈ្មួញ​លក់ដុំ​ក្នុង​តំបន់​យកទៅលក់​នៅ​ទីផ្សារ​។​

​    ​លោកតា​ម៉ា​អាយុ ៦០ ឆ្នាំ​ជា​អតីត​កសិករ​ដំឡូងបារាំង​ម្នាក់​មកពី​ខេត្ត​ឈី​ង​ហៃ ភាគ​ខាងជើង​ប្រទេស​ចិន ត្រូវបាន​បោក​ដោយ​អ្នកជំនួញ ដោយ​សន្យាថា​យក​ដំឡូង​របស់គាត់​ទាំងអស់​លក់​នៅ​ក្រុង Shenzhen ក្នុងតម្លៃ​ថ្លៃ​។ ឮដូច្នេះ​ដោយ​រំពឹងថា​រកចំណូលបាន​ខ្ពស់​សម្រាប់​ការ​ប្រឹង​ប្រែ​ធ្វើការ​ពេញ​មួយឆ្នាំ គាត់​បាន​ចំណាយ​ប្រាក់​អស់ ១៦.០០០ យេន (២.៣១២​ដុល្លារ​) ថ្លៃ​ដឹក​ជ​ញ្ចូ​ន និង​ធ្វើដំណើរ​មកកាន់​ទីនោះ​ចម្ងាយ ២៥០០ គីឡូម៉ែត្រ​កាត់​ប្រទេស​ចិន​។ គាត់​បានធ្វើ​ដំណើរ​អស់​រយៈពេល ៤ ថ្ងៃ​និង ៤ យប់ ប៉ុន្ដែ​នៅពេលដែល​គាត់​បាន​ទៅដល់​គោលដៅ​របស់គាត់​នៅ​ថ្ងៃទី ៥ ខែវិច្ឆិកា ក្ដី​សុបិន​របស់​លោកតា​ម៉ា​បាន​បែកខ្ចាយ​ដោយ​អ្នកជំនួញ​ទាំងនោះ​បាន​ដោះដៃ ដោយ​អះអាងថា​ដំឡូង​របស់គាត់​តូច​ពេក​។​

​    ​ដោយ​គ្មាន​ជម្រើស​គាត់​បាន​ទុក​ដំឡូងបារាំង​នៅ​ផ្លូវ​ម្ខាង​ជិត​សួន​ឧស្សាហកម្ម​មួយ​ក្នុងស្រុក Guanlan និង​ព្យាយាម​លក់​ខ្លះ​នៅពេល​មាន​អ្នកដំណើរ​ដើរកាត់​ទីនោះ​។ ប៉ុន្ដែ​គំនិត​នេះ​មិនបាន​ផល​នោះទេ តែ​គាត់​នៅតែ​សង្ឃឹម​។​

​    ​ម្ចាស់​ហាង​លក់​គ្រឿងទេស​មួយ​នៅក្បែរ​នោះបាន​ប្រាប់​ទៅ​កាសែត Shenzhen Daily ថា "​មិត្តភក្តិ​របស់គាត់​ខ្លះ​មកពី​ឈី​ង​ហៃ​បាន​ជួយ​គាត់​ទាក់ទង​មនុស្ស​ដើម្បី​ទិញ​ដំឡូង​របស់គាត់ ប៉ុន្ដែ​មិនបាន​ច្រើន​ទេ​ព្រោះ​គាត់​មាន​ដំឡូង​ច្រើនពេក​"​។ ប៉ុន្ដែ​គ្រាន់តែ​គាត់​ចាប់ផ្ដើម​ចុះចាញ់ និង​ត្រៀម​ត្រឡប់មកផ្ទះ​វិញ ស្រាប់តែ​រឿង​អព្ភូតហេតុ​បានកើត​ឡើង​។​

​    ​នៅ​ថ្ងៃអាទិត្យ ទី ១៣ ខែវិច្ឆិកា អ្នកទិញ​ដំឡូងបារាំង​ម្នាក់​របស់គាត់​បាន​ថតរូប​និង​បង្ហោះ​វា​នៅលើ​បណ្ដាញ​សង្គម Wechat ជា​បណ្ដាញ​សង្គម​ដ៏​ធំ​បំផុត​របស់​ចិន បាន​សុំឱ្យ​មនុស្ស​នាំគ្នា​ទៅ​ជួយ​ទិញ​ដំឡូង​របស់​លោកតា​ក្រីក្រ​ម្នាក់​នោះ​ឱ្យអស់​។ បន្ទាប់មក​មនុស្ស​បាន​នាំគ្នា​ស៊ែរ​រូបភាព​នោះ​តៗ​គ្នា​រហូត​ទាល់តែ​ល្បី​ពេញ​បណ្ដាញ​សង្គម​។​

​    ​នៅ​ថ្ងៃ​បន្ទាប់​បុគ្គលិក​មកពី​ក្រុមហ៊ុន Shenzhen បានចាប់ផ្ដើម​មក​ស្រុក Guanlan ដើម្បី​ទិញ​ដំឡូងបារាំង​ពី​លោកតា​ម៉ា និង​បាន​បំបាត់​បន្ទុក​ដ៏​ធំ​របស់គាត់​។​

​    ​ក្នុងចំណោម​អ្នកទិញ​មាន​ជន​ចម្លែក​ម្នាក់​បាន​ទិញ​ដំឡូង​របស់គាត់ ៥ តោន ហើយ​ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ​ដំឡូង​របស់គាត់​លក់​ខ្ទេច​គ្មាន​សល់​។ នេះ​បើ​យោងតាម​ប្រភព​ដដែល​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់