adverise with khmeread 1

Anderson ចំអកឱ្យ Gerrard ដែលប្រកាសចូលនិវត្តន៍ម្សិលមិញ! ប្រិយមិត្ត Liverpool ប្រហែលជាមិនចង់ស្តាប់ទេ

​    ​រាល់​បណ្តា​កីឡាករ និង​ប្រិយមិត្ត​របស់​បិសាច​ក្រហម Manchester United តែងតែ​មិនមាន​ភាពចុះ​សម្រុង​នឹង​គ្នា​ម្តងណា​នោះឡើយ​ជាមួយនឹង​គូប្រជែង​ចាស់​ហង្ស​ក្រហម Liverpool របស់​ពួកគេ​។​

​    ​អតីត​តារាបាល់ទាត់​លេង​មិនកើត​មិនសូវ​ឃើញ​មុខ​របស់​បិសាច​ក្រហម Anderson បាន​ចំអក Steven Gerrard ជុំវិញ​ភាពបរាជ័យ​របស់គាត់​ក្នុងការ​ឈ្នះ​មេដាយ​ពាន​លី​ក​កំពូល​អង់គ្លេស Premier League អំឡុង​អាជីព​របស់គាត់​នៅឯ Liverpool​។​

​    ​វីរបុរស​ប្រចាំ​ទឹកដី Anfield រូបនេះ បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដែលជា​រយៈពេល ១៨​ខែ​បន្ទាប់ពី​ការចាកចេញ​ពី​ទឹកដី​ក្លឹប​កំណើត​របស់គាត់​ទៅកាន់​ក្រុម LA Galaxy ក្នុង​លី​ក​អាមេរិក​។​

​    ​Gerrard ធ្លាប់បាន​លើក​ពាន​ក្នុងស្រុក FA Cup និង​ពាន League Cup ចំនួន​ពីរលើក រួមជាមួយ​នឹង​ពាន​ដ៏​មាន​សក្តានុពល​ក្នុង​តំបន់​អឺរ៉ុប Champions League និង UEFA Cup ប៉ុន្តែ​គាត់​មិន​ធ្លាប់​ស្គាល់​រសជាតិ​លើក​ពាន Premier League បាន​ម្តង​នោះឡើយ​។​

​    ​Anderson ដែល​បាន​ចាក​ចេញពី​បិសាច​ក្រហម​កាលពី​ឆ្នាំមុន បាន​បង្កើត​ការវិវាទ​តទល់​ជាមួយនឹង Gerrard នៅក្នុង​ការបង្ហាញ​ខ្លួន​របស់គាត់​ជា​លើកដំបូង​ក្នុងជំនួប​ជាមួយនឹង Liverpool កាលពី​ខែធ្នូ ឆ្នាំ​២០០៧ និង​បានធ្វើឱ្យ​អ្នកគាំទ្រ United ស្រឡាញ់​ចូលចិត្ត​គាត់​ជាខ្លាំង នៅពេល​សួរ​អំពី​សមិទ្ធផល​របស់គាត់​នៅ​អង់គ្លេស​។​

​    ​គាត់​បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ ESPN របស់​ប្រេ​ស៊ី​ល​ថា "​ខ្ញុំ​បានឈ្នះ​អ្វី​គ្រប់យ៉ាង​នៅឯ​ក្លឹប​។ ខ្ញុំ​បានឈ្នះ Premier Leagues ចំនួន​បួន​។ កីឡាករ​ម្នាក់​ដូចជា Gerrard ដែល​ចូល​លេង​ឱ្យ Liverpool ជា​កីឡាករ​ម្នាក់​ដែល​ត្រូវបាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ មិន​ធ្លាប់​បានឈ្នះ​ម្តង​នោះឡើយ​។ ហើយ​ខ្ញុំ​សម្រេចបាន​បួន​សម្រាប់​ក្លឹប​។ ខ្ញុំ​ឈ្នះ​ពាន​ម្ចាស់​ជើងឯក​ក្លឹបពិភពលោក​។ ខ្ញុំ​ឈ្នះ Champions League ។ ខ្ញុំ​ធ្លាប់បាន​លេង​នៅ Champions League វគ្គ​ផ្តាច់ព្រ័ត្រ​បី​លើក​សម្រាប់​ក្លឹប​។ ពេលដែល​ខ្ញុំ​បានធ្វើ​ដំណើរ​ទៅដល់​ក្លឹប កីឡាករ​គ្រប់រូប​បាន​ឱប​ខ្ញុំ​។ ពួកគេ​តែងតែ​កំប្លែង​លេង​ជាមួយ​អ្នក​គ្រប់គ្នា​។ សម្លាញ់​នៅ​ទីនោះ​គឺ​ពិតជា​ល្អ​។ នៅថ្ងៃនេះ ខ្ញុំ​ពិតជា​មនុស្ស​ងប់​ង​ល់​មួយ​សម្រាប់​ក្លឹប​នេះ​។ វា​គឺជា​ចំណាត់ថ្នាក់​ទីមួយ​ក្នុង​ពិភពលោក​សម្រាប់​ខ្ញុំ​"​។

​    ​វា​ពិតជា​រឿង​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​ពាក្យសម្តី​ដែល​គាត់​បាន​និយាយ ខណៈដែល​គាត់​ទើបតែ​មាន​វ័យ ២៨​ឆ្នាំ​នៅឡើយ និង​ឈ្នះ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​អាជីព​របស់ខ្លួន ហើយ​សង្ឃឹមថា​គាត់​នឹង​បន្ត​ឈ្នះ​នូវ​អ្វីៗ​គ្រប់យ៉ាង​បន្តទៀត​នៅឯ​ក្លឹប Sport Club Internacional នៅឯ​ប្រទេស​កំណើត​ប្រេ​ស៊ី​ល​របស់គាត់ បន្ទាប់ពី​បាត់​មុខ​ឈឹង​ពី​ពិភព​បាល់ទាត់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់