adverise with khmeread Unnamed %281%29

ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​​បិទ​បញ្ជី​ចុះឈ្មោះ​ត្រឹម​ជាង​ ៩.០០០​ នាក់​

    ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង លើក​ទី​២១ នៅមុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែល​គ្រោង​ធ្វើឡើង​នា​ថ្ងៃអាទិត្យ ទី​៤ ខែធ្នូ ឆ្នាំ​២០១៦​នេះ គណៈកម្មការ​បច្ចេកទេស​បាន​បិទ បញ្ជី​នៃ​ការចុះឈ្មោះ​ហើយ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ដោយ​ចំនួន​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​បាន​កើន ឡើង​លើស​ការពឹង​ទុក ជាង​៩០០០​នាក់​ឯណោះ​។​

    លោក សែម ផល្លា នាយក​ចាត់ការ​ទូទៅ​ទិវា​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ និង​ជា​ប្រធាន​ក្រុម ហ៊ុន Cambodia Events Organizer មាន​ប្រសា​ន៍​ប្រាប់ រស្មី​ហង្ស​មាស HDTV នៅថ្ងៃនេះ​ថា ការបិទបញ្ជី​មុន ថ្ងៃ​កំណត់​នេះ គឺ​ដោយសារ​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​បាន​ចុះឈ្មោះ​បាន​ច្រើន​លើសពី​កា​រំពឹងទុក ហើយ​ព្រឹត្តិការណ៍​នេះ​អាច​កំណត់​ត្រឹម​ជាង ​៩.០០០​ នាក់​ប៉ុណ្ណោះ​ដោយ​ការគ្រប់គ្រង​បច្ចេកទេស ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់​សម្រាប់​ការរត់​នេះ​អាច​ផ្ទុក​បាន​មនុស្ស​ក្រោម​១​ម៉ឺន​នាក់​។ 

    នាយក​ចាត់ការ​ទូទៅ​រូបនេះ​អះអាងថា ក្នុងចំណោម ៩ ​ពាន់​នាក់​នេះ គឺមាន​ខ្មែរ​ជាង​៤​ពាន់​នាក់ និង​បរទេស​ជាង​៥​ពាន់​នាក់ មកពី​៧៥​ប្រទេស​។ ចំនួន អ្នកចូលរួម​ឆ្នាំ​២០១៦​នេះ បាន​កើនឡើង​ច្រើនជាង ​១.០០០ ​នាក់ បើ​ប្រៀបធៀប​ទៅនឹង​ព្រឹត្តិការណ៍​ដូចគ្នា កាលពី ឆ្នាំ​២០១៥ ​កន្លងទៅ ដែលមាន​ចំនួន​ត្រឹម​ជាង​៨​ពាន់​នាក់​។​

    លោក​បន្ថែមថា មូលហេតុ​ដែល​ទិវា​កីឡា​ទេសចរណ៍​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​មួយ​នេះ​ទទួល បានការ​គា​ទ្រ​កាន់តែខ្លាំង​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គឺ​ដោយសារ​គណៈកម្មការ​ប​ច្ចេកទេស​រៀបចំ​បានល្អ ដោយ អ្នករៀបចំ​ដោយ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា ទទួលបាន​ការសហកា​រ​ពី​អាជ្ញាធរ​ដែនដី​ខេត្តសៀមរាប​, អាជ្ញាធរ​អប្សរា​, ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហព័ន្ធ​កីឡាអត្តពលកម្ម និង​ស្ម័គ្រចិត្ត​ជាច្រើនរូប​ទៀត ផងដែរ​។ 
  
    លោក​ថា អ្វីដែល​សំខាន់​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស ក៏ ដូចជា​នៅលើ​ពិភពលោក​ផងដែរ ពីព្រោះ​កម្ពុជា​គឺជា​សមាជិក​ម៉ា​រ៉ា​តុង​ពេញ​សិទ្ធ​របស់​អន្តរជាតិ​ដែរ​។​

    លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ដែរ​ថា ចំពោះ​គោលបំណង​សំខាន់ៗ​នៃ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ គឺធ្វើឡើង​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរ​រ​ពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​, មន្ទីរពេទ្យ​គន្ធបុប្ផា និង​បណ្តា​អង្គការ​នានា​មួយចំនួនទៀត ជាពិសេស​គឺ​រត់​ដើម្បី​បំផុសស្មារតី​ដល់​មនុស្សជាតិ​ជួយ​ការពារ​បរិស្ថាន​តំបន់​អង្គរ​ផងដែរ​។​

    វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត គឺមាន​ចំនួន​៣ គឺ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង ចម្ងាយ​២១​គីឡូម៉ែត្រ បុរស​នារី​, រត់​១០​គីឡូម៉ែត្រ​បុរស​នារី និង​វិញ្ញាសា​រត់​កម្សាន្ត​លក្ខណៈ​គ្រួសារ ៣​គីឡូម៉ែត្រ​។

    សូមបញ្ជាក់ថា ទិវា​រត់ប្រណាំង​ប្រចាំឆ្នាំ​ខែធ្នូ រៀងរាល់ឆ្នាំ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នេះ​បាន​ក្លាយជា​ព្រឹត្តិ ការណ៍​ដ៏​ពេញនិយម​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ បន្ទាប់ពី​ទិវា​នេះ​បាន​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​អស់​រយៈ ពេល​ជាង​២០​ឆ្នាំកន្លងមក​ជាមួយនឹង​ការស្វែងរក​មូល​និ​ធី​ពី​ការចុះឈ្មោះ ហើយ​បាន​បរិច្ចាគ​ទៅកាន់​កិច្ចការ​មនុស្សធម៌ ដោយ​កាលពី​ឆ្នាំមុន​ព្រឹត្តិការណ៍​នេះ​បាន​បរិច្ចាគ​ថវិកា​បាន​ជាង​៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ទៅកាន់ ការងារ​សង្គម និង​មនុស្សធម៌​ផងដែរ​៕ (​រូបភាព​ឯកសារ​)

adverise with khmeread

មតិយោបល់