រដ្ឋអាជ្ញាប្រទេសអេស្ប៉ាញកំពុងស្វែងរកទោសជាប់គុក ១០ ឆ្នាំសម្រាប់អតីតតារាបាល់ទាត់ក្រុមអ្នកមានបុណ្យ Barcelona លោក Samuel Eto'o សម្រាប់ការចោទប្រកាន់ទៅលើបទល្មើសគេចវេះពន្ធ ពេលដែលគាត់បានលេងឱ្យក្លឹបយក្សរបស់ជនជាតិកាតាឡានមួយនេះ។
រដ្ឋអាជ្ញាក៏បានទាមទារការពិន័យជាប្រាក់ចំនួន ១៥,១លានដុល្លារផងដែរសម្រាប់បទល្មើសបួនករណីនៃការលួចបន្លំពន្ធ ដែលត្រូវបានគេសន្មត់ថាបានបោកប្រាស់អាជ្ញាធរពន្ធដាររបស់ប្រទេសអេស្ប៉ាញជាមួយនឹងទំហំទឹកប្រាក់លើសពី ៤លានដុល្លារចាប់ពីឆ្នាំ ២០០៦ រហូតដល់ឆ្នាំ ២០០៩។
រដ្ឋអាជ្ញាក៏កំពុងនឹងសម្លឹងទៅលើការដាក់ទោសស្រដៀងគ្នាទៅលើអ្នកតំណាងលោក Jose Maria Mesalles Mata របស់កីឡាកររូបនេះស្របពេលជាមួយគ្នាផងដែរ។
Eto'o បានលេងចំនួន ១៩៨ប្រកួតសម្រាប់ Barcelona ពីចន្លោះឆ្នាំ ២០០៤ រហូតដល់២០០៩ ដោយអាចស្វែងរកគ្រាប់បាល់បានចំនួន ១២៩គ្រាប់សម្រាប់ក្លឹបយក្សកាតាឡានមួយនេះ៕
