adverise with khmeread 1

ជនបរទេស​ម្នាក់​បើកបរ​រថយន្ត​លឿន​ដល់​ផ្លូវបំបែក​ជា​បួន​ក៏​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ខ្ទេច ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ជា​ជនបរទេស​ម្នាក់​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​ដោយ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​ខណៈ​មកដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​បាន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​រង​ការខូច​ខា​ត​យ៉ាងដំណំ តែ​មិន​បណ្តាលឱ្យមាន​មនុស្ស​រងរបួស​ឡើយ។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​ ​និង​១០​នាទី​យប់​ឈាន​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ត្រង់ចំណុច​ស្តុ​ប​សន្ធរ​មុខ សង្កាត់​ផ្សារ​ដេរ​ប៉ូ ១ ខណ្ឌទួលគោក។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​រងគ្រោះ​មួយគ្រឿង​ម៉ា​កាមរី ​(​បា​ឡែ​ន​)​ ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AT-1529 ជិះ​គ្នា​៣​នាក់​តាមផ្លូវ​កម្ពុជា​ក្រោម​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​

    លុះ​មកដល់​ចំណុចកើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​នោះ​បើក​ឆ្លង​ស្តុ​ប​ជិត​ផុត​ហើយ ខណៈនោះ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​RAV4​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-9133 បើកបរ​ដោយ​ជនជាតិ​ឥណ្ឌា​ប្រុស​២​នាក់​ និង​ស្ដ្រី​ខ្មែរ​ម្នាក់​បើក​តាម​មហាវិថី​ម៉ៅ​សេទុង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន។​

    ដោយ​អ្នកបើកបរ​ស្រវឹង​ថែមទៀត​មិនបាន​បន្ថយល្បឿន ក៏​ជ្រុល​ទៅបុក​និង​រថយន្ត​កាមរី​ចំ​ពេញទំហឹង បណ្តាលឱ្យ​រថយន្ត​កាម​រី​វិល​ក្បាល​មួយ​ជុំ​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​វៀច​ចេញពី​ទ្រង់ទ្រាយ​ដើម​។​

    ចំនែកឯ​រថយន្ត​ RAV4 ​វិញ​គឺ​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​ផ្ទុះ​ពោង​ការពារ​សុវត្ថិភាព​ទាំងអស់​តែ​មិន​បង្ក​ការរង​គ្រោះ​ដល់​អ្នកជិះ​ក្នុង​រថយន្ត​ទាំងសងខាង​នោះឡើយ។​

    ក្រោយពេល​កើតហេតុ​ភាគី​រថយន្ត​ទាំងសងខាង និយាយ​ចរចា​យ៉ាង​តឹងសរសៃក មិនត្រូវ​គ្នា​ដោយ​ខាង​រថយន្ត RAV4 ​ទាមទារ​ឱ្យ​ខាង​កាមរី​យកទៅ​ជួលជុល​ឱ្យ​។​ តែ​ខាង​កាមរី​វិញ​មិន​ព្រម​ព្រោះ​ខ្លួន​រងគ្រោះ សុំ​ទាមទារ​សំណង ១០០០ ដុល្លារ​។​

    លុះ​ចុងក្រោយ​មិនត្រូវ​គ្នា​ទើប​សមត្ថកិច្ច​ទាក់ទង​ទៅ​ចរាចរណ៍​ក្រុង​មក​ធ្វើការ​វាស់វែង​និង​ស្ទូច​រថយន្ត​ទាំងសងខាង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕

 

adverise with khmeread

មតិយោបល់