adverise with khmeread 0

ខឹង​សង្សារ​ទាត់ចោល ច្នៃ​សាប៊ូ​ចេញពី​ខ្លាញ់ក្បាលពោះ​ទុកជា​កាដូ​ដើម្បី​សងសឹក​!

​    ​សាច់រឿង​នៃ​ការសង​សឹក​របស់​នារី​ម្នាក់​ទៅលើ​អតីត​មិត្ត​ប្រុស និង​គ្រួសារ​របស់គាត់​បាន​ល្បី​ពេញ​បណ្តាញ​សង្គម​របស់​ចិន​នាពេល​ថ្មីៗ​កន្លងទៅនេះ​។ បន្ទាប់ពី​សង្សារ​ទាត់ចោល​ដោយសារ​នាង​ឡើង​ទម្ងន់ នារី​មកពី​ខេត្ត​ហេ​ណាន​រូបនេះ​ក៏​ចាប់ផ្តើម​រៀប​គម្រោង​សងសឹក​ដោយ​ទៅ​ពេទ្យ​ឱ្យគេ​វះកាត់​បូម​យក​ខ្លាញ់ក្បាលពោះ រួច​ប្រមូលខ្លាញ់​ទាំងអស់​របស់​នាង​មក​បង្កើតជា​ដុំ​សាប៊ូកក់​ខ្លួន​។  ឥឡូវ​នាង​មាន​គម្រោង​សងសឹក​វិញ​ដោយ​បញ្ជូន​វា​ឱ្យទៅ​ម្តាយ​របស់​អតីត​មិត្ត​ប្រុស​សម្រាប់​ជា​កាដូ​។

​    ​នារី ដែលមាន​ឈ្មោះ​លើ​អន​ឡាញ​ថា "Xiao Xiao loves beauty and eating" (Xiao Xiao ស្រឡាញ់​រូប​សម្រស់ និង​ការ​ញ៉ាំ​)​បាន​បង្ហោះ​រូបភាព​ខ្លួន​នាង​ផ្ទាល់​កាន់​ដុំ​សាប៊ូ​ដ៏​ពិសេស​នៅលើ​បណ្តាញ​សង្គម Weibo កាលពី​ថ្ងៃទី ៧ ខែមករា អម​ជាមួយ​សារ​រិះគន់​ចាស់ដៃ​មួយ​។  នាង​បានសរសេរថា "Yang Xiaolei តើ​លោក​មាន​ចាំ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចុងក្រោយ​ទេ​? ដោយសារ​ខ្ញុំ​មិនអាច​កំដរ​លោក​ទៅផ្ទះ​នៅ​ឆ្នាំនេះ​បាន ខ្ញុំ​ក៏​ឆ្លៀត​យកខ្លាញ់ក្បាលពោះរបស់ខ្ញុំ​មក​បង្កើតជា​សាប៊ូដុំ​និង​ប្រគល់​វា​ឱ្យ​ម្តាយ​របស់លោក​សម្រាប់​ក​ក់​ពេល​ងូតទឹក​។ បុណ្យចូលឆ្នាំ​គឺជា​ពេលវេលា​ដែល​ត្រូវប្រគល់​កាដូ​ឱ្យទៅ​ពួក​មនុស្ស​ប្រុស​ថោកទាប ដែល​វាយតម្លៃ​មនុស្ស​ស្រី​តែ​សំបក​ក្រៅ​"​។

​    ​Xiao Xiao ក៏បាន​បង្ហោះ​រូប Screenshot អំពី​ការឈ្លោះគ្នា​ជាមួយ Yang Xiaolei តាមរយៈ​សារ​ជា​អក្សរ​ផងដែរ​។ នាង​បាន​ផ្ញើ​សារ​មួយ​ទៅ​គាត់​យ៉ាង​ដូច្នេះ "​ខ្ញុំ​បាន​ផលិត​ដុំ​សាប៊ូ​ចេញពី​ខ្លាញ់ក្បាលពោះ​ផ្ទាល់​របស់ខ្ញុំ​សម្រាប់​ឱ្យ​ម្តាយ​លោក​យកទៅ​កក់​ខ្លួន​។ បុណ្យចូលឆ្នាំ​ចិន ជា​ពេល​សម្រាប់​ពញ្ញាក់​អារម្មណ៍​ពួក​មនុស្ស​ប្រុស​ដែល​វាយតម្លៃ​គេឯង​តែ​សំបក​ក្រៅ​"​។​

​    ​សង្សារ​ចាស់​បាន​ឆ្លើយតប​វិញ​ថា "​ហេតុអ្វី​បានជា​នាង​ធ្វើឱ្យ​ខ្ញុំ​មើល​ទៅជា​មនុស្ស​អាក្រក់​នៅ​លើ​អ៊ី​ន​ធឺ​ណេ​ត​ដូច្នេះ​?! វា​បាន​ចប់​អស់ហើយ​រវាង​យើង​ទាំងពីរ ម៉េច​ក៏​ចាំបាច់​ទៅ​ពេទ្យ​ឱ្យគេ​យក​ខ្លាញ់ក្បាលពោះមក​ផលិត​ជា​សាប៊ូ​? ពិតជា​គួរឱ្យ​ខ្ពើម​មែន​! ឆ្កួត​មែនទែន តើ​ខ្ញុំ​ពិតជា​វាយតម្លៃ​មនុស្ស​តែ​សំបក​ក្រៅ​មែន​? នាង​មិនចាំបាច់​មក​ធ្វើឱ្យ​ម្តាយ​ខ្ញុំ​ខ្ពើមរអើម​នោះទេ ឬ​ចង់​យ៉ាងណា​? ស្រី​ចង្រៃ​នេះ​!"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់