ភ្នំពេញ ៖ ក្រុមហ៊ុនចែកចាយផលិតផលប្រើប្រាស់ TSNR មើលឃើញថាជីវភាពប្រជាពលរដ្ឋកម្ពុជា មានការរីកចម្រើន ហើយក្រុមហ៊ុនគ្រោងនឹងផលិតបន្ថែមផលិតផល ដែលមានគុណភាព និងតម្លៃមធ្យម ដើម្បីឱ្យសមស្របទៅតាមតម្រូវការរបស់ប្រជាជនកម្ពុជា។
លោក ថៃ ប៊ុណ្ណា អគ្គនាយករងក្រុមហ៊ុន TSNR មានលើកឡើងថា ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំណូលរបស់ប្រជាជនកម្ពុជា កំពុងមានការរីកចម្រើន ឈានទៅរកចំណូលកម្រិតមធ្យម ដូច្នេះហើយប្រជាជន ត្រូវការផលិតផលមួយ ដែលមានម៉ាកយីហោច្បាស់លាស់ ប្រកបដោយសេចក្តីទុកចិត្ត ហេតុដូចនេះ ក្រុមហ៊ុនរបស់លោក គ្រោងនឹងពង្រីកការលក់ទៅកាន់ទីជនបទ ក្នុងនោះក្រុមហ៊ុន ក៏មានគម្រោងផលិតបន្ថែមនូវផលិតផល ដែលមានគុណភាពខ្ពស់ និងតម្លៃមធ្យម ដើម្បីតម្រូវទៅតាមការចង់បាន របស់ប្រជាជនកម្ពុជា។
លោកអគ្គនាយករងក្រុមហ៊ុន TSNR ដែលជាក្រុមហ៊ុននាំចូល ផលិតផលម៉ាកយីហោ មកពីប្រទេសជប៉ុន ផលិតឡើងនៅក្នុងប្រទេសថៃ និងប្រទេសជប៉ុន បានលើកឡើងនៅក្នុងពិធីជួបជុំក្រុមអាជីវករជាង ២០០ នាក់ ដែលប្រារព្ធឡើងនាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវិមានពិភពថ្មីសែនសុខ។
លោក ថៃ ប៊ុណ្ណា បានបញ្ជាក់ដែរថា ឆ្លងកាត់បទពិសោធន៍រកស៊ីជាច្រើនឆ្នាំ នៅក្នុងប្រទេសកម្ពុជា លោកសង្កេតឃើញថា ដំណើរការរកស៊ីនៅកម្ពុជា មានភាពល្អប្រសើរ ជាក់ស្តែងចំនួននៃការលក់ផលិតផល នៃក្រុមហ៊ុនរបស់លោក មានការកើនឡើងពី៥ទៅ១០ភាគរយ ជារៀងរាល់ឆ្នាំ។
សូមបញ្ជាក់ថា ក្រុមហ៊ុន TSNR បាននាំចូលផ្តាច់មុខនូវផលិតផលដូចជា សាប៊ូម្សៅម៉ាកប្រូ (PRO), សាប៊ូដុសខ្លួនម៉ាកស៊ូគូប៊ូតស៊ុ(SHOKUBUTSU), សាប៊ូនិងម្ស៉ៅកូនក្មេងម៉ាកកូដូម៉ូ (KODOMO), តែនិងកាហ្វេសសម្រករាងហ្វីតណេ (FITNE)...៕
