adverise with khmeread Unnamed %287%29

ពួកចោរ​ ៣​ នាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​អ្នកលក់​ផ្លែឈើ​ម្នាក់​បានសម្រេច​! តេហៅប៉ូលិស តែមិនឃើញប៉ូលិសចុះ​អន្តរាគមន៍

    ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​លក់​ផ្លែឈើ​នៅ​ផ្សារ​នាគ​មាស​មកដល់​មុខ​បន្ទប់​ជួល ចុះទៅ​ចាក់សោ​ទ្វាររបង​ផ្ទះ ស្រាប់តែ​ត្រូវ​ពួកចោរ ​៣ ​នាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​យប់ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លងទៅនេះ​នៅក្បែរ​ផ្ទះសំណាក់​ភូមិ​ឫស្សី ស្ថិតក្នុង​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ នាង ឌឿ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខ​អ្នកលក់​ផ្លែឈើ ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​អំពិល ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ។​

    ជនរងគ្រោះ​បាន​រៀបរាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​គាត់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GD-3453 ដែល​ទើបតែ​ទិញ​បាន​១​ខែ​មិនទាន់បាន​កាត​គ្រី​ផង ចេញពី​ផ្សារ​នាគ​មាស​ក្នុង​គោលបំណង​ទៅ​បន្ទប់​ជួល​វិញ។​

    ពេលមកដល់​ផ្លូវ​បេតុង​មុខ​បន្ទប់​ជួល គាត់​មិនបាន​ពន្លត់​ម៉ូតូ​ទេ ហើយ​បាន​ចុះ​ពីលើ​ម៉ូតូ​យក​កូនសោ​ចាក់សោ​ទ្វាររបង​ដើម្បី​ចូល​បន្ទប់​ជួល។​ ស្រាប់តែ​ក្រុមចោរ​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​លោត​ពីលើ​ម៉ូតូ​ចុះមក​ជិះ​ម៉ូតូ​របស់គាត់។​

    ចំណែក​ចោរ​ម្នាក់ទៀត​ដក​កាំភ្លើងខ្លី​ភ្ជង់​គាត់​មិនឱ្យ​ស្រែក និង​គំរាម​យក​កាបូប​លុយ តែ​គាត់​មិន​ព្រមឱ្យ​ទេ ដោយបាន​បើកទ្វារ​របង​រត់​ចូល​ផ្ទះ ទើប​ជនសង្ស័យ​ជិះ​ម៉ូតូ​ចេញទៅ​បាត់។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចុះ​អន្តរាគមន៍ តែ​មិនឃើញ​មាន​ប៉ូលិស​មក​ទេ ឃើញតែ​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ចុះ​សួរនាំ​ទៅវិញ៕

adverise with khmeread

មតិយោបល់