adverise with khmeread Unnamed %2812%29

បុរសដែលចាក់​ប្រពន្ធរបួសធ្ងន់​ និង​យក​អំបែង​កញ្ចក់​ចាក់​ខ្លួនឯង​ធ្លាយ​ពោះវៀន​មក​ក្រៅ បានស្លាប់​ហើយ

    ភ្នំពេញ ៖ បន្ទាប់ពី​ជួយសង្គ្រោះ​ពី​សំណាក់​ក្រុមគ្រូពេទ្យ​អស់​ជាច្រើន​ម៉ោង បុរស​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​យក​អំបែង​កញ្ចក់​ផ្ទះ​មកចាក់​ពោះ​ធ្លាយ​ពោះវៀន​ខ្លួនឯង​នោះ បាន​ស្លាប់​ហើយ​នៅ​ព្រឹក​មិញ​នេះ។​

    គួររំលឹកថា អំពើហិង្សា​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នា​វេលា​ម៉ោង១១ ​និង​២០​នាទី​យប់​ថ្ងៃទី​២៧​ ខែវិច្ឆិកា ​ឆ្នាំ​២០១៦ ចំណុច​ផ្ទះជួល​មួយកន្លែង​ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ជា​ប្រពន្ធ​មានឈ្មោះ​ សុទ្ធ ចាន់ថន ​ភេទ​ស្រី ​អាយុ​៣៦​ឆ្នាំ​ មុខរបរ​លក់​អីវ៉ាន់​ចាប់ហួយ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ។ ​ចំណែក​ជនបង្ក​ជា​ប្តី​ឈ្មោះ ផៃ ចំរើន ភេទ​ប្រុស អាយុ៣៤​ឆ្នាំ មុខរបរ​ជាងឈើ​ធ្វើការ​នៅ​ប្រទេស​ថៃ។​

    តាម​សំដី​ពី​ស្ត្រី​ម្នាក់​ឈ្មោះ សុទ្ធ ស៊ីណា អាយុ៣១​ឆ្នាំ ​ត្រូវជា​សាច់ញាតិ​ខាង​ប្រពន្ធ​បានឱ្យដឹងថា ២​ នាក់​ប្តី​ប្រពន្ធ​ខាងលើនេះ​មានកូន​ ២ ​នាក់​និង​បាន​លែងលះគ្នា​ជាង​ ៣ ​ឆ្នាំ​ហើយ​ដោយសារតែ​ខាង​ប្តី​លួច​ទៅ​មាន​ប្រពន្ធចុង​មួយទៀត ចុះចោល​ប្រពន្ធ​ដោយ​គ្មាន​ដំណឹង​។​

    ប្រភព​ដដែល​បន្តថា មុនពេល​កើតហេតុ​ម៉ោង​ប្រហែល​៩​យប់ ជនបង្ក​ជា​ប្តី​បានមក​ផ្ទះកើតហេតុ​ហើយ​សុំ​ត្រូវ​ជាមួយ​ប្រពន្ធ​វិញ​ដោយ​សន្យាថា​នឹង​កែខ្លួន​លែង​ដើរលេង​មាន​ស្រី​ញី​ទៀតហើយ​តែ​ខាង​ប្រពន្ធ​មិន​ព្រម ។​

    បន្ទាប់មក​ខាង​ប្តី​ក៏បាន​សុំ​កូនពៅ​មួយ​យកទៅ​ចិញ្ចឹម ខាង​ប្រពន្ធ​នៅតែ​មិន​ព្រមធ្វើ​ឱ្យ​ប្តី​ខឹង​និង​បាន​គំរាម​សម្លាប់ចោល​ទាំងអស់។ ពេល​និយាយ​ចប់​ជនបង្ក​បាន​យក​កាំបិត​មកចាក់​ប្រពន្ធ​រងរបួស​ធ្ងន់។​

    ក្រោយពេលដែល​អ្នកជិតខាង​ឮសូរ​សំឡេង​កូនក្មេង​យំ​ក៏បាន​នាំ​គា្ន​សម្រុកចូល​ក្នុងផ្ទះ​ដើម្បី​យក​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ទៅ​ពេទ្យ។ ​ចំណែក​ជនបង្ក​បាន​រត់ឡើង​ទៅលើ​ជាន់​ឡៅតឿ ចងក​សម្លាប់ខ្លួន​តែ​មិន​ស្លាប់ ហើយ​បាន​វាយ​បែក​កញ្ចក់ទ្វារ​បង្អួច​ព្រមទាំង​យក​អំបែង​ដែល​បែក​នោះមក​ចាក់​ពោះ​ខ្លួនឯង​ធ្លាយ​ពោះវៀន​មក​ក្រៅ និង​បាន​គប់​អំបែង​កញ្ចក់​មកក្រោម​សំដៅ​អ្នកជិតខាង​ដែល​ឈរ​មើល​នៅក្បែរនោះ។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ធ្វើការ​ឃាត់ខ្លួន​ជនបង្ក តែដោយសារ​ជនបង្ក​របួសធ្ងន់​សម​ត្ថ​កិច្ច​ក៏បាន​ទាក់ទង​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ និង​រង់ចាំ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​តាម​ក្រោយ ពេល​ជនរងគ្រោះ​និង​ប្តី​ជា​ជនបង្ក​ចេញពី​ពេទ្យ៕​

adverise with khmeread

មតិយោបល់