adverise with khmeread Combo safe

ជនជាតិ​ចិន​បាត់​ទូដែក​ពីក្នុងផ្ទះ​...​ប្តឹង​ចោទ​ស្ត្រី​ចុងភៅ​ថា ​«​ជា​អ្នក​លួច​»

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា​បានទទួល​ឃាត់ខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់​ជា​ចុងភៅ ​និង​អ្នក​សម្អាត​អនាម័យ​ដោយ​ប្តឹង​ចោទថា ស្ត្រី​នោះបាន​លួច​ទូដែក​ដាក់​លុយ នៅ​ចំណុច​ក្នុង​បូរី​ពិភពថ្មី​ផ្ទះ​លេខ​១៩ ផ្លូវ​បេតុង​លេខ​០១ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ចែ​ន ឡៃ​ស្រ៊ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​ចុងភៅ និង​អ្នក​អនាម័យ ស្នាក់នៅ​កន្លែង កើតហេតុ​ខាងលើ។

    ចំណែក​ជនរងគ្រោះ​ឈ្មោះ លីវ ស៊ី​ង​យ៉ុង ជនជាតិ​ចិន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ប្រធាន​សមាគម​ចិន ស្នាក់នៅ ចំណុចកើតហេតុ​ង​លើ​(​លិខិតឆ្លងដែន​បាត់​ជាមួយ​ទូដែក​)​។​ សម្ភារៈ​បាត់បង់ ទូដែក​ចំនួន​១ មាន​ប្រាក់​ចំនួន​ ២.៧០០ ​ដុល្លារ​និង​ឯកសារ​មួយចំនួន។

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចេញពីផ្ទះ​នៅ​ថ្ងៃទី​២៦ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង​ប្រហែល​៤​ល្ងាច។ ​លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​២៧ ​វិច្ឆិកា ​២០១៦ ជនរងគ្រោះ​បាន​ត្រឡប់មកផ្ទះ របស់ខ្លួន​វិញ​ចូលក្នុង​បន្ទប់​ស្រាប់តែ​បាត់​ទូដែក​ដែល​ទុក​ក្នុង​បន្ទប់។

    ជនរងគ្រោះ​បាន​ហៅ​ជនសង្ស័យ​សួរនាំ​រហូត ដល់​ម៉ោង​៥ ​និង​៣០​នាទី ល្ងាច​ថ្ងៃ​ដដែល​ទើប​ជនរងគ្រោះ​នាំខ្លួន​ជនសង្ស័យ​មក​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា និង​បានដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​តែម្តង។

    បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​ស្រាវជ្រាវបន្ត៕

adverise with khmeread

មតិយោបល់