adverise with khmeread Unnamed

ភ្លើង​ឆេះ​អស់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​២​ខ្នង​នៅ​ក្រុង​សៀមរាប​

    សៀមរាប ​៖ ផ្ទះ​ពលរដ្ឋ​ចំនួន​២​ខ្នង​រស់នៅ​ក្រុមទី​០៥ ស្ថិតក្នុង​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​នៅវេលា​ម៉ោង​១២ និង​១០​នាទី​ត្រូវ​និង​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​ដោយសារ​ទុស្សេ​ខ្សែភ្លើង​ខ​ណៈ​ម្ចាស់ផ្ទះ​មិន​នៅ​ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​។​

    លោក​អនុសេនីយ៍ត្រី ធឹ​ម រិ​ទ្ធា នាយប៉ុ​ស្តិ៍ ស្តីទី​សង្កាត់​ស្លក្រាម​បានឱ្យដឹងថា​ហេតុការណ៍​នេះ​ឆាបឆេះ​ផ្ទះ​អ្នកលក់ដូរ​ឥ​វ៉ាន់ និង​ផ្ទះ​លក់​ក្តា​មឈូស​អស់ទាំង​ស្រុង​ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ​។​

    លោក​បន្តថា មុនដំបូង​ភ្លើង​ឆាប​ផ្ទះ​ឈ្មោះ អ៊ុង ភឿន ភេទ​ស្រី អាយុ​៧៤​ឆ្នាំ នៅ​ក្រុមទី​៥ ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ឆេះ​ផ្ទះ​អស់​១​ខ្នង​ទំហំ ៧​ គុណ​ ៩​ ម៉ែត្រ​ធ្វើ​អំពី​ថ្ម​ក្រោម ឈើ​លើ និង​ខូចខាត​សម្ភារៈ​មួយចំនួន​។​

    ក្រៅពីនោះ​ឆេះ​ដូចជា​ទូទឹកកក​០១​គ្រឿង គ្រែ​៥ ទូ​ឈើ​០៣ និង​សម្ភារៈ​ក្នុងផ្ទះ​ឆេះ​អស់ទាំង​ស្រុង ហើយ​បាន​ឆេះ​ដំបូង​លើ​ធ្វើឱ្យ​ភ្លើង ធ្លាក់​មកក្រោម​បណ្ដាលឱ្យ​ឆេះ​ផ្ទះ​ឈ្មោះ លីវ ហ្គិ​ច ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ដែល​បាន​ជួល​ផ្ទះ​ទៅឱ្យ​ឈ្មោះ​ ឆ​យ សុវណ្ណ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ផ្ទះ​មាន​ទំហំ​ ៥ ​គុណ​ ៧ ​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ធ្វើ​ក្ដារ​មឈូស​សម្រាប់​តម្កល់​សព​ឆេះ​អស់​ចំនួន​១១​ក្ដារ​មឈូស​ និង​ម៉ូតូ​១​គ្រឿង រួមទាំង​សម្ភារៈ​មួយចំនួនទៀត​។​

    លោក​បន្ថែមថា មូលហេតុ ដែល​បណ្តាលឱ្យ​ភ្លើង​ឆាបឆេះ​គឺ​មកពី​ទុស្សេ​ខ្សែភ្លើង​នៅផ្ទះ​ឈ្មោះ អ៊ុង ភឿន មុន តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​និង​អ្នកជិតខាង​បាន​ជួយ​ពន្លត់​ដោយ​ប្រើប្រាស់​ឡានទឹក​អស់​ចំនួន ​៤ ​គ្រឿង ក្នុងនោះ​ឡាន​អាវុធហត្ថ​ ២ ​គ្រឿង និង​ឡាន​របស់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តសៀមរាប​ ២​ គ្រឿង ករណីនេះ​មិន​បណ្តាល​ឱ្យ​អ្នកណាម្នាក់​រងគ្រោះ​នោះទេ ហើយ​អគ្គិភ័យ​នេះ​ត្រូវបាន​រលត់ទៅវិញ​នៅ​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​ដដែល​៕​

adverise with khmeread

មតិយោបល់