Untitled 1

ឃាត់​មនុស្ស​ ៣​ នាក់​ពីបទ​លួច ចែកចាយ និង ប្រើប្រាស់​គ្រឿងញៀន​

    កំពង់ឆ្នាំង ៖ មនុស្ស​៣​នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​ចាប់ខ្លួន​ក្នុង​៣​ករណី​ផ្សេងគ្នា​​គឺ​បុរស​ម្នាក់​ពីបទ​ប៉ុនប៉ង​លួច  បុរស​ម្នាក់ទៀត​ពីបទ​ចែកចាយ​គ្រឿងញៀន​និង​ស្ត្រី​ម្នាក់​ប្រើប្រាស់​គ្រឿងញៀន។​

    ករណី​ទី​១- នៅវេលា​ម៉ោង​៣ ​និង​៣០​នាទី​ឈានចូល​ថ្ងៃទី​២៩ ​វិច្ឆិកា ​២០១៦​ កម្លាំង​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ឈ្មោះ ​សាន សុវណ្ណ​ពិសី ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារលើ ​សង្កាត់​ផ្សារឆ្នាំង​ ក្រុង​កំពង់ឆ្នាំង ពីបទ ប៉ុនប៉ង​លួច​ (​ចូល​លួច​ទ្រព្យសម្បត្តិ​)​ នៅ​ចំណុច​ផ្ទះ​អង្ក​ការ​ "​សហគ្រិនភាព​" ដែលមាន​ទីតាំងនៅ​ភូមិ​ស្រែព្រីង​ សង្កាត់​កំពង់ឆ្នាំង​។​

    ករណី​ទី​២-​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​ការសហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត​ចុះបង្ក្រាប​ករណី រក្សាទុក​ និង​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ​ហ៊ុយ ប៊ុន​ហួត ​ភេទ​ប្រុស ​អាយុ​៦០​ឆ្នាំ​ ក្នុងភូមិ​ផ្សារលើ សង្កាត់​-​ក្រុង​ផ្សារឆ្នាំង​កាលពី​ថ្ងៃទី​២៨ ​វិច្ឆិកា​ វេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច។

    លទ្ធផល​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ចេង សុផល ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារលើ​ សង្កាត់​ផ្សារឆ្នាំង ដកហូត​វត្ថុតាង​ថ្នាំ​ម្សៅ​ពណ៍​ស​ក្រាម​១​កញ្ចប់​តូច​, ​ទូរស័ព្ទដៃ ០៤ ​គ្រឿង​, ​លុយ​ខ្មែរ ២៣ ៨៥០០​រៀល​,​ ដែកកេះ ០១។

    ករណី​ទី​៣-​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​កាលពី​ល្ងាច​ថ្ងៃទី​២៨​ ​វិច្ឆិកា ​២០១៦ នៅ​ចំណុច​ផ្ទះ ៥ ជាន់​ក្នុងភូមិ​ឃ្លាំងប្រាក់​សង្កាត់​ប្អេ​រ លទ្ធផល​ពិនិត្យឃើញ​ជនសង្ស័យ​ម្នាក់​ស្នាក់នៅ​ចំណុច​ផ្ទះ​៥​ជាន់​ឈ្មោះ​ ទី កញ្ញា ភេទ​ស្រី ​អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ​ខេត្តកណ្ដាល ប្រើប្រាស់​គ្រឿងញៀន ដោយ​ជាប់ ​និង​ខ្លួន​មាន ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ និង​លុយ​ខ្មែរ ៣២០.០០០​ រៀល​កាបូបយួរ​មួយ៕

មតិយោបល់