adverise with khmeread Broken car

មុននឹង​ជ្រើសរើស​ទិញ​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​ឬ​សាំង ប្រៀបធៀប​គុណសម្បត្តិ​និង​គុណវិបត្តិ​ទាំងនេះ​សិន ចាំ​សម្រេចចិត្ត​

​    ​មុននឹង​សម្រេចចិត្ត​ជ្រើសរើស​ទិញ​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​ឬ​សាំង លោកអ្នក​ត្រូវ​ចេះ​ប្រៀបធៀប​គុណសម្បត្តិ​និង​គុណវិបត្តិ​ទាំងនេះ​សិន ចាំ​សម្រេចចិត្ត​មួយ​ថា​តើ​លោកអ្នក​គួរ​ទិញ​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត ឬ រថយន្ត​ប្រើ​សាំង​? នេះ​គឺជា​ផ្នែក​មួយ​នៃ​ការសម្រេចចិត្ត​ដ៏​ធំ​ក្នុង​ការទិញ​រថយន្ត​មកប្រើប្រាស់​ប្រចាំថ្ងៃ​របស់លោក​អ្នក​។  

​    ​ការជ្រើសរើស​រវាង​ប្រភេទ​រថយន្ត និង ម៉ាក​រថយន្ត​ដែល​យើង​គិតថា​ចង់​ទិញ​ផង​នោះ​លោកអ្នក​គួរតែ​ពិចារណា​ឱ្យបាន​ច្បាស់លាស់​ថា «​ប្រភេទ​ប្រេងឥន្ធនៈ​បែបណា​ដែល​សាកស​ម្យ​ទៅនឹង​របៀប និង គោលបំណង​នៃ​ការប្រើប្រាស់​រថយន្ត​រប​ស់​អ្នក​»​។ 

​    ​យើងទាំងអស់គ្នា​តែងតែ​ចាត់ទុកថា​រថយន្ត​ម៉ា​ស៊ូ​ត​គឺជា​ប្រភេទ​រថយន្ត​ដែល​បង្ក​នូវ​សំឡេង​រំខាន​កខ្វក់ និង មានតម្លៃ​ថ្លៃ​នៅពេលដែល​យើង​ទិញ​វា ។ ប៉ុន្តែ​វា​ក៏បាន​ជួយ​សន្សំសំចៃ​ការចំណាយ​របស់​យើង​ទៅលើ​ប្រេងឥន្ធនៈ​ផងដែរ ជាពិសេស​នៅ​ខណៈពេល​ប្រេង​ឡើងថ្លៃ​។​

​    ​មួយរយៈ​ពេលកន្លងមក​នេះ ទាំង​រោងចក្រ​ផលិត​រថយន្ត និង អ្នកវិទ្យាសាស្ត្រ​បានធ្វើ​កិច្ចខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​ជាច្រើន​ដើម្បី​លុបបំបាត់ចោល​ទស្សនៈ​នៃ​ជម្រើស​ប្រេងឥន្ធនៈ​ទាំងនេះ ដោយ​ពួកគេ​បាន​ខិតខំ​កែច្នៃ​ឱ្យ​ម៉ាស៊ីនរថយន្ត​ម៉ា​ស៊ូ​ត​កាន់តែ​ល្អប្រសើរ និង កាត់បន្ថយ​សំឡេង​រំខាន រីឯ​ម៉ាស៊ីនរថយន្ត​សាំង​វិញ​កាន់តែ​ធ្វើឱ្យ​វា​ស៊ីសាំង​កាន់តែ​តិច​។​

​    ​ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយចំនួន​សម្រាប់​ពិចារណា​និង​ជា​ជំនួយស្មារតី​ដល់​លោកអ្នក​ទាំងអស់គ្នា ក្នុងការ​ជ្រើសរើសរ​វា​ង​រថយន្ត​ម៉ា​ស៊ូ​ត និង រថយន្ត​សាំង​។ 

​    ​១-​ការកំណត់​នូវ​គោលបំណង​នៃ​ការប្រើប្រាស់​រថយន្ត​៖ ជាទូទៅ​ប្រសិនបើ​យើង​និយាយ​អំពី​ការប្រើប្រាស់​រថយន្ត​ដែល​ប្រើប្រាស់​ញឹកញាប់ និង ការបើកបរ​ផ្លូវ​ឆ្ងាយ នោះ​មានន័យថា​ការប្រើប្រាស់​រថយន្ត​ម៉ា​ស៊ូ​ត​គឺជា​ជម្រើស​សក្ដិសម​បំផុត​សំរាប់​លោកអ្នក​។ ប៉ុន្តែ​ប្រសិនបើ​ភាគច្រើន ការធ្វើដំណើរ​របស់លោក​អ្នកមាន​នៅតែ​ក្នុង​ទីក្រុង​និង ទៅ​ទីកន្លែង​ដែល​ជិតៗ​នោះទេ ជម្រើស​ប្រភេទ​រថយន្ត​ដ៏​ល្អ​បំផុត​សម្រាប់​លោកអ្នក​គឺជា​រថយន្ត​ម៉ាស៊ីន​ប្រើ​សាំង​ដែលមាន​កម្លាំង​តូច​។ 

​    ​ជាធម្មតា​តម្លៃ​របស់រ​ថ​យន្ត​ប្រើ​ម៉ា​ស៊ូ​ត​តែងតែ​ថ្លៃ​ជាង​រថយន្ត​ប្រើ​សាំង ប៉ុន្តែ​វា​ក៏បាន​កាត់បន្ថយ​ការចំណាយ​របស់​យើង​ក្នុងការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ផងដែរ ដូច្នេះ​យើង​គួរតែ​ធ្វើការ​ថ្លឹងថ្លែង​ឱ្យបាន​ច្បាស់លាស់ ថា​តើ​ការ​សន្សំសំចៃ​ការចំណាយ​ទៅលើ​ប្រេងឥន្ធនៈ​អាច​កាត់កង ឬ ចំណេញ​ជាង​ការចំណាយ​ទៅលើ​រថយន្ត​ម៉ា​ស៊ូ​ត​ដែលមាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ប្រើ​សាំង​ដែរឬទេ​?

​    ​២-​ការប្រៀបធៀប​រវាងរ​ថ​យន្ត​ប្រើ​សាំង និង រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​៖ កន្លងមក​ធ្លាប់មាន​ការយល់ឃើញ​ពី​ផល​អវិជ្ជមាន​ថា​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​គឺមាន​ល្បឿន​យឺត​ជាង ធំក្លិន​អាក្រក់ មាន​សំឡេង​រំខាន និង មានតម្លៃ​ថ្លៃ​ជាង​រថយន្ត​ប្រើ​ប្រេងសាំង​។ ប៉ុន្តែ​សម្រាប់​ពេលបច្ចុប្បន្ន​នេះ​ការប្រើប្រាស់​រថយន្ត​ម៉ា​ស៊ូ​ត​គឺមាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​ហើយ ជាហេតុ​នាំឱ្យ​រថយន្ត​ទាំងពីរ​ប្រភេទ​នេះ​មានគុណ​សម្បត្តិ និង គុណវិបត្តិ​ប្រហាក់ប្រហែលគ្នា​។​

​    ​ខាងក្រោម​នេះ​គឺជា​ចំណុច​មួយចំនួន​ដែល​ទាក់ទង​ទៅនឹង​គុណសម្បត្តិ និង គុណវិបត្តិ​របស់​រថ​យន្ត​ទាំងពីរ​ប្រភេទ​នេះ ៖ 
​    ​ក​- គុណសម្បត្តិ​នៃ​រថយន្ត​ប្រើប្រាស់​ម៉ា​ស៊ូ​ត 
​    ​១. អត្ថប្រយោជន៍​ផ្នែក​ហិ​រញ្ញា​វត្ថុ ៖ ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ធន់​ជាង និង អាចជួយ​សន្សំសំចៃ​ការចំណាយ​ទៅលើ​ការប្រើប្រាស់​ប្រេងឥន្ធនៈ​បាន 15-20% ច្រើនជាង​រថយន្ត​ប្រើប្រាស់​សាំង​។ ម្យ៉ាងវិញទៀត​យើង​ក៏​អាច​លក់​វិញ​ក្នុងតម្លៃ​ថ្លៃ​ជាង​រថយន្ត​ប្រើ​សាំង​ផងដែរ​។​
​    ​២. អត្ថប្រយោជន៍​ដល់​បរិស្ថាន ៖ សម្រាប់​ចំណុច​នេះ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គឺមាន​លក្ខណៈ​ល្អ​ជាង​រថយន្ត​ប្រើ​សាំង ព្រោះ​ជាធម្មតា​រថយន្ត​ប្រភេទ​នេះ​ផលិត​ពី​ឧស្ម័ន​កាបូ​និ​ច (CO2) តិចជាង បើ​ប្រៀបធៀប​ទៅនឹង​ម៉ាស៊ីន​សាំង​ដែលមាន​កម្លាំង​ប៉ុនគ្នា​។ 
​    ​៣. អត្ថប្រយោជន៍​ដល់​ការបើកបរ ៖ រថយន្ត​ម៉ា​ស៊ូ​ត​មាន​កម្លាំង​ប​ង្វ​ល់​ជុំ​ខ្លាំង​ជាង​រថយន្ត​ប្រើ​សាំង ពោលគឺ​រថយន្ត​ប្រើប្រាស់​ម៉ា​ស៊ូ​ត​គឺមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​បើកបរ​សណ្តោង និង ទ្រ​ទម្ងន់​បាន​ធ្ងន់​ជាង​រថយន្ត​ប្រើ​សាំង​។ 

​    ​ខ​- គុណវិប្បត្តិ​នៃ​រថយន្ត​ប្រើប្រាស់​ម៉ា​ស៊ូ​ត ៖ 
​    ​១. ផ្នែក​ហិ​រញ្ញា​វត្ថុ ជាធម្មតា​របស់​រថយន្ត​ម៉ា​ស៊ូ​ត​គឺមាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ប្រើ​សាំង ហើយ​ការចំណាយ​ក្នុងការ​ថែទាំ និង ជួសជុល​ក៏​ថ្លៃ​ជាង​ផងដែរ​។ 
​    ​២. ការប៉ះពាល់​ដល់​បរិស្ថាន ៖ ទោះបី​ជាមាន​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​មានការ​បំ​ភាយ​ឧស្ម័ន CO2 របស់ខ្លួន​ទាប​ជាង​រថយន្ត​ប្រើ​ប្រេងសាំង​ក៏ដោយ ប៉ុន្តែ​វា​ក៏បាន​ផលិត​នូវ​សារធាតុ​
​តូច​ល្អិត​ម្យ៉ាង ដែលជា​មូលហេតុ​ផ្សាភ្ជាប់​ទៅនឹង​ការបង្ក​បញ្ហា​ដល់​ការដកដង្ហើម​ដូចជា​ជំងឺហឺត​ជាដើម​។ 
​    ​៣. បញ្ហា​ដល់​ការបើកបរ ៖ ជាធម្មតា​រថយន្ត​ម៉ា​ស៊ូ​ត​គឺមាន​សំឡេង​លាន់​ខ្លាំង ហើយ​សំឡេង​លាន់​នេះ​គឺ​កាន់តែខ្លាំង​នៅពេលដែល​រថយន្ត​រប​ស់​អ្នកមាន​អាយុកាល​កាន់តែ​ចាស់ ។ 

​    ​គ​-​គុណសម្បត្តិ​នៃ​រថយន្ត​ប្រើប្រាស់​សាំង ៖ 
​    ​១. អត្ថប្រយោជន៍​ផ្នែក​ហិ​រញ្ញា​វត្ថុ  រថយន្ត​ប្រើប្រាស់​សាំង​មានតម្លៃ​ថោក​ជាង​រថយន្ត​ដែល​ប្រើប្រាស់​ម៉ា​ស៊ូ​ត ហើយ​ការចំណាយ​ទៅលើ​ការថែទាំ​ក៏​អស់​តិចជាង​ផងដែរ​។ 
​    ​២. អត្ថប្រយោជន៍​ដល់​ការបើកបរ ៖ រថយន្ត​ប្រើប្រាស់​សាំង​មាន​សំឡេង​ស្ងាត់​ជាង និង មាន​សន្ទុះ​លឿន​ជាង​រថយន្ត​ប្រើប្រាស់​ម៉ា​ស៊ូ​ត​។ 

​    ​ឃ​- គុណវិប្បត្តិ​នៃ​រថយន្ត​ប្រើប្រាស់​សាំង​៖ 
​    ​១.​ផ្នែក​ហិ​រញ្ញា​វត្ថុ  រថយន្ត​ប្រើប្រាស់​សាំង​មិនសូវមាន​ភាព​ធន់ បើ​ប្រៀបធៀប​ជាមួយនឹង​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​។ ម្យ៉ាងវិញទៀត​តម្លៃ​រថយន្ត​ប្រើប្រាស់​សាំង​ក៏​ធ្លាក់​លឿន និង លក់បាន​ថោក​បើ​ប្រៀបធៀប​ជាមួយ​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​។ 
​    ​២.​ការប៉ះពាល់​ដល់​បរិស្ថាន ៖ រថយន្ត​ប្រើប្រាស់​សាំង​មានការ​បំ​ភាយ​ឧស្ម័ន CO2 ច្រើនជាង​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត ពោលគឺ​ប៉ះពាល់​ដល់​បរិស្ថាន​ជាង​ប្រើ​ម៉ា​ស៊ូ​ត​។ 

​    ​កត្តា​ទាំងអស់នេះ គឺជា​ការប្រៀបធៀបរ​វា​ង​រថយន្ត​ដែល​ប្រើប្រាស់​ម៉ា​ស៊ូ​ត និង រថយន្ត​ប្រើប្រាស់​សាំង​។ សរុបសេចក្តី​មក​ការសម្រេចចិត្ត​ជ្រើសរើស​រថយន្ត​ប្រភេទ​ណា​នោះ​គឺ​អាស្រ័យទៅលើ​ថា​តើ​លោកអ្នក​នឹង​ប្រើប្រាស់​រថយន្ត​អ្នក​ដល់​កម្រិតណា​?​។​

        ប្រសិនបើ​លោកអ្នក​គ្រោង​នឹង​ប្រើ​វា​សម្រាប់​ធ្វើដំណើរ​ចម្ងាយ​ឆ្ងាយ និង ជា​រៀងរាល់​ថ្ងៃនោះ លោកអ្នក​គួរតែ​ជ្រើសរើស​រថយន្ត​ម៉ា​ស៊ូ​ត​ប្រសើ​ជាង​រថយន្ត​ប្រើ​សាំង​(​តាម​ទស្សនៈ​ខ្មែរ​រីដ​)៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់