adverise with khmeread 0

ប្រធានាធិបតី​តៃវ៉ាន់​ចេញមុខ​ការពារ​តារាចម្រៀង Chou Tzu-yu របស់​ក្រុម TWICE

​    ​ប្រធានាធិបតី​លោក Ma Ying-jeou បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា តារាចម្រៀង​តៃវ៉ាន់ នាង Chou Tzu-yu មិនចាំបាច់​សុំទោស​រឿង​កាន់​ទង់ជាតិ​សាធារណរដ្ឋ​ចិន (​តៃវ៉ាន់​) នៅក្នុង​កម្មវិធី​ទូរទស្សន៍​កូរ៉េ​នោះទេ ដែល​នេះ​ជា​ទង្វើ​មួយ​បង្កឱ្យមាន​កំហឹង​យ៉ាងខ្លាំង​ចេញពី​ចិនដីគោក​។  

​    ​លោក Ma បាន​ប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បន្ទាប់​ក្នុង​ទីក្រុង​តៃប៉ិ​កាលពី​ថ្ងៃ​សៅរ៍​ថា "​នាង​មិនចាំបាច់​សុំទោស​នោះទេ​, យើង​គាំទ្រ​នាង​"​។ លោក Ma បាន​បន្ថែមទៀតថា ប្រជាជន​តៃវ៉ាន់ ដែលមាន​សញ្ជាតិ​សាធារណរដ្ឋ​ចិន និង​បង្ហូតទង់​តៃវ៉ាន់​ទាំង​ក្នុង​និង​ក្រៅប្រទេស​គួរតែ​ត្រូវបាន​គាំទ្រ​។

​    ​លោក Ma បាន​ថ្លែង​ដូច្នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​រឿងចម្រូងចម្រាស​ដែល​កំពុង​កើតឡើង​ទាក់ទង​នឹង​នាង Chou Tzu-yu ជា​អ្នក​តៃវ៉ាន់​ម្នាក់​គត់​ដែល​ស្ថិតក្នុង​ក្រុម​ចម្រៀង TWICE របស់​កូរ៉េខាងត្បូង​។

​    ​នាង Chou បាន​ថ្លែង​ទាំង​ទឹកភ្នែក​រលីងរលោង​ក្នុង​វីដេអូ​ឃ្លី​ប​មួយ ដែល​បង្ហោះ​កាលពី​យប់​ថ្ងៃ​សុក្រ ដោយបាន​ធ្វើការ​សុំទោស​ចំពោះ​ការដែល​បាន​កាន់​ទង់​តៃវ៉ាន់ និង​បង្ហាញ​អត្តសញ្ញាណ​ខ្លួនឯង​ជា​ជនជាតិ​តៃវ៉ាន់​។

​    ​អាន​អត្ថបទ​ព្រៀងទុក​ជាមុន​ទាំង​ញ័រ​មាត់ តារាចម្រៀង​តៃវ៉ាន់​អាយុ ១៦ ឆ្នាំ​រូបនេះ​បាន​និយាយ​ក្នុង​ឃ្លី​ប​នោះ​ថា "​មាន​ចិន​តែមួយ​ប៉ុណ្ណោះ​...​ភាគី​ទាំងពីរ​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​គឺជា​ប្រទេស​តែមួយ​។ ខ្ញុំ​តែងតែមាន​មោទនភាព​ជានិច្ច​ដែល​កើតជា​ជនជាតិ​ចិន​"​។  

​    ​នាង​ក៏បាន​ថ្លែង​ដែរ​ថា នាង​ពិតជា​សុំទោស​ដែល​ទង្វើ​របស់​នាង "​បានធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ក្រុមហ៊ុន​នាង និង​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ទាំង​នៅ​ចិន​និង​តៃវ៉ាន់​អំឡុង​ការផ្សព្វផ្សាយ​ទៅ​ក្រៅប្រទេស​"​។     ​

​    ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត និង​អ្នក​អត្ថាធិប្បាយ​តាម​ទូរទស្សន៍​នៅ​តៃវ៉ាន់​ជឿថា នាង Chou Tzu-yu អាច​ត្រូវ​ផលិតកម្ម JYP Entertainment បង្ខំ​ឱ្យ​និយាយ​ដូច្នេះ ដើម្បី​បញ្ចប់រឿង​វិវាទ និង​ដើម្បី​លួង​ចិត្ត​អ្នកគាំទ្រ​ក្រុម TWICE ក្នុងប្រទេស​ចិន​។​

​    ​នាង​ជូ​ក៏បាន​បាត់បង់​កុងត្រា​ថត​ពាណិជ្ជ​កម្ម​នៅ​ចិន​ផងដែរ បន្ទាប់ពី​ឧប្បទ្ទវ​ហេតុនេះ ហើយ​តាម​ដឹង ចិន​ថែមទាំង​គំរាម​ហាមឃាត់​រាល់​តារា​របស់​ផលិតកម្ម JYP Entertainment មិន​ឱ្យមក​សម្តែង​ក្នុងប្រទេស​នេះ​ទៀតផង​៕

adverise with khmeread
ប្រភព៖ អេ​ស៊ា​វ័ន​

មតិយោបល់