adverise with khmeread 1

ផ្តាច់​ស្រា​បាន​ម៉ា​ភូមិ​ដោយសារតែ​អុក​!

​    ​ប្រជាជន​នៅ​ភូមិ Marottichal ក្នុង​រដ្ឋ Kerala ភាគខាងត្បូង​ឥណ្ឌា មាន​ទម្លាប់​លេងអុក​ប្លែក​ខុសពី​ធម្មតា​។ ជឿ​ឬ​មិន​ជឿ​? អ្នកភូមិ​សឹងតែ​ទាំងអស់គ្នា​សុទ្ធតែជា​អ្នក​ងប់​នឹង​ល្បែង​អុក​។ ក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​អុក​បានធ្វើឱ្យ​ពួកគេ​និយាយ​ពី​អុក​គ្រប់ពេល​គ្រប់​ទីកន្លែង បើទោះបីជា​មិនបាន​លេង​វា​ក៏ដោយ​។

​    ​ប៉ុន្តែ​ពីមុន​ពួកគេ​មិនដែល​ចូលចិត្ត​ល្បែង​អុក​នេះ​ទេ​។ កាលពី​អំឡុង​ទសវត្សរ៍ ១៩៦០ និង ៧០ ចំណង់​ចំណូលចិត្ត​ពិតប្រាកដ​របស់​ពួកគេ​មិនមែន​ល្បែង​អុក​នេះ​ទេ តែ​ជា​ស្រាស​ឯណោះ​ទៅវិញ​ទេ​។ អ្នកស្រុក​ភាគច្រើន​បាន​ញឿ​ន​ផឹកស្រា​ថោកៗ ដែល​បង្ក​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​សហគម​ន៍​ទាំងមូល​។ នៅពេល​មួយ​រឿងរ៉ាវ​ឈានដល់​ចំណុច​អាក្រក់​ខ្លាំង​រហូតដល់​អ្នកភូមិ​មួយចំនួន​បានស្នើ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​បង្ក្រាប​អ្នក​ផឹកស្រា និង​បិទ​កន្លែង​ផលិត​ស្រា​នៅក្នុង​ភូមិ​។

​    ​ប៉ុន្តែ​ភូមិ​នេះ​ចាប់ផ្តើម​ផ្លាស់ប្តូរ​ឡើងវិញ​នៅពេល​ក្មេងប្រុស​ថ្នាក់​ទី ១០ ឈ្មោះ C. Unnikrishnan បាន​បែកគំនិត​ចង់​រៀន​លេងអុក បន្ទាប់ពី​ត្រូវបាន​ជំរុញ​ទឹកចិត្ត​ពេល​ឃើញ​ស្តេច​អុក​វ័យក្មេង​អាមេរិក ឈ្មោះ Bobby Fischer អាយុ ១៦ ឆ្នាំ​។ Unnikrishnan បានធ្វើ​ដំណើរ​ទៅ​ភូមិ​ក្បែរ​ខាង​ទៅ​រៀន​លេងអុក​ដោយ​ខ្លួនឯង​។ ហើយ​នៅពេល​រូបគេ​ចេះ​ល្បែង​អុក​នេះ​ច្បាស់​ហើយ ក្មេងប្រុស​ម្នាក់នេះ​បាន​យក​អុក​មក​ធ្វើជា​បេសកកម្ម​ដើម្បី​ធ្វើឱ្យ​គ្រប់គ្នា​ក្នុងភូមិ​ស្រឡាញ់​ងប់​នឹង​ល្បែង​អុក​។

​    ​ដូច្នេះ Unnikrishnan ក៏បាន​បង្រៀន​លេងអុក​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​ដែលមាន​បំណង​ចង់​រៀន​លេងអុក​។ អ្វីដែល​ធ្វើឱ្យ​គាត់​រឹតតែ​រីករាយ​គឺថា ល្បែង​អុក​បាន​រីក​រាលដាល​ពេញ​ភូមិ Marottichal ប្រៀប​បីដូច​ជា​ភ្លើងព្រៃ​ដូច្នោះ​ដែរ​។ ពួកគេ​មិន​ត្រឹមតែ​ឆាប់​ចាប់បាន​ជំនាញ​លេងអុក​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បណ្តុះ​គំនិត​ស្រឡាញ់​អុក​យ៉ាង​ជ្រាលជ្រៅ​ទៀតផង​។ អំឡុង​រយៈពេល ៤ ទសវត្សរ៍​មកនេះ គាត់​បាន​បណ្តុះបណ្តាល​អ្ន​កភូមិ​ជាង ៦០០ នាក់ ក្នុងនោះ​ភាគច្រើន​សុទ្ធតែ​ឈ្នះ​ការប្រកួត​ថ្នាក់ជាតិ​ទាំងអស់​។

​    ​លោក Sreenivasan ប្រធាន​អង្គការ Gram Panchayat បាន​និយាយថា "​អ្នកភូមិ​ប្រហែល ៩០ ភាគរយ​គឺជា​អ្នក​លេងអុក​"​។ កាលពី​ខែវិច្ឆិកា​ឆ្នាំមុន លោក​បានប្រកាសថា ភូមិ Marottichal គឺជា "​ភូមិ​ចេះ​លេងអុក​ច្បាស់​" ទីមួយ ឬ "​ភូមិ​អុក​" ដំបូង​គេ​នៅ​ឥណ្ឌា​។ បិតា​អុក​ឥណ្ឌា លោក Viswanathan Anand ក៏បាន​អបអរសាទរ​អ្នកភូមិ​ចំពោះ​ការដែល​អាច​ផ្តាច់​ស្រា​មក​ចាប់យក​ការលេង​អុក​ជំនួស​វិញ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ OTC

អ្នកនឹងចូលចិត្ត

មតិយោបល់