Unnamed

ប៉ូលិស​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ ឃាត់​ជនសង្ស័យ​ ២ ​នាក់​ក្នុង ​២ ​ករណី​ផ្សេងគ្នា ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ក្នុង​រយៈពេល​តែ​ជាង​កន្លះ​ម៉ោង​កម្លាំង​ប៉ូលិស​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ល្បាត​ការពារ​ក្នុង​មូលដ្ឋាន​បាន​ឃាត់​ជនសង្ស័យ ​២ ​នាក់ ក្នុង​ ២ ​ករណី​ផ្សេងគ្នា ម្នាក់​ករណី​លួច​ខោអាវ និង​ម្នាក់ទៀត រក្សាទុក​នូវ​សារធាតុ​ញៀន​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១​ករណី​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន​ថ្នាំ​ម៉ា​ទឹកកក​១​កញ្ចប់​តូច ត្រូវបាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង១ ​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣០ វិច្ឆិកា​ ២០១៦​នៅតាម​ផ្លូវ​បេតុង ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ជនសង្ស័យ​មានឈ្មោះ នី សុខ​ប៉ាវ អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទី​២ ករណី​ដើរ​លួច​ខោអាវ​តាម​បន្ទប់​ជួល ឃាត់ខ្លួន​នៅវេលា​ម៉ោង២ ​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ខែ​ឆ្នាំ​ដដែល នៅ​ផ្លូវ​បេតុង​ភូមិ ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ជនសង្ស័យ​មានឈ្មោះ យស់ សា​អែម អាយុ ៣២ ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ មាន​ស្រុកកំណើត​ភូមិ​ចែង​មែ​ង ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយជ្រុំ ខេត្ត​សា្វ​យ​រៀង​។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​បានធ្វើការ​ល្បាត​ការពារ​នៅតាម​មូលដ្ឋាន​ដើម្បី បង្ក្រាប​បទល្មើស​ផ្សេងៗ​។ ​ខណៈពេល​កំពុង​ជិះ​ល្បាត​ក៏​ប្រទះឃើញ​ជនសង្ស័យ​ករណី​ទី​១​កំពុង​ជិះ​ម៉ូតូ ឃើញ​មានការ​សង្ស័យ​បាន​ឃាត់​ឱ្យ​ឈប់​ឆែក​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​តូច​លាក់​នៅក្នុង​កញ្ចប់​បារី។​

    បន្ទាប់មក​ខណៈ​ដឹក​ជនសង្ស័យ​ករណី​ទី​១​ទៅ​ផ្នែក​ជំនាញ ក៏​ប្រទះ​ជនសង្ស័យ​ករណី​ទី​២ ដើរ​គ្នា​២​​នាក់ បាន​ហៅ​ឃាត់​សួរនាំ។​ ភ្លាមនោះ​ជនសង្ស័យ​ម្នាក់​បាន​រត់​ផ្លោះ​របង​គេចខ្លួនបាត់ ដោយ​ម្នាក់​ដែល​ឃាត់​បាន ក្រោយពេល​សួរនាំ​ទើប​ដឹងថា​ជា​ជនដើរ​លួច​ខោអាវ​នៅតាម​បន្ទប់​ជួល ព្រោះ​មាន​ខោ​ខូវប៊យ សើម​២​នៅជាប់​នឹង​ខ្លួន​ជនសង្ស័យ​។​

    ក្រោយពេល​ឃាត់​បាន​ជនសង្ស័យ​ទាំង​ ២​​ នាក់ កម្លាំង​បាន​នាំខ្លួន​ទៅកាន់​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​សួរនាំ​បន្ត​និង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

 

មតិយោបល់