Untitled 1

ស្រវឹង​បើករថយន្ត​បុក​ម៉ូតូ​ ២​ គ្រឿង​របួសធ្ងន់ស្រាល​ ៤​ នាក់

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៩ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង​៨ ​និង​១០​នាទី យប់​នៅត្រង់ចំណុច​គល់ស្ពាន​ផ្លាក​ក្រហម លើផ្លូវ​ជាតិ​លេខ​២១ ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​រថយន្ត​ម៉ាក​​ NAVARA ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ 2O-7773 អ្នកបើកបរ​ឈ្មោះ​ ផុន ផាត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ​(​ឃាត់ខ្លួន​) ​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង។​

    លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ Citi 100 ពណ៌​ក្រហម ពាក់​ស្លាកលេខ កណ្តាល ​1B-3153 (​មាន​កញ្ចក់​មើល​ក្រោយ​និង​ពាក់មួក​សុវត្ថិភាព​) ​អ្នកបើកបរ​ឈ្មោះ ​នៅ ជឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (​របួសស្រាល​) មាន​ទីលំនៅ​ក្នុងភូមិ លេខ​៩ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ធ្វើដំណើរ​ក្នុងទិសដៅ​ស្រប​ទិសដៅ​គ្នា​ពី​ត្បូង​មក​ជើង បណ្តាល​ឱ្យ​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ​ជឿន ឧស្សាហ៍ ភេទ​ប្រុស អាយុ​៤​ឆ្នាំ​ (​របួសធ្ងន់​) ​ត្រូវបាន​សាច់ញាតិ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​។​

    បន្ទាប់មក​រថយន្ត​ខាង​លើមិនបាន​ឈប់​នៅ​កន្លែងកើតហេតុ​ទេ បាន​បន្តដំណើរ​រហូត​ដល់​ចំណុច​ខាងមុខ ​K12 បាន​ប៉ះ​ជាមួយ​ម៉ូតូ​ Honda CUB50 ពណ៌ទឹកប៊ិច គ្មាន​ស្លាក​លេខ (​គ្មាន​កញ្ចក់​មើល​ក្រោយ​នឹងមិន​ន​ពាក់មួក​សុវត្ថិភាព​) ​អ្នកបើកបរ​ឈ្មោះ​ ចំរើន គីម ភេទ​ប្រុស អាយុ​២១​ឆ្នាំ​(​របួសស្រាល​) ​មាន​ទីលំនៅ​ក្នុងភូមិ​លេខ​១​ក ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង និង​អ្នករួមដំណើរ​ពីក្រោយ​ឈ្មោះ​ ផល សុភាព ភេទ​ប្រុស អាយុ​២០​ឆ្នាំ​(​រងរបួស​ធ្ងន់​បាក់​ភ្លៅ​ឆ្វេង​) ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយ​អ្នកបើក​ម៉ូតូ ត្រូវបាន​រថយន្ត​រប​ស់​ស្នងការដ្ឋាន​ខេត្ត​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជ័​យជំនះ​។​

    ឯ​មធ្យោបាយ​ទាំង​ ៣ ​ត្រូវបាន​សមត្ថកិច្ច​យកមក​កាន់​អធិការដ្ឋាន​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ចែង​តាម​នីតិវិធី​។ សម្ភារៈ​ខូចខាត​៖​ ម៉ូតូ​២​គ្រឿង ​(​ធ្ងន់​) រថយន្ត​១​គ្រឿង​ (​ស្រាល​) របួសធ្ងន់​២ (​ប្រុស​) ស្រាល​២ (​ប្រុស​)។ ​មូលហេតុ​៖​ អ្នកបើកបរ​រថយន្ត​បើកបរ​ក្នុងស្ថានភាព​កំរិត​អាកុល ​0.77mg/L ហើយ​មិនបាន​ឈប់​នៅ​កន្លែង​កើ​ត​ហេតុ ​(​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​)៕

មតិយោបល់