Untitled 1

វិនាទី​ស្លុតចិត្ត​បំផុត​! អ្នកចាំទី​របស់​ក្លឹប Chapecoense ដែល​នៅរស់​ពី​ការធ្លាក់​យន្តហោះ បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ បន្ទាប់ពី​និយាយ​លា​ភរិយា​តាម​ទូរស័ព្ទ​

    ​អ្នកចាំទី​ក្រុម Chapecoense កីឡាករ Danilo ត្រូវបាន​គេ​ប្រកាស​បាត់បង់​ជីវិត​ទៅហើយ ទោះបីជា​គាត់​ក្លាយទៅជា​មនុស្ស​ដំបូង​គេ​ដែល​ត្រូវបាន​គេ​ប្រកាស​ឈ្មោះថា នៅ​រស់រានមានជីវិត​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ក្នុងប្រទេស​កូ​ឡុំ​ប៊ី​។​

​    ​កីឡាករ​បាល់ទាត់​វ័យ ៣១​ឆ្នាំ​រូបនេះ គឺជា​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ចំនួន ៨១​នាក់​ផ្សេងទៀត​ដែល​បាន​ស្ថិតនៅលើ​យន្តហោះ AMI2993 ដែល​ចាក​ចេញពី​ប្រទេស​ប្រេ​ស៊ី​ល​ទៅកាន់​ទីក្រុង Medellin ប្រទេស​កូ​ឡុំ​ប៊ី​។​

​    ​ចំនួន​អ្នកស្លាប់​ដំបូង​ត្រូវបាន​រាយការណ៍​ថា​មាន​ចំនួន ៧៦​នាក់ ហើយ​តួលេខ​បច្ចុប្បន្ន​កើនឡើង​ចំនួន ៧៧​នាក់​។​

​    ​Danilo ត្រូវបាន​គេ​រាយការណ៍​ថា ជា​ជនរងគ្រោះ​រស់រាន​ជីវិត​ដំបូង​គេ​ក្នុង​គ្រោះថ្នាក់​មួយ​នេះ ប៉ុន្តែ​ជា​រឿង​ដ៏​គួរឱ្យ​សោកស្តាយ​បំផុត​គាត់​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​។ យោងតាម​សេចក្តីរាយការណ៍​ក្នុងប្រទេស​កំណើត​ប្រេ​ស៊ី​ល​របស់គាត់​បាន​អះ​អា​ថា គាត់​ទទួលបាន​ឱកាស​ក្នុង​ការនិយាយ​ឆ្លើយឆ្លង​ទៅកាន់​ភរិយា​របស់ខ្លួន មុនពេល​ដែល​គាត់​លាចាក​លោក​។​

​    ​បាល់ទាត់​ទាំងអស់​ក្នុង​តំបន់​អាមេរិក​ខាងត្បូង​បច្ចុប្បន្ន ត្រូវបាន​ផ្អាក​រហូតដល់​មានការ​ជូនដំណឹង​ពេល​ក្រោយ​។​

​    ​Danilo បាន​ចូលរួម​ជាមួយ​ក្លឹប​ចាប់តាំងពី​ឆ្នាំ ២០១៤ និង​បាន​បង្ហាញខ្លួន​ចំនួន ៦៦​លើក​៕

ប្រភព៖បរទេស

មតិយោបល់