1

ស្លាប់២នាក់របួសធ្ងន់ម្នាក់ដោយសារម៉ូតូ២គ្រឿងបុកគ្នា

    ភ្នំពេញ ៖ មាន​មនុស្ស​ប្រុស​ចំនួន​២​នាក់​បាន​ស្លាប់​ភ្លាមៗ​និង​ម្នាក់ទៀត​របួស​ធ្ងន់ធ្ងរ​ដោយសារតែ​ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី យប់ ថ្ងៃទី​១៧ ខែ​កម​រា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទ តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ទី​១-​ឈ្មោះ​គង់ ណា​រិ​ទ្ធ ហៅ​ស្រអែម ភេទ​ប្រុស​អាយុ​៤២ ឆ្នាំ  ស្នាក់នៅ​ភូមិ​ដំណាក់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ជិះ​ម៉ូតូ​ម៉ាក​បា​ចា ពណ៍​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AG-7647 និង​ទី​២-​ឈ្មោះ​វៃ ផល ភេទ​ប្រុស​អាយុ​៤៣ ឆ្នាំ ស្នាក់នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។​ចំណែក​ម្នាក់ទៀត​ដែល​របួស​នៅ​មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ អ្នក​ទាំងពីរ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រឹ​ម​សង់ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FD-0469 ។​

     តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រឹ​ម​សង់ ឌុប​គ្នា​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​ខណ​:​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​បា​ចា ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​បា​ចា​ដួល​បោក​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

    ចំណែក​ម្ចាស់​ម៉ូតូ​ហុ​ដា​ឌ្រឹ​ម​សង់ របួស​ធ្ងន់ធ្ងរ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ តែ​ដោយ​អកុសល​ឈ្មោះ​វៃ ផល​ដោយសារតែ​ស្ថានភាព​របួសធ្ងន់​ពេក​ក៏បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​សហការ​ជាមួយ​ជំនាញ​ធ្វើ​កាល​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ។​ចំណែក​សព​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕​

មតិយោបល់