កោះកុង ៖ បុរសម្នាក់ដែលជាអ្នកបើកបររថយន្តដឹកទំនិញ ខូចតាមផ្លូវរួចដើរឆ្លងថ្នល់រករថយន្តជួយសណ្តោង ក៏ត្រូវម៉ូតូ បើកបរដោយយុវជនវ័យក្មេងម្នាក់ទៀតជិះម៉ូតូក្នុងល្បឿនលឿនមកបុករបួសធ្ងន់។
គ្រោះថ្នាក់នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៦២-៦៣ ចំណុចផ្លវកោង អន្ទុងអាំងស្ថិត ក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីព្រលប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប៉ូលិសនិយាយថា ពេលដែលជនរងគ្រោះឈ្មោះ ផា រី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម បានរងរបួសធ្ងន់ដឹកបញ្ជូនទៅសង្គ្រោះនៅទីក្រុងភ្នំពេញ កំពុងដើរឆ្លងទៅរកហៅរថយន្តមួយទៀតឱ្យមកជួយអូសយករថយន្តរបស់ខ្លួនដែលខូចកណ្កាលផ្លូវ ទៅជាងជួសជុល។
ពេលនោះស្រាប់តែ អ្នកបើកម៉ូតូម៉ាក C125 សេរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-66 9 ឈ្មោះ បុល ស្រួយ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បើកបុកតែម្តងបណ្តាលឱ្យបុរសឈ្មោះ ផា រី រងរបួសធ្ងន់ដឹកបញ្ជូនទៅសង្គ្រោះនៅទីក្រុងភ្នំពេញ។ ចំណែកឈ្មោះ បុល ស្រួយ ក៏រងរបួសដែរ៕
