ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ត្រាំ បានប្រកាសថា គាត់នឹងចាកចេញពីមុខជំនួញរបស់គាត់ទាំងស្រុងដើម្បីផ្តោតលើតំណែងប្រធានាធិបតី និងដើម្បីបញ្ចៀសទំនាស់ផលប្រយោជន៍។
លោកត្រាំបាននិយាយថា គាត់នឹងផ្តល់នូវព័ត៌មានលម្អិតពីគម្រោងរបស់គាត់នៅសន្និសីទកាសែតមួយជាមួយកូនរបស់គាត់នៅថ្ងៃទី ១៥ ខែធ្នូនេះ នៅទីក្រុងញូវយ៉ក។ ពីមុនគាត់ក៏ច្រានចោលការព្រួយបារម្ភជុំវិញជម្លោះរវាងមុខជំនួញរបស់គាត់ និងតំណែងប្រធានាធិបតីផងដែរ។
ស្របពេលនេះដែរ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Goldman Sachs លោក Steven Mnuchin បានបញ្ជាក់ថា គាត់ត្រូវបានជ្រើសរើសជារដ្ឋមន្ត្រីក្រសួងរតនាគារ។
លោក Mnuchin ដែលធ្លាប់ជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុនៃយុទ្ធនាការស្វែងរកសន្លឹកឆ្នោតរបស់លោកត្រាំ ក៏បាននិយាយថា វិនិយោគិនលោក Wilbur Ross ត្រូវបានជ្រើសជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
លោកត្រាំនិងក្រុមអន្តរកាលរបស់លោកមិនទាន់បញ្ជាក់ពីការជួបប្រជុំគ្នានៅឡើយទេ។
លោកត្រាំបានប្រកាសផ្តោតលើគម្រោងដកខ្លួនរបស់លោកចេញពីមុខជំនួញនៅលើគណនី Twitter ផ្លូវការរបស់គាត់ បន្ទាប់ពីនិយាយថា គាត់នឹងប្រកាសដំណឹងផ្លូវការតាមបណ្តាញសង្គមល្អជាងឱ្យសារព័ត៌មានដកស្រង់សម្តីមិនពិតចុះផ្សាយ៕
