ក្រុមអ្នកវិទ្យាសាស្ត្រនិយាយកាលពីថ្ងៃអង្គារទី២៩វិច្ឆិកាថា ការហែលទឹក កីឡាវាយសី និង ការរាំព្រមទាំងការមើលការប្រគុំតន្ត្រីត្រូវបានផ្សាភ្ជាប់ទៅនឹងការពន្យារការស្លាប់មុនអាយុ និងជាពិសេសជួយបន្ថយហានិភ័យនៃការស្លាប់ពីជំងឺបេះដូង ឬ ដាច់សរសៃឈាមខួរក្បាល (ស្ត្រូក)។
ក្នុងការសិក្សាអំពីលំហាត់ប្រាណ និងកម្រិតហានិភ័យនៃការកើតជំងឺនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការចូលរួមក្នុងប្រភេទកីឡាជាក់លាក់មួយចំនួនផ្តល់ផលប្រយោជន៍សុខភាពជាសាធារណៈ និងជំរុញវេជ្ជបណ្ឌិត និងអ្នកតាក់តែងច្បាប់ជំរុញប្រជាជនឱ្យចូលរួមសកម្មភាពកីឡាទាំងនោះ។
ការស្រាវជ្រាវនេះចេញផ្សាយក្នុងព្រឹត្តិប័ត្រព័ត៌មាន British Journal and Sports Medicine មិនបានដាក់បញ្ចូលអត្ថប្រយោជន៍សម្រាប់មនុស្សដែលចូលចិត្តរត់ និងលេងបាល់ទាត់ទេ ព្រោះក្រុមអ្នកជំនាញឯករាជ្យនិយាយថា ពួកគេរៀបចំតែប្រភេទកីឡាជាក់លាក់មួយចំនួនប៉ុណ្ណោះសម្រាប់ការសិក្សានេះ។
លោកវេជ្ជបណ្ឌិត Tim Chico អ្នកប្រឹក្សាយោបល់ជំនាញខាងជំងឺបេះដូងនៅសាកលវិទ្យាល័យ Sheffield University របស់ចក្រភពអង់គ្លេសនិយាយថា សូមកុំយកការសិក្សានេះទៅបកស្រាយខុស ថា ការរត់និងការលេងកីឡាបាល់ទាត់មិនបានការពារប្រឆាំងជំងឺបេះដូង ឱ្យសោះ ដោយហេតុថា ក្រុមស្រាវជ្រាវរបស់សាកលវិទ្យាល័យជ្រើសរើសតែកីឡាហែលទឹក ការរាំ កីឡាវាយសី និងការមើលតន្ត្រីមកសិក្សាប៉ុណ្ណោះ។
ការសិក្សានេះធ្វើឡើងពីឆ្នាំ ១៩៩៤ ដល់ ២០០៨ ដោយមានអ្នកចូលរួមអាយុជាមធ្យម ៥២ ឆ្នាំ ចំនួន ៨០.៣០៦ នាក់។ ហើយគេសង្កេតឃើញថាអ្នកដែលចូលរួមសកម្មភាពហែលទឹក រាំនិងមើលខុនសឺត (ការប្រគុំតន្ត្រី) ពន្យារការស្លាប់បានចន្លោះ ៤៧ ទៅ ៥៦ ភាគរយ៕
ប្រភព៖បរទេស
