adverise with khmeread Untitled 1

អ្នកចាំទី​ដៃ​ទី​ពីរ​របស់ Chapecoense ដែល​រង់ចាំ​ប្រកួត​លើក​ទី ៣០០ នៅ​ជើង​ទី​ពីរ​ក្នុង​ទឹកដី​ខ្លួនឯង ប្រកាស​ចូលនិវត្តន៍​ទាំង​ឈឺចាប់

    ​អ្នកចាំទី​ក្រុម Chapecoense កីឡាករ Nivaldo បាន​សម្រក់​ទឹកភ្នែក បន្ទាប់ពី​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​របស់ខ្លួន​។​

​    ​អ្នកចាំទី​វ័យ ៤២​ឆ្នាំ​រូបនេះ បាន​ត្រៀមខ្លួន​ដើម្បី​លេង​សម្រាប់​ការប្រកួត​លើក​ទី ៣០០​របស់គាត់ និង​ជាការ​ប្រកួត​ជា​លើកចុងក្រោយ​សម្រាប់ Chapecoense ពេលដែល​ពួកគេ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួលភ្ញៀវ​ក្រុម Atletico Mineiro ។​

​     អ្នកចាំទី​រូបនេះ គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​សមាជិក​ដ៏​តិចតួច​បំផុត​នៃ​កីឡាករ​ក្រុម Chapecoense ដែល​បាន​ខកខាន​ធ្វើដំណើរ​តាម​ជើងហោះហើរ ដែលជា​អកុសល​បាន​ធ្លាក់ និង​បានសម្លាប់​ជីវិត​មនុស្ស​ស្ទើរ​ទាំងស្រុង ខណៈដែល​ក្រុម​មួយ​នេះ​កំពុង​ឆ្ពោះ​ដំណើរ​ទៅកាន់​ប្រទេស​កូ​ឡុំ​ប៊ី​ដើម្បី​ជួប​មុខ Atletico Nacional ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​ទី​ពីរ​ប្រចាំ​ទ្វីបអាមេរិក Copa Sudamerica ជើង​ទីមួយ (​ស្មើ Europa League)​ដែលជា​ការប្រកួត​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​របស់​ពួកគេ​។​

​    ​ខណៈដែល​បានបង្ហាញ​ខ្លួន​ចំនួន ២៩៩​លើក​សម្រាប់​ក្លឹប​ប្រេ​ស៊ី​ល​មួយ​នេះ Nivaldo មិនបាន​ចូលរួម​ក្នុងការ​ប្រកួត​ដែល​ពួកគេ​ទទួល​បរាជ័យ​ក្នុង​លទ្ធផល ១-០ នៅលើ​ទឹកដី​របស់​ក្រុម Palmeiras នោះឡើយ ខណៈដែល​គាត់​កំពុង​រង់ចាំ​ដើម្បី​លេង​ការប្រកួត​លើក​ទី ៣០០​របស់ខ្លួន​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ក្នុង​ទឹកដី​របស់គាត់​។​

​    ​ដោយ​បញ្ជាក់​ទៅកាន់​វេ​ប​សាយ Globoesporte ជាមួយនឹង​អារម្មណ៍​ដ៏​ក្តុកក្តួល​យ៉ាងខ្លាំង Nivaldo បាន​និយាយថា "​ខ្ញុំ​បាន​សន្ម​ត់​ថា​នឹង​ទៅ​ជាមួយនឹង​ដំណើរ​មួយ​នោះ ប៉ុន្តែ​ចុងបញ្ចប់​គឺ​ស្នាក់នៅ​ក្លឹប​។ ជីវិត​មនុស្ស​ម្នាក់ៗ​សុទ្ធ​តែមាន​ហេតុផល​។ ខ្ញុំ​មិនបាន​ធ្វើដំណើរ​ទៅកាន់ Palmeiras ដោយសារតែ​វា​នឹង​អាចធ្វើឱ្យ​ការប្រកួត​លា​ចុងក្រោយ​របស់ខ្ញុំ​លេង​នៅទីនេះ​ក្នុងជំនួប​ជាមួយ Atletico Mineiro ពេលដែល​ខ្ញុំ​នឹង​បង្គ្រប់​ការប្រកួត​លើក​ទី ៣០០​សម្រាប់​ក្លឹប​។ ខណៈដែល​មានការ​ផ្លាស់​ប្តូរ​ការធ្វើដំណើរ ពួកគេ​មិនបាន​ត្រឡប់​ទៅ Chapeco ទេ តែ​ជំនួស​មកវិញ​បានធ្វើ​ដំណើរ​បន្ត​ពី Sao Paulo ទៅកាន់ Medellin​។ ដូច្នេះ Caio (​អ្នកចាត់ការ​ទូទៅ​) បាន​និយាយថា គាត់​នឹងមិន​មក​ទទួល​ខ្ញុំ​ឡើយ​"៕

 

adverise with khmeread

មតិយោបល់