adverise with khmeread 1

ហៅ​ម៉ូតូឌុប​ទៅ​កន្លែង​ស្ងាត់​យក​កន្ត្រៃ​ចាក់​ប្លន់​ម៉ូតូ​ខុស​បច្ចេកទេស​ ត្រូវ​ពលរដ្ឋ​ចាប់បាន​វាយ​ស្ទើរ​ស្លាប់​

    ភ្នំពេញ ៖ បុរស​រត់​ម៉ូតូឌុប​ម្នាក់ ឌុប​ប៉ះ​ចោរ ហៅ​ដឹក​ទៅ​កន្លែង​ស្ងាត់​យក​កន្ត្រៃ​ចាក់​ចំ​ឆ្អឹងជំនី​ក្រោម​ក្លៀក ហើយ​ត្រូវ​រងគ្រោះ​ស្រែក​ឆោឡោ​ឱ្យ​គេឯង​ជួយ​បង្ក​ការភ្ញាក់ផ្អើល ត្រូវ​ប្រជាពលរដ្ឋ​ដេញចាប់បាន​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​។​

    អំពើ​ប្លន់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ ​និង​១០​នាទី​យប់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ភាព ធឹ​ម ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។ ​ម៉ូតូ​ដែល​ជនសង្ស័យ​ប៉ុនប៉ង​ប្លន់​តែ​មិនបាន​សម្រេច​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង​ 1B- 7276។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ យ៉េន​​ សូ​ដា ភេទ​ប្រុស ​អាយុ២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ផាន់ ឃុំ​សុ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។​

    តាម​សំដី​ជនរងគ្រោះ​បានឱ្យដឹងថា ដំបូង​រូបគាត់​បាន​អង្គុយ​រង់ចាំ​ម៉ូយ​ហៅ​ឌុប​នៅមុខ​ភូមិ​គ្រិះ​សុភមង្គល​ជាធម្មតា ស្របពេលនោះ​ស្រាប់​តែមាន​ជនសង្ស័យ​ខាងលើ​មក​ហៅ​ឱ្យ​ឌុប​ទៅ​ម្តុំ​គីរីរម្យ​។​

    ខណៈ​ជិះ​ចេញទៅ​ប្រហែល​១០០​ម៉ែត្រ​ដែលជា​កន្លែង​ស្ងាត់​បន្តិច​ស្រាប់តែ​ជនសង្ស័យ​ធ្វើ​សកម្មភាព​យក​កន្ត្រៃដែល​គេ​បាន​លាក់​នៅក្នុង​កាបូបស្ពាយ រួច​ចាក់​ចំ​ក្រោម​ក្លៀក​ជនរងគ្រោះ​ខាងស្តាំ។ ​ភ្លាមនោះ​រួប​គាត់​ក៏បាន​ផ្តួល​ម៉ូតូ​ហើយ​រត់​ស្រែក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ជួយ​។​

    ដោយឡែក​ជនសង្ស័យ​ពេល​ឃើញ​ជនរងគ្រោះ​ស្រែក​ដូចនេះ​ជនសង្ស័យ​ក៏បាន​រត់​នឹង​ស្រែកថា​មាន​ចោរប្លន់​គេ​ទៅវិញ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រត់​មកជួយ​នោះ​ស្រឡាំងកាំង​មិនដឹងថា​មួយណា​ជា​ចោរ​មួយណា​ជា​ម្ចាស់​ម៉ូ​​តូ​។​

    តែ​សំណាងល្អ​មាន​បុរស​ម្នាក់​ជា​អ្នករត់ម៉ូតូឌុប​ជាមួយគ្នា​ស្គាល់​ទើប​ដេញចាប់​ជនសង្ស័យ​និង​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​បណ្តាលឱ្យ​របួសធ្ងន់​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​យកទៅ​មន្ទីរពេទ្យ​ចោមចៅ ដោយសារតែ​ស្ថានភាព​របួសធ្ងន់​ក៏​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​សង្គ្រោះ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុងធ្វើការ​សាកសួ​នៅ​ប៉ុស្តិ៍​ចោមចៅ​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​បន្ត​៕

adverise with khmeread

មតិយោបល់