Cristiano Ronaldo មានតម្លៃ​គ្រប់​សេន​ដែល Real Madrid បាន​ចំណាយ​លើ​គាត់ ខណៈ​ម្ចាស់​ក្លឹប​លោក Perez សាទរ​កំពូល​តារា​រប​ស់​ខ្លួន​មិន​ដាច់​ពី​មាត់

​    ​ប្រធាន​ក្លឹប​អធិរាជ​ស Real Madrid លោក Florentino Perez បាន​សាទរ​ទៅកាន់​តារា​ឆ្នើម​ប្រចាំ​ក្លឹប Cristiano Ronaldo ដោយ​ពណ៌នា​អំពី​ស្ថិតិ​របស់គាត់ ចាប់តាំងពី​ការធ្វើដំណើរ​មករ​បស់​គាត់​មកកាន់​ទឹកដី Bernabeu ក្នុង​ឆ្នាំ ២០០៩ ថា "​មិនធម្មតា​"​។​

​    ​Ronaldo អាច​ស៊ុត​ទម្លុះ​សំណាញ់​ចំនួន ៣៧៦​គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៣៦៣​ដង​សម្រាប់​អធិរាជ​ស ហើយ​គាត់​នៅតែ​មិនទាន់​បង្ហាញ​នូវ​សញ្ញា​ណាមួយ​អំពី​ការធ្លាក់ចុះ​ទម្រង់​របស់ខ្លួន​នៅឡើយ ដែល​បាន​ជំ​រុញឱ្យ​អធិរាជ​ស​កាលពីពេល​ថ្មីៗ​នេះ​បាន​ផ្តល់ជូន​គាត់​នូវ​កុងត្រា​ពង្រីក​សុពលភាព​ស្នាក់នៅ​បន្ថែម​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​បន្តទៀត​។​

​    ​ជាមួយនឹង​គ្រាប់​បាល់​ចំនួន ១០​គ្រាប់​ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ដែល​គាត់​អាច​ស្វែង​រកបាន​ក្នុង​រដូវ​កាល​នេះ Ronaldo បច្ចុប្បន្ន​បាន​ឈរ​នៅលើ​កំពូល​តារា​ជា​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ ហើយ Perez ពិត​ជាមាន​សេចក្តី​រីករាយ​ដែល​បាន​ចងជើង​គាត់​ជាប់​រហូតដល់​ឆ្នាំ ២០២១​។​

​    ​Perez បាន​បញ្ជាក់ថា "Cristiano គឺ​ពិតជា​ពិសេស​។ ស្ថិតិ​របស់គាត់​ពិតជា​មិនធម្មតា​។ យើង​ពិត​ជាមាន​សេចក្តី​រីករាយ​ជាមួយនឹង​ស្ថិតិ​មិនធម្មតា​របស់គាត់​។ គាត់​បាន​ផ្តល់ជូន​ពួកយើង​ច្រើនជាង​អ្វីដែល​យើង​បានផ្តល់​ទៅឱ្យ​គាត់​។ យើង​បាន​បន្ត​កុងត្រា​របស់គាត់​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​បន្ថែមទៀត ហើយ​យើង​ពិត​ជាមាន​មោទនភាព​ដែល​សម្រេច​វា​បាន​"៕

Real madrids portuguese forward cristia adverise with khmeread