លួច​ប៉ះចំ​មាស​កាឡៃ​...,​ប៉ូលិស​វ៉ៃខ្នោះ​បាន ​៣​ នាក់​

    កណ្តាល ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នា​ថ្ងៃទី០២​ ​ធ្នូ​ ឆ្នាំ​២០១៦ ​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​គ្រឿងអលង្ការ​កាឡៃ​កាលពី​យប់​ថ្ងៃទី៣០ ​ខែវិច្ឆិកា ឆ្នាំ២០១៦ ​កន្លងទៅនេះ​នៅ​ចំណុច​តូប​លក់​គ្រឿងអលង្កា​កាឡៃ របស់​ឈ្មោះ អ៊ី លាង​ហ៊​ង និង​តូប​លក់​សំលៀកបំពាក់​របស់​ឈ្មោះ លឹម ណាវី ក្នុងភូមិ​កោះទៀវ​ "​ក​" ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ចំនួន ០២ ​នាក់ គឺ​១-​ឈ្មោះ អ៊ី លាង​ហ៊​ង ភេទ​ស្រី អាយុ៤៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ កោះទៀវ ​"​ក​" ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​ មុខរបរលក់ដូរ និង​២-​ឈ្មោះ ឡឹប វៃ ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ក្បាល​កោះទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​ មុខរបរគ្រូបង្រៀន។​

    ចំណែក​ជនសង្ស័យ ចំនួន ០៣ នាក់ គឺ​១-​ឈ្មោះ ម៉ន ឌុល ភេទ​ប្រុស អាយុ២៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​ មុខរបរ មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​), ២-​ឈ្មោះ ម៉ន សុខា ភេទ​ស្រី អាយុ៣១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយគ្នា មុខរបរ កសិករ ​(​ឃាត់ខ្លួន​) ​និង៣-​ឈ្មោះ សាន់ សុខ​ជា ភេទ​ប្រុស អាយុ២៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយគ្នា មុខរបរ ជាង​បិទ​ស្គុ​ត​ម៉ូតូ​(​ឃាត់ខ្លួន​)​។​

    សម្ភារៈ​វត្ថុតាង​ចាប់យក៖ ១-​មេសោ​ដែលមាន​ស្នាម​របូត​ទំ​ពក់​ចេញ​ចំនួន ០៣,​ ២-​រណា​អារ​ដែក​ចំនួន ០១, ៣-​ដែកកេះ​ចំនួន ០១, ៤-​គ្រឿង​អ​ល័​ង្កា​កាឡៃ​ (​លោហៈធាតុ​ពណ៌​លឿង លោហៈធាតុ​ពណ៌​ស​) មាន​នាឡិកា ខ្សែក ខ្សែដៃ មួយចំនួនធំ សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជាង ២.០០០.០០០៛ (​ពីរលាន​រៀល​) ​និង ៥-​កាបូបស្ពាយ​ក្មេងប្រុស ចំនួន ០១។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ទាំងពីរ​នាក់​ខាងលើ ជា​អ្នកលក់ដូរ​នៅក្នុង​ផ្សារ​កោះទៀវ ក្បែរ​គ្នា​ជា​យូរ​មកហើយ ពុំ​ធ្លាប់មាន​បាត់បង់​ទ្រព្យសម្បត្តិ​អ្វី​ទេ។ ពួកគេ​តែងតែ​បើក​តូប​លក់ដូរ​រៀង រាល់​ព្រឹក ​លុះ​ល្ងាច​ឡើង​ក៏​ចាក់សោ​ទ្វារ​បិទតូប​លក់ ហើយ​ទៅ​សម្រាក​នៅឯ​ផ្ទះ​ដោយ​គ្មាន​អ្នកណាម្នាក់​នៅចាំ​តូប​លក់​នោះទេ។​

    លុះ​នៅ​ព្រឹក​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ០៦ ជនរងគ្រោះ​ទាំងពីរ​នាក់​បានមក​បើក​តូប​លក់ដូរ​របស់​ពួកគេ​រៀងៗ​ខ្លួន​ដូច​សព្វដង​។ ពេលនោះ​ស្រាប់តែ​ឈ្មោះ អ៊ី លាង​ហ៊​ង បានឃើញ​សោ​ទ្វារ​តូប​របស់ខ្លួន​ត្រូវបាន​គេ​កាត់​របូត​ទំ​ពក់​ចេញ ហើយ​ខ្លួន​បាន​ចូល​ពិនិត្យ​ក្នុង​តូប​ឃើញថា បាន​បាត់​គ្រឿងអលង្ការ​កាឡៃ មួយចំនួនធំ។​

    ចំណែក​ឈ្មោះ ឡឹប វៃ ក៏​ដូចគ្នា​អ៊ីចឹង​ដែរ តែ​ខ្លួន​បាត់​តែ​ខោ​ទ្រនាប់​បុរស​ចំនួន ០៨ និង​កាបូបស្ពាយ​ចំនួន ០១ ​ប៉ុណ្ណោះ។​ ក្រោយមក​ជនរងគ្រោះ​ទាំងពីរ​នាក់​ក៏​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្ដិ៍​សំពៅ​ពូន​តែម្ដង​។​

    ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​ជំនាញ​ស្រុក សហការ​ជាមួយ​ប៉ូលិស​ប៉ុស្ដិ៍​សំពៅ​ពូន បានធ្វើ​ការអង្កេត​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​សង្ស័យ​យ៉ាង​យកចិត្តទុកដាក់ ។​

    លុះ​នៅ​ព្រឹក​ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង ០៨ ឈ្មោះ ម៉ន សុខា បាន​យក​លោហៈធាតុ​ពណ៌​ស​ (​ខ្សែក ខ្សែដៃ) ​ទៅ​លក់​នៅឯ​ផ្សារ​កោះធំ ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ពេលនោះ​ម្ចាស់ផ្ទះ​លក់​គ្រឿងអលង្ការ​មានការ​សង្ស័យ ក៏​រាយការណ៍​មក​សមត្ថកិច្ច​តែម្ដង ។​ភ្លាមនោះ​សមត្ថកិច្ច​បាន​ទៅ​ហៅ​ឈ្មោះ ម៉ន សុខា មក​សួរនាំ​។​

    ក្រោយពី​ការសាកសួរ​ឈ្មោះ ម៉ន សុខា បាន​ឆ្លើយថា គ្រឿងអលង្ការ ​(​លោហៈធាតុ​ពណ៌​ស​)​ នោះ​ជា​របស់​ឈ្មោះ សាន់ សុខ​ជា ឱ្យ​ខ្លួន​យកទៅលក់​។ ​សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​បន្ត​រហូត​ឃាត់ខ្លួន​ឈ្មោះ សាន់ សុខ​ជា ភេទ​ប្រុស និង​ឈ្មោះ ម៉ន ឌុល នៅពេល​ជាមួយគ្នា។​

    ភ្លាមនោះ​ជនសង្ស័យ ម៉ន ឌុល និង សាន់ សុខ​ជា បាន​សារភាពថា គ្រឿងអលង្ការ (​លោហៈធាតុ​ពណ៌​ស​)​ នោះ​ជា​របស់ខ្លួន​ (​សាន់ សុខ​ជា​) បាន​ពី​ ម៉ន ឌុល យកទៅឱ្យ​ឈ្មោះ ម៉ន សុខា ទៅ​លក់​ប្រាកដ​មែន​។​

    ជនសង្ស័យ សាន់ សុខ​ជា និង ម៉ន ឌុល បាន​សារភាព​ទៀតថា មាន​គ្រឿងអលង្ការ​កាឡៃ មួយ​កាបូបស្ពាយ​ទៀត​ដែល​ពួកគេ​យកទៅ​លាក់ទុក​នៅឯ​ផ្ទះ សាន់ សុខ​ជា រួច​ពួកគេ​បាន​នាំ​សមត្ថកិច្ច​ទៅ​ចង្អុលបង្ហាញ​នៅ​កន្លែង​ដែល​ពួកគេ​លាក់ទុក​នោះ​តែម្ដង។​

    សមត្ថកិច្ច​បាន​ដកហូតយក​គ្រឿងអលង្ការ​កាឡៃ​ចំនួន មួយ​កាបូបស្ពាយ​នោះ និង​នាំខ្លួន​ជនសង្ស័យ​មកកាន់​អធិការដ្ឋាន​ស្រុក​កោះធំ។ ក្រោយមក​បាន​ហៅ​ជនរងគ្រោះ​ទាំងពីរ​នាក់ មក​ពិនិត្យមើល​គ្រឿងអលង្ការ​ទាំងនោះ។​ ​បន្ទាប់ពី​បាន​ពិនិត្យ​រួច​ជនរងគ្រោះ អ៊ី លាង​ហ៊​ង បាន​ទទួលស្គាល់ថា គ្រឿង អលង្ការ​កាឡៃ ទាំងនោះ​គឺ​ពិតជា​របស់ខ្លួន​ដែល​បាន​បាត់ ពិតប្រាកដ​មែន។ ​ចំណែក​ជនរងគ្រោះ ឡឹប វៃ បាន​ទទួលស្គាល់ថា កាបូប ស្ពាយ​ដែល​ដាក់​គ្រឿងអលង្ការ​កាឡៃ​នោះ គឺ​ពិតជា​របស់ខ្លួន​បាន​បាត់​ប្រាកដ​មែន​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៣ នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​សាកសួរ ចាត់ការ​តាម​នីតិវិធី​៕


 

Image2
adverise with khmeread