អ្នក​ដែល​ដេក​យល់សប្តិ​ច្រើន ប្រយ័ត្ន​បែក​កែវ​ទឹកដោះគោ​ដូច​បុរស​ក្រខ្សត់​ម្នាក់នេះ​!

    ​អស់​ជាច្រើន​ឆ្នាំ​មកហើយ មាន​បុរស​ម្នាក់​ខ្ជិល​នុះ​ខ្ជិល ហើយ​ថែមទាំង​ក្រខ្សត់​ខ្លាំង​ថែមទៀត​។ គាត់​មិនដែល​ប្រឹង​ធ្វើការ​ទេ តែ​ធ្លាប់​សុបិន​ចង់​ក្លាយជា​អ្នក​មាននៅ​ថ្ងៃ​ណាមួយ​។ គាត់​មាន​អាហារ​ហូបចុក​ដោយសារ​លើកដៃ​សំពះ​សុំទាន​គេ​។ នៅ​ព្រឹក​មួយ គាត់​បាន​ទឹកដោះ​គោមួយ​កែវ​ធំ​ពី​ការ​សុំទាន​។ គាត់​សប្បាយចិត្ត​ឥតឧបមា ហើយ​ត្រឡប់មកផ្ទះ​វិញ​ទាំង​មុខរីក​ដូច​គ្រាប់​ជីរ​ជាមួយ​កែវ​ទឹកដោះគោ​នោះ​។ គាត់​បាន​ដាំ​ទឹកដោះគោ រួច​ផឹក​ខ្លះ និង​ទុក​ខ្លះ​នៅក្នុង​កែវ​។ គាត់​បាន​ចាក់​ទឹកដោះគោ​ខាប់​ខ្លះ ចូលទៅ​ទឹកដោះគោ​ស្រស់​ដែល​សុំ​គេ​បាន ដើម្បីឱ្យ​កើន​ទឹកដោះគោ​ខាប់​សម្រាប់​ទទួលទាន​ប​ន្ថែ​ម​បានយូរ​ថ្ងៃ​។ បន្ទាប់មក បុរស​នោះ​ក៏​បោស​កន្ទេល រួច​ដេក​បន្ត​ទាំង​ថ្ងៃ​។ 

​     មិនបាន​ប៉ុន្មាន​ផង​គាត់​ចាប់ផ្តើម​ដេក​យល់សប្តិ​ឃើញ​កែវ​ទឹកដោះគោ​ខាប់​ដ៏​ធំ​មួយ​។ គាត់​យល់សប្តិ​ឃើញ​គាត់​ខ្លួនឯង​កំពុង​សន្ម​ត់​ថា ប្រសិនបើ​គាត់​អាច​ក្លាយជា​អ្នកមាន នោះ​ការលំបាក​ទាំង​អំបាលម៉ាន​របស់គាត់​នឹង​រលាយ​សាបសូន្យ​។ បន្ទាប់មក​គាត់​ស្រមៃ​ក្នុង​យល់សប្តិ​នោះ​ទៀតថា គាត់​នឹង​ច្នៃ​ទឹកដោះគោ​ខាប់​នោះ​ទៅ​បឺ​រ ហើយ​ប្រែ​បឺ​រ​ទៅជា​ប្រេង​បឺ​រ​។ បន្ទាប់មក​យក​វា​ទៅ​លក់បាន​លុយ​។ ពេល​បាន​លុយ​នឹង​ទិញ​មេមាន់​។ ពេល​មេមាន់​ពង នោះ​នឹង​បានកូន​មាន់​ជាច្រើន​។ ពេល​កូន​មាន់​ទាំងនោះ​ធំ វា​នឹង​ពង​បាន​រាប់រយ​ថែមទៀត​។ 

​    ​ហើយ​គាត់​បាន​និយាយ​ក្នុង​សុបិន​នោះ​ថា "​ខ្ញុំ​នឹង​បើក​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​ដោយ​ខ្លួនឯង​។ ខ្ញុំ​នឹង​លក់​មាន់​មួយចំនួនធំ រួច​ទិញ​គោ ហើយ​បើក​សិប្បកម្ម​ច្នៃ​ផលិតផល​ទឹកដោះគោ​។ មនុស្ស​ក្នុង​ទីក្រុង​នឹង​ទិញ​ផលិតផល​ទឹកដោះគោ​របស់ខ្ញុំ​។ ខ្ញុំ​នឹង​ក្លាយជា​អ្នកមាន ហើយ​ខ្ញុំ​នឹង​អាច​រៀបការ​ជាមួយ​នារី​ដ៏​ស្រស់ស្អាត​មកពី​គ្រួសារ​អ្នកមាន​។ មិនយូរ​មិនឆាប់ ខ្ញុំ​នឹងមាន​កូនប្រុស​សង្ហា​។ ហើយ​បើ​វា​ធ្វើ​ខុស​ខ្ញុំ​នឹង​ប្រដៅ​វា​។ ខ្ញុំ​នឹង​វាយ​វា​នឹង​រំពាត់​ដ៏​ធំ​"​។ 

​    ​អំឡុងពេល​កំពុង​យល់សប្តិ គាត់​បាន​ចាប់​រំពាត់​ក្បាល​គ្រែ​ដេក​របស់គាត់​ក្នុង​ដៃ​មែនទែន រួច​វាយ​ខ្ទេច​កែវ​ទឹកដោះគោ ដែល​ខំ​សុំទាន​គេ​ទម្រាំ​តែ​បាន​។ ហើយ​ក្តី​សុបិន​ក៏​រលាយ​ត្រឹម​បែក​កែវ​ទឹក​គោ​នោះ​ទៅ​។ 

​    ​* គ្មានអ្វី​អាច​ជំនួស​ការប្រឹងប្រែង​នោះទេ​។ ក្តី​សុបិន​មិនអាច​បំពេញបាន​នោះឡើយ បើ​គ្មាន​ការប្រឹងប្រែង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត