ភ្នំពេញ ៖ ជនសង្ស័យ ២ នាក់ត្រូវបានប៉ូលិសបង្ក្រាបជាក់សែ្តងក្នុងករណីធ្វើឱ្យខូចខាតដោយចេតនា ដោយយកទុយោជ័របុកពិដានម្នាងសិលាបណ្ដាលឱ្យធ្លុះធ្លាយនៅថៃ្ងទី២ ធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១០ យប់នៅចំណុចផ្ទះកំពុងសាងសង់លេខ គ្មានផ្លូវលេខ៩៣ ក្រុមទី១៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ប៉ូលិសនិយាយថា ដំបូងកម្លាំងល្បាតខណ្ឌ និងកម្លាំងប៉ូលិសប៉ុសិ៍្តសហកាជាមួយប្រជាការពារបានឃាត់ជនសង្ស័យចំនួន ២ នាក់គឺ១-ឈ្មោះ អន ចាន់ថល ហៅ វាសនា ភេទប្រុស អាយុ៣០ឆាំ្ន ខែ្មរ ស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរជាងពិដាន (ម្នាងសិលា) និង២-ឈ្មោះ តុន ភក្តី ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅ ផ្ទះជួល ភូមិត្រពាំងក្លឹង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មុខរបរជាងពិដាន (ម្នាងសិលា)។
ចំណែកជនរងគ្រោះឈ្មោះ ជា ព្រំមុន្នី ហៅអានី ភេទស្រី ស្នាក់នៅផ្ទះសាងសង់ខាងលើ មុខរបរ លក់ដូរ។
ដកហូតវត្តុតាង ទុយោជ័រពណ៌ទឹកសមុទ្រ ១ ដើម មានលេខមុខកាត់៨០m.lប្រវែង៤ម៉ែត។
ប៉ូលិសបន្តថា ក្នុងអំឡុងខែមេសា ឆាំ្ន២០១៦ ជនរងគ្រោះបានសាងសង់ផ្ទះនៅចំណុចខាងលើដោយបានម៉ៅផ្ទះទៅឱ្យមេជាងជាទឹកប្រាក់១ម៉ឺនដុលា្លរ ដោយបើកលុយហើយជនរងគ្រោះចាំតែឡើងនៅតែម្តង។ បន្ទាប់មកមេការបានរត់ចោលដោយមិនបានឱ្យថៃ្លធើ្វពិដានទៅជនសង្ស័យទាំង២ នាក់នេះឡើយ។
លុះនៅយប់ថៃ្ងទី២ ធ្នូ ២០១៦ វេលាម៉ោង ១០ យប់ជនសង្ស័យទាំងពីរនាក់ខាងលើ បានជិះម៉ូតូឌុបមកផ្ទះសាងសង់ខាងលើ ហើយបានយកទុយោជ័រ ១ ដើមទំហំ 80m.l ប្រវែង ៤ ម៉ែត្រទៅបុកដំបូលពិដានបណ្តោលឱ្យធ្លុះចំនួន ៨ កន្លែងក្នុង ១ កន្លែងធ្លុះទំហំ 80m.l រួចត្រូវបានម្ចាស់ផ្ទះស្រែកឆាឡោផ្អើលដល់កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង។
ក្នុងករណីនេះប៉ូលិសបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើ និងវត្តុតាងទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាមនិតិវិធីច្បាប់៕
