ជំនួប​ធំ​បំផុត​ក្នុង​ពិភព​បាល់ទាត់​: តើ Barcelona ឬ Real Madrid ជា​អ្នកឈ្នះ​ក្នុងជំនួប El Clasico យប់​នេះ​?

    ​ទឹកដី Nou Camp នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​ធំ​បំផុត​របស់​ពិភពលោក ពេលដែល​ក្រុម​កំពូល​តារាង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga គឺ​អធិរាជ​ស Real Madrid នឹងធ្វើ​ដំណើរ​ទៅ​ជួប​មុខ​ក្រុម​អ្នកមាន​បុណ្យ Barcelona នា​យប់​ថ្ងៃ​សៅរ៍​នេះ​។​

​    ​នៅក្នុង​រយៈពេល​ពី​រទ​ស​វត្សរ៍​ចុងក្រោយ​មកនេះ ជំនួប El Clasico ត្រូវបាន​គេ​ចង់ដឹង​ចង់​ឭ​បំផុត​ជាមួយនឹង​ការប្រឈមមុខ​ដាក់គ្នារ​បស់​តារា​ឆ្នើម​ទាំងពីរ​បច្ចុប្បន្ន​របស់​ពិភពលោក Cristiano Ronaldo និង Lionel Messi ។​

​    ​អ្នក​ទាំងពីរ​នឹង​ជួប​មុខ​គ្នា​ម្តងទៀត​នា​រាត្រី​នេះ​។ Messi គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ជំនួប El Clasico ជាមួយនឹង​គ្រាប់​បាល់​ចំនួន ២១​គ្រាប់ ប៉ុន្តែ​គាត់​មិនអាច​ស្វែងរក​គ្រាប់​បាល់​បាន​នោះឡើយ​ក្នុងការ​ប្រកួត​ចុងក្រោយ​របស់ខ្លួន​ក្នុងជំនួប​ជាមួយ Real Madrid ។​

​    ​* លោក Luis Enrique កំពុង​ជួប​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​
​    ​Barcelona បច្ចុប្បន្ន​កំពុងមាន​ទម្រង់​លេង​ដ៏​អន់​មួយ ដោយ​ពួកគេ​អាច​ទទួលបាន​ជ័យជម្នះ​ត្រឹមតែ​ពីរ​ប្រកួត​ប៉ុណ្ណោះ​ពី​ការប្រកួត​ចំនួន​ប្រាំ​លើកចុងក្រោយ​របស់ខ្លួន​។​

​    ​ពួកគេ​កាន់តែ​ដុនដាប​បន្ថែមទៀត ខណៈដែល​ពួកគេ​បានបញ្ចប់​លទ្ធផល​ត្រឹម ១-១ ជាមួយនឹង​ក្លឹប​មកពី​លី​ក​លំដាប់​ទី​ពីរ​អេ​ស្ប៉ា​ញ Segunda Division ក្រុម Hercules ក្នុងជំនួប​ពាន​ក្នុងស្រុក Copa Del Rey កាលពី​យប់​ថ្ងៃ​ពុធ​។​

​    ​ផ្ទុយ​មកវិញ ការបញ្ចេញ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់ Real Madrid នៅតែ​បន្ត ខណៈដែល​ពួកគេ​បាន​ផ្តួល Leonesa មកពី​លី​ក​លំដាប់​ទាប​ក្នុង​លទ្ធផល ៦-១ នៅក្នុង​ការប្រកួតប្រជែង​ដូចគ្នា​មួយ​នេះ​។​

​    ​លទ្ធផល​មួយ​នេះ បាន​ក្លាយទៅជា​ជ័យជម្នះ​ប្រាំ​លើក​ផ្ទួនៗ​សម្រាប់​ក្រុម​របស់លោក Zinedine Zidane និង​បាន​ពង្រីក​នូវ​កំណត់ត្រា​មិនទាន់​ចាញ់​របស់​អធិរាជ​ស​នៅក្នុង​រាល់​ការប្រកួតប្រជែង​ទាំងអស់​ឈានដល់ ៣២​ប្រកួត​។​

​    ​ប្រសិនបើ Barcelona ទទួល​ជ័យជម្នះ​ក្នុង​រាត្រី​នេះ ពួកគេ​នឹង​អាច​តាម​កៀក​គិត​កំពូល​តារាង​ត្រឹមតែ​បី​ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​រង​បរាជ័យ វា​នឹង​ជា​រឿង​ដ៏​យ៉ាប់យ៉ឺន​មួយ​ដែល​យើង​នឹង​ឃើញ​ពួកគេ​ដេញតាម Real Madrid រហូតដល់​ទៅ​ប្រាំបួន​ពិន្ទុ​។​

​    ​*​ព័ត៌មាន​របស់​ក្រុម Barcelona៖ 
​    ​Iniesta ត្រឡប់​មកវិញហើយ​។ ប្រធាន​ក្រុម​ដែលជា​តួអង្គ​ដ៏​សំខាន់​របស់​អ្នកមាន​បុណ្យ Andres Iniesta ទំនង​ដូចជា​នឹង​ចាប់ផ្តើម​ការប្រកួត​ដោយ​អង្គុយ​នៅលើ​កៅអី​បម្រុង ខណៈដែល​គាត់​បានធ្វើការ​ត្រឡប់មកវិញ​ពី​បញ្ហា​របួស​របស់ខ្លួន​វិញ​។​

​    ​Jordi Alba សង្ឃឹម​ផងដែរ​ថា​នឹង​គេច​ផុតពី​បញ្ហា​របួស​ជង្គង់ និង​កជើង ដើម្បី​ចាប់ផ្តើម​នៅឯ​តំបន់​ការពារ​ខាងឆ្វេង​របស់គាត់​វិញ​។​

​    ​*​ព័ត៌មាន​របស់​ក្រុម Real Madrid៖
​    ​Real Madrid នឹងធ្វើ​ដំណើរ​ទៅដោយ​គ្មាន Gareth Bale ដែល​ជួប​បញ្ហា​របួស​ក្នុង​រយៈពេល​វែង​មួយ​ជាមួយនឹង​ការរង​របួស​កជើង​កា​លពី​សប្តាហ៍​មុន​។ Lucas Vazquez ទំនងជា​កីឡាករ​ដ៏​ស័ក្តិសម​តែមួយគត់​ដែល​អាច​ជំនួស​ទីតាំង​របស់គាត់​។​

​    ​Toni Kroos នៅតែ​មិនអាច​ត្រឡប់មកវិញ ដែល​មានន័យថា Luca Modric នឹង​ជា​អ្នកទទួលបន្ទុក​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅក្នុង​តំបន់​បម្រើ​កណ្តាល​។​

​    ​Casemiro ក៏​ត្រូវគេ​រំពឹងថា​នឹង​ត្រឡប់មកវិញ​ផងដែរ​នា​រាត្រី​នេះ​។ ដោយ​កាលពីពេល​ថ្មីៗ​នេះ​បាន​ត្រឡប់​មកពី​បញ្ហា​របួស​វិញ ខ្សែបម្រើ​ការពារ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ ក៏ត្រូវ​បាន​គេ​ដាក់ឱ្យ​ចាប់ផ្តើម​ការប្រកួត​ជាមួយនឹង Leonesa កាលពី​ថ្ងៃ​ពុធ​ផងដែរ​។​

​    ​Raphael Varane រំពឹង​បាន​ចូល​លេង​ច្រើនជាង Pepe នៅ​តំបន់​ការពារ​កណ្តាល​។​

​    ​ទស្សនៈ​របស់ 101greatgoals៖ Barcelona ១-២ Real Madrid

adverise with khmeread