លោក Gary Johnson អតីត​កីឡាករ Chelsea បកអាក្រាត ក្លឹប​តោ​ខៀវ​ថា​បានឱ្យ​លុយ​គាត់ ៥​ម៉ឺន​ផោន​ដើម្បី​បិទបាំង​ករណី​បុរស​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ក្លឹប ចាប់រំលោភ​គាត់​រាប់រយ​ដង​

    ​បន្ទាប់ពី​រយៈពេល ៤០​ឆ្នាំ​នៃ​ការធ្វើ​ទារុណកម្ម លោក Gary Johnson បានបង្ហាញ​ក្តីសង្ឃឹម​ថា គាត់​នឹង​ទទួលបាន​ភាពយុត្តិធម៌​សម្រាប់​ការរំលោភបំពាន​ផ្លូវភេទ ខណៈ​គាត់​នៅ​ជា​កីឡាករ​យុវជន​ម្នាក់​របស់​ក្រុម​តោ​ខៀវ Chelsea​។​

​    ​អតីត​ខ្សែប្រយុទ្ធ អាយុ ៥៧ ឆ្នាំ​រូបនេះ​បាន​និយាយថា គាត់​ត្រូវបាន​រំលោភបំពាន​ផ្លូវភេទ ដោយ​ប្រធាន​គ្រប់គ្រង​យុវជន​លោក Eddie Heath រាប់រយ​លើក​ក្នុង​រយៈពេល​បី​ឆ្នាំ ដែល​គាត់​បាន​និយាយថា គាត់​មិន​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្តឹងតវ៉ា​ជាមួយ​មន្ត្រីប៉ូលិស​ទេ ហើយ​បញ្ជាក់ថា​សមាគម​កីឡាបាល់ទាត់​អាជីព (Professional Footballers Association) ពុំបាន​ឆ្លើយតប​ការ​តេ​ទូរស័ព្ទ​របស់គាត់​ទេ​។​

​    ​គាត់​មាន​អារម្មណ៍​ថា​គ្មាន​ជម្រើស​អ្វី​ក្រៅតែពី​ងាក​ទៅរក​អតីត​ក្លឹប​របស់ខ្លួន​ដើម្បី​ទទួល​ប្រាក់ ៥០.០០០ ផោន​ដើម្បី​បំបិទមាត់​កុំឱ្យ​និយាយ​រឿង​អា​ថ៍កំ​បាំង​មួយ​នេះ​។​

​    ​ឥឡូវ នៅក្នុង​បទសម្ភាសន៍​ក្តៅៗ​មួយ លោក Gary វ័យ ៥៧​ឆ្នាំ បាន​បញ្ចេញ​ភាពក្លាហាន​ដោយ​មិន​បោះបង់​ការស្វែងរក​ភាពយុត្តិធម៌​របស់ខ្លួន​ឡើយ ដើម្បី​ចែកចាយ​បទពិសោធន៍​របស់គាត់​ដើម្បី​គាំទ្រ​ដល់​ជនរងគ្រោះ​ផ្សេងទៀត​នៃ​រឿងអាស្រូវ​រំលោភបំពាន​ផ្លូវភេទ​ក្នុង​ពិភព​បាល់ទាត់​។​

​    ​Gary ដែលជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើស​ដំបូង​របស់ Chelsea ក្នុងអំឡុង​ឆ្នាំ ១៩៧៨ រហូតដល់​ឆ្នាំ ៨១ បាន​និ​យា​ថា​លោក Eddie Heath បានមក​ចែចង់​លោក និង​បំពាន​ផ្លូវភេទ​លោក​នៅ​អាយុ ១៣ ឆ្នាំ​។​

​    ​គាត់​បាន​បញ្ជាក់ថា "​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ខ្មាស់អៀន ខ្ញុំ​ទទួលបាន​អារម្មណ៍​ថា កុមារភាព​របស់ខ្ញុំ​ត្រូវបាន​គេ​យក​ចេញទៅ​ឆ្ងាយ​បាត់ទៅហើយ​។ ខ្ញុំ​បាន​ចំណាយពេល​រស់នៅក្នុង​ជីវិត​យុវវ័យ​ដែល​ពោរពេញ​ដោយ​ភាព​ជ្រួលច្របល់​ក្នុង​ចិត្ត​"​។​

​    ​ហើយ​គាត់​បានបញ្ជាក់​ពី​ការបង់ប្រាក់​មួយចំនួន​ពី​អតីត​ក្លឹប​របស់ខ្លួន​ថា "​ខ្ញុំ​គិតថា ពួកគេ​កំពុង​បង់ប្រាក់​ដល់​ខ្ញុំ​ដើម្បី​បិទមាត់​សម្រាប់​រឿងនេះ​។ ប្រិយមិត្ត​រាប់លាន​នាក់​ជុំវិញ​ពិភពលោក​កំពុង​ទស្សនា Chelsea ។ ពួកគេ​គឺជា​ក្លឹប​ដ៏​ធំ​បំផុត​មួយ និង​ជា​ក្លឹប​ដ៏​មាន​បំផុត​មួយ​ក្នុង​ពិភពលោក​។ រាល់​បណ្តា​ប្រិយមិត្ត​របស់​ពួកគេ​ទាំងអស់​ស័ក្តិសម​នឹង​ដឹង​ពី​ការពិត អំពី​អ្វីដែល​បានកើត​ឡើង​។ ខ្ញុំ​ដឹង​ពួកគេ​ស្នើឱ្យ​ខ្ញុំ​ចុះហត្ថលេខា​លើ​បញ្ជា​បិទមាត់​មួយ ចុះ​មាន​ប៉ុន្មាន​នាក់​ទៀត​ដែល​ដូច​ខ្ញុំ​? ពួកគេ​បានឱ្យ​លុយ​ទៅកាន់​អ្នក​ដទៃទៀត​ដើម្បីឱ្យ​ពួកគេ​បិទមាត់​។ ខ្ញុំ​សង្ឃឹម និង​អធិស្ឋាន​ថា​នឹង​មិនមាន​ក្លឹប​ដទៃទៀត អនុញ្ញាត​បិទបាំង​រឿង​ដូច្នេះ​ឡើយ​។ គ្មាន​នរណាម្នាក់​គួរ​ចៀស​ផុតពី​យុត្តិធម៌​ឡើយ​។ យើង​ត្រូវការ​តម្លាភាព​ទាំងស្រុង​សម្រាប់​ការប្រកួត​ដ៏​ផូរផង់​"៕

ប្រភព៖បរទេស

Untitled 1 adverise with khmeread

មតិយោបល់