ចោរមហាសំណាង! ឡើង​គាស់​បន្ទប់​ជួល​លួចបាន​សម្ភារៈ ចុះមក​វិញ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា​ក្រោយពី​ធ្វើ​សកម្មភាព​ឡើង​គាស់​សោ​បន្ទប់​ចំនួន ​៣ ​បន្ទប់​លួច​យក​សម្ភារៈ​កម្មករ កម្មការិនី​រោងចក្រ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​៣ ភូមិ​ចុង​ថ្នាល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ឈឺ​ន សុផល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក និង​មាន​ស្រុកកំណើត​ភូមិ​គោក​ទ្រា ឃុំ​រមាំង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។ 

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ឡេង សុផល ភេទ​ស្រី មុខរប​កម្មការិនី​រោងចក្រ ស្នាក់នៅ​បន្ទ​ប​ជួល​លេខ​១១ ក្រុម​៦ ភូមិ​ចុង​ថ្នាល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​ភូមិ​កោះ​ក្អែក ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំ​។​

    ប្រជាពលរដ្ឋ​បានឱ្យដឹងថា ដំបូង​ពួកគាត់​បានឃើញ​ជនសង្ស័យ​ឡើងទៅ​ខាងលើ​ជាន់​ទី​បី មួយសន្ទុះ​ក្រោយមក ឃើញ​ចុះ​មកវិញ។​ ពេលនោះ​ពួកគាត់​មានការ​សង្ស័យ​ក៏​ហៅ​ឱ្យ​ឈប់ តែ​ជនសង្ស័យ​មិន​ឈប់ បាន​ព្យាយាម​រត់គេចខ្លួន។ ​ទើប​ពួកគាត់​នាំគ្នា​ដេញតាម​ចាប់បាន​តែម្តង ក្រោយមក​ឆែក​ឃើញ​មាន​ដែក​ចុង​ស្រួច​សម្រាប់​ឆ្កឹះ​សោ​បន្ទប់ និង​ដង្កាប់​២ ទើប​ឃាត់ខ្លួន​យកមក​ប្រគល់ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា​តែម្តង​។​

    ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ឡើង​គាស់​សោ​បន្ទប់​ជួល​ខាងលើ​ពិតមែន ព្រោះ​អត់លុយ​ចាយ​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាត់ការ​តាមផ្លូវ​ច្បាប់៕ 

Unnamed %281%29
adverise with khmeread
Loading ad ...