Samsung1

កូនស្រី​ច្បង​ដែលមាន​ឈ្មោះ​ស្នង​មរតក​ពី​ក្រុមហ៊ុន Samsung លែងលះ​ស្វាមី​ជា​ផ្លូវការ​

​    ​លោកស្រី Lee Boo-jin កូនស្រី​ច្បង​របស់​ប្រធាន​ក្រុមហ៊ុន Samsung Group លោក Lee Kun-hee បានបញ្ចប់​អាពាហ៍ពិពាហ៍ ១៧ ឆ្នាំ​របស់ខ្លួន​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ មករា​។ 

​    ​យោងតាម​ក្រុមមន្ត្រី Samsung តុលាការ​សង្កាត់ Suwon បានសម្រេច​ឱ្យ​ទាយាទ​ស្រី​វ័យ ៤៦ ឆ្នាំ ដែល​ដាក់​ពាក្យបណ្តឹង​លែងលះ​ប្តី​ឈ្មោះ Lim Woo-jae កាលពី​ខែតុលា​ឆ្នាំ ២០១៤ ឈ្នះក្តី​នេះ​។ 

​    ​លោកស្រី Lee ដែល​ដឹកនាំ​សណ្ឋាគារ Hotel Shilla បុត្រ​សម្ព័ន្ធ​របស់ Samsung តាម​ដឹង​លែង​បាន​ឈ្លោះ​គ្នា​ជាមួយ​ស្វាមី​អាយុ ៤៨ ឆ្នាំ​របស់ខ្លួន​ដោយសារ​ហេតុផល​ជាច្រើន​ដែល​គេ​មិន​បញ្ជាក់​។ ទាំង​លោកស្រី Lee និង​លោក Lim ដែល​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ក្រុមហ៊ុន Samsung មិនបាន​ចូលរួម​ក្នុង​កិច្ចដំណើរការ​នីតិវិធី​ផ្លូវច្បាប់​ទេ​។ 

​    ​តុលាការ​ក៏បានផ្តល់​សិទ្ធិ​ឱ្យ​លោកស្រី Lee មើលថែ​កូនប្រុស​អាយុ ៧ ឆ្នាំ​ផងដែរ ខណៈ​លោក Lim អាច​ទៅលេង​បាន​ម្តង​រៀងរាល់ខែ​។  តំណាង​អ្នកច្បាប់​របស់លោក​ស្រី Lee បាន​និយាយថា ការបែងចែក​ទ្រព្យសម្បតិ្ត​ពុំ​ត្រូវបាន​ពិភាក្សា​ទេ​។ 

​    ​ទស្សនា​វ​ដ្តី Forbes ដែល​ជ្រើស​យក​លោកស្រី​ជា​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ទាំង ១០០ របស់​ពិភពលោក​ក្នុង​ឆ្នាំ ២០១៥ បាន​ព្យាករ​ថា​ទ្រព្យសម្បត្តិ​សរុប​របស់​លោកស្រី មាន​ចំនួន​ប្រមាណ ១,៩១ ពាន់​លាន​ដុល្លារ​៕  

ប្រភព៖ អេស៊ាវ័ន

មតិយោបល់