ភ្នំពេញ ៖ យោងតាមរបាយការណ៍ប្រចាំខែរបស់កងអាវុធហត្ថរាជធានីភ្នំពេញគិតពីថ្ងៃដើមសប្ដាហ៍ទី២ វិច្ឆិកាដល់ថ្ងៃទី២ ធ្នូ ឆ្នាំ២០១៦នេះ បានឱ្យដឹងថា កម្លាំងអាវុធហត្ថរាជធានីបង្ក្រាបបទល្មើសគ្រឿងញៀនបាន ១១ លើកឃាត់មនុស្ស ៣៤ នាក់ (ស្រី៥នាក់) ត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ទាំងអស់។
របាយការណ៍បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី០៣ ធ្នូ ថាក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននោះកម្លាំងអាវុធហត្ថដកហូត វត្ថុតាង បានពីជនសង្ស័យរួមមានម្សៅក្រាមពណ៌ស ៦៥ កញ្ចប់ស្មើនឹង ១៩,៩២ ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ២ គ្រឿង, ថ្នាំញៀនគ្រាប់ពណ៌បៃតង២២, ប្រាក់ខ្មែរ២២.៤០០រៀល, ទូរស័ព្ទ១០គ្រឿង និងម៉ូតូ ៦ គ្រឿង (បានប្រគល់ជូនម្ចាស់ដើមវិញ), កញ្ឆា២កញ្ចប់ដាវ២កាំបិត១, ញញូ១, ដែកឆ្កិះសោ១ និងសម្ភារៈជក់មួយចំនួនទៀត។
របាយការណ៍ដដែលបានបន្តថា ការបង្ក្រាបខាងលើនេះបែងចែកជា២ផ្នែកគឺ១-ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ៧ លើកឃាត់ខ្លួន ០៩ នាក់ស្រី ៣ នាក់ និងទី២-ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ៤ លើកឃាត់មនុស្ស ២៥ នាក់ស្រី ២ នាក់។
ក្រោយពីបានសាកសួររួចរាល់ហើយនោះកម្លាំងអាវុធហត្ថការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនរាជធានីបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ៣២ នាក់ទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ និង២នាក់ទៀតបញ្ជូនទៅមជ្ឈមណ្ឌលផ្ដាច់គ្រឿងញៀនបន្ទាយមានជ័យ៕
