Pep Guardiola សុំទោស​ចំពោះ​តួនាទី​របស់ Man City ក្នុងការ​វាយតប់​ជាមួយ​កីឡាករ Chelsea

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ Manchester City លោក Pep Guardiola បានធ្វើ​ការសុំ​អភ័យទោស​សម្រាប់​ជម្លោះ​ដ៏​ធំ​មួយ​របស់​កូនក្រុម​របស់លោក ដែលជា​លទ្ធផល​បានធ្វើឱ្យ Sergio Aguero និង Fernandinho ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត​នៅឯ​ចុងបញ្ចប់​ការប្រកួត​ដែល​ពួកគេ​ទទួល​បរាជ័យ​ក្នុង​លទ្ធផល ៣-១ ក្រោយ​ដៃ​តោ​ខៀវ Chelsea កាលពី​ថ្ងៃ​សៅរ៍​។​

​    ​Chelsea បាន​វាយបក​ទៅលើ​លទ្ធផល​នាំមុខ ១-០ របស់​ក្រុម​ម្ចាស់ផ្ទះ​មេឃ​ខៀវ ដោយបាន​ធានា​នូវ​ជ័យជម្នះ​ប្រាំបី​លើក​ជាប់ៗ​គ្នា ដែល​ធ្វើឱ្យ​ពួកគេ​មាន​បួន​ពិន្ទុ​ឈរ​ដាច់​គេ​នៅលើ​កំពូល​តារាង Premier League ហើយ​ការខកចិត្ត​ដ៏​ខ្លាំង​របស់ City បាន​ឡើងក​ម្តៅ​ខ្លាំង​នៅ​ម៉ោង​បង្គ្រប់​តង់​ទី​ពីរ​។ 

​    ​Aguero ត្រូវបាន​បណ្តេញចេញ​សម្រាប់​ការ​ធាក់​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​ទៅលើ​ខ្សែការពារ​តោ​ខៀវ David Luiz ខណៈដែល​មិត្ត​រួម​ក្រុម​របស់គាត់ Fernandinho ក៏ត្រូវ​បាន​អាជ្ញាកណ្តាល​ដក​កាត​ក្រហម​ជូន​ដូចគ្នា​សម្រាប់​ការប៉ះទង្គិច​ជាមួយនឹង Cesc Fabregas ក្នុង​ជម្លោះ​មួយទៀត​ក្រោយ​ហេតុការណ៍​ធាក់ Luiz​។​

​    ​បន្ទាប់ពី​បញ្ចប់​ការប្រកួត Guardiola បាន​បញ្ជាក់ថា "​វា​គឺជា​រឿង​ដ៏​គួរឱ្យ​អាសូរ​មួយ​ដែល​ការប្រកួត​បានបញ្ចប់​ទៅ​ដូច្នេះ​។ ខ្ញុំ​មិន​ពេញចិត្ត​រឿង​ទាំង​នោះឡើយ ហើយ​ខ្ញុំ​សុំ​អភ័យទោស​សម្រាប់​អ្វីដែល​បានកើត​ឡើង​។ ខ្ញុំ​មិន​គិតថា ការប៉ះទង្គិច​របស់ Aguero គឺជា​ចេតនា​ឡើយ​។ កីឡាករ​ទាំងពីរ​គឺ​ខ្លាំង​ដូចគ្នា​។ គឺ​តែ​ប៉ុន​ហ្នឹងឯង​"​។​

​    ​លោក​បន្តថា "​បន្ទាប់មក Fernandinho បានចេញ​មុខ​ទៅ​ការពារ​មិត្ត​រួម​ក្រុម​របស់គាត់ ដោយសារតែ​អ្វីដែល​គូប្រកួត​បានធ្វើ​ទៅលើ Aguero​។ ពេលដែល Nolito បានធ្វើ​រឿង​នោះ​ក្នុងជំនួប​ជាមួយនឹង Bournemouth វា​គឺជា​កាត​ក្រហម​សម្រាប់​គាត់ និង​ពិន័យ​ផ្អាក​ការប្រកួត​ចំនួន​បី​លើក​។ រឿង​ទាំងនោះ​ហើយ​ដែលជា​អ្វីដែល Fernandinho បានចេញ​មុខ​ទៅ​ការពារ​មិត្ត​រួម​ក្រុម​របស់គាត់​។ គឺ​តែ​ប៉ុន​ហ្នឹងឯង​។​

​    ​"​ខ្ញុំ​មិនបាន​និយាយ​ជាមួយ​គាត់​អំពី​រឿងនេះ​ទេ​។ បើ​វា​នៅលើ​កញ្ចក់​ទូរទស្សន៍ យើង​នឹង​ឃើញថា​រឿង​នោះ​មានដំណើរ​ដើមទង​យ៉ាងម៉េច​"​។ 

​    ​Fernandinho នឹងត្រូវ​ផ្អាក​ការប្រកួត​បី​ប្រកួត ហើយ Aguero នឹង​អាច​ប្រឈមមុខ​នឹង​ការផ្អាក​ចំនួន​បួន​លើក ដោយសារតែ ដោយសារ​គាត់​ត្រូវបាន​បណ្តេញចេញ​ម្តង​រួចមកហើយ​ក្នុង​រដូវ​កាល​នេះ​ចំពោះ​ការប្រព្រឹត្ត​ហិង្សា ដែលជា​កាត​ក្រហម​រំ​ឮ​ក​ឡើងវិញ ដែល​គាត់​ទទួលបាន​សម្រាប់​ការប៉ះទង្គិច​មួយ​ទៅលើ​ខ្សែការពារ​ក្រុម West Ham កីឡាករ Winston Reid កាលពី​ខែសីហា​កន្លងទៅ​៕

 

adverise with khmeread
ប្រភព៖ BBC