ប៉ូលិស​ខណ្ឌឫស្សីកែវ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ​បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​ដ៏​ធំនៅ​សង្កាត់​បឹងទំពុន​​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌឫស្សីកែវ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ​និង​មានការ​សម្របសម្រួល​ពី​លោក ស៊ីន វិ​រៈ ព្រះរាជអាជ្ញារង​អម​សាលា​រាជធានី​ភ្នំពេញ បាន​បើក​កិច្ច​ប្រ​ត្តិ​ប​ត្ត​ការចុះ​បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយកន្លែង​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ ៥ ​នាក់​ដកហូត​បាន​សារធាតុ​ផ្សំ​កែច្នៃ​ជា​គ្រឿងញៀន​មួយចំនួនធំ ​និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត។​

    កិច្ច​ប្រ​ត្តិ​ប​ត្ត​ការ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​២១ ​និង​០០​នាទី​យប់​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះជួល​លេខ​០៩ ផ្លូវ​លេខ​៣PC ក្រុមទី​០១ ភូមិ​ចំរើន​ផល​០១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន ០៥ នាក់ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន  ដែល​រួមមាន ១-​ឈ្មោះ យ៉ុង ចាន់​ហ៊ូ​យ៉ុង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ​យួន​មុខរបរ មិន​ប្រាកដ, ២-​ឈ្មោះ នួន ស្រី​ល័​ក្ខ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ប្រាកដ, ៣-​ឈ្មោះ ដួង លី​លី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ប្រាកដ, ៤-​ឈ្មោះ ម៉ាក់ ស្រី​ពៅ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ប្រាកដ និង៥-​ឈ្មោះ ចាន់ ឆវី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។​

    ប៉ូលិស​បាន​ចាប់យក​វត្ថុតាង ១-​មេ​តា​ណុល​ចំនួន ១៤ ដប, ២-​សារធាតុ​ផ្សំ​និង​កែច្នៃ​សារធាតុ​ញៀន​មួយចំនួន​, ៣-​ក្រាម​ព​ណ៌ស​ថ្លា​ចំនួន ០២ កញ្ចប់​ថង់​ធំ​, ៤-​ថ្នាំពេទ្យ​កែច្នៃ​សារធាតុ​ញៀន​មួយចំនួន, ៥-​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​០១​គ្រឿង​, ៦-​សារធាតុ​ញៀន​ជា​គ្រាប់​ចំនួន​០៣​កញ្ចប់​, ៧-​ឧបករណ៍​សម្រាប់​កែច្នៃ​សារធាតុ​ញៀន​មួយចំនួន, ៨-​ម្សៅ​កែច្នៃ​សារធាតុ​ញៀន​មួយចំនួន​ និង​៩-​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។​

    ចំពោះ​ជនសង្ស័យ និង វត្ថុតាង បានប្រគល់​ឱ្យ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌឫស្សីកែវ យកទៅ​ចាត់​ការបន្ត​តាម​នីតិវិធី ហើយ​ការឆែកឆេរ​បញ្ចប់​នៅវេលា ម៉ោង​១១ ​និង​៣០​នាទី​យប់​នា​ថ្ងៃ​ដដែល៕

1
adverise with khmeread