សាស្ត្រាចារ្យ Stephen Hawking ចេញមក​ព្រមាន​ជាថ្មី​អំពី​ហានិភ័យ​ផុត​ពូជ​មនុស្ស ដោយសារ​ថ្វីដៃ​មនុស្ស​ជា​អ្នកបង្កើត​

    ​យោងតាម​លោក​សាស្ត្រាចារ្យ Stephen Hawking ឱ្យដឹង យើងទាំងអស់គ្នា​កំពុង​រស់នៅ​ក្នុងសម័យ​កាល​ដ៏​គ្រោះថ្នាក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​។​

​    ​លោក​សាស្ត្រាចារ្យ​រូបវិទ្យា​នៅ​សាកលវិទ្យាល័យ Cambridge University រូបនេះ​បាន​រាយ​នាម កំណើនប្រជាជន​ច្រើនពេក បម្រែបម្រួល​អាកាសធាតុ និង​ជំងឺ ជាការ​គំរាមកំហែង​ដែល​ពិភពលោក​កំពុង​ប្រឈម​។​

​    ​គាត់​បាន​និយាយថា យើង​បាន​អភិវឌ្ឍ​បច្ចេកវិជ្ជា ដែល​អាច​បំផ្លាញ​ភពផែនដី ហើយ​យើង​ត្រូវតែ "​បណ្តុះ​ឱ្យមាន​" ពិភពលោក​ថ្មី​មួយ ជា​កន្លែង​ដែល​មនុស្ស​យន្ត​បាន​ជំនួស​ការងារ​ប្រចាំថ្ងៃ​ជាច្រើន​នោះ​។​

​    ​ដោយ​សរសេរ​នៅក្នុង​អត្ថបទ​សារព័ត៌មាន The Guardian លោក​សាស្ត្រាចារ្យ Hawking បាន​ពន្យល់ថា អ្វីដែល​គាត់​ព្រួយបារម្ភ​នោះ​គឺ​អនាគត​របស់​ភពផែនដី​របស់​យើង​។​

​    ​គាត់​បាន​និយាយថា "​សម្រាប់​ខ្ញុំ កត្តា​ពាក់ព័ន្ធ​នោះ​គឺថា ឥឡូវនេះ មនុស្សជាតិ​ត្រូវតែ​ធ្វើការ​ជាមួយគ្នា លើស​ពេលណាៗ​ទាំងអស់​។ យើង​ប្រឈមមុខ​នឹង​បញ្ហា​បរិស្ថាន ការប្រែប្រួល​អាកាសធាតុ ផលិតផល​អាហារ កំណើត​ប្រជាជន ការបំផ្លិចបំផ្លាញ​ពពួកសត្វ​ដទៃ ការរីក​ដាល​នៃ​ជំងឺ និង ការឡើង​កម្រិត​អាស៊ីត​ក្នុង​សមុទ្រ​"​។​

​    ​"​ដោយ​រួមគ្នា​ជា​ធ្លុង​មួយ បញ្ហា​ទាំងនេះ​គឺជា​ការ​រំ​ឮ​កមួយ ដែលថា យើង​កំពុង​ស្ថិតនៅក្នុង​គ្រា​ដ៏​គ្រោះថ្នាក់​បំផុត​នៅក្នុង​ការវិវឌ្ឍ​របស់​មនុស្សជាតិ​។ ឥឡូវ​យើង​មាន​បច្ចេកវិជ្ជា ដែល​អាច​បំផ្លាញ​ភពផែនដី​ដែល​យើង​រស់នៅ ប៉ុន្តែ​មិនទាន់​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​គេចចេញ​ពី​ផែនដី​បាន​នៅឡើយ​ទេ​"​។​

​    ​"​ប្រហែល​ប៉ុន្មាន​រយ​ឆ្នាំ​ទៀត យើង​នឹង​អាចបង្កើត​អាណានិគម​មនុស្ស​នៅ​ភព​ដទៃ​ប៉ុន្តែ​ឥឡូវនេះ​យើង​មានតែ​ភពផែនដី​តែមួយ ហើយ​យើង​ត្រូវតែ​រួមគ្នា​ដើម្បី​ការពារ​វា​"៕

 

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...